ជាតិ
ត្រីមេពូជ កូនត្រី និងវារីសត្វ ១.៥លានក្បាល ត្រូវបានលែងចូលបឹងធម្មជាតិ ក្នុងខេត្តកំពង់ចាម
× កូនត្រី ត្រីមេពូជ និងវារីសត្វ ប្រមាណ ២០ប្រភេទ សរុបប្រមាណ ១.៥លានក្បាល នឹងត្រូវលែងចូល ក្នុងបឹងធំ ស្ថិតនៅក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅក្នុងទិវាមច្ឆជាតិ លើកទី១៩ នៅថ្ងៃទី១ កក្កដានេះ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រភេទត្រី និងវារីសត្វដែលត្រូវបានលែងចូលក្នុងបឹងធម្មជាតិនោះមានដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក និងកន្ធាយជាដើម។
ទិវាមច្ឆជាតិ ត្រូវបានប្រារព្ធឡើង ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។ លោក ឌិត ទីណា បន្ថែមដូច្នេះ នៅក្នុងសុន្ទរកថាខ្លីរបស់ខ្លួន ក្នុងទិវា ទិវាមច្ឆជាតិនេះ។
បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជ ក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com