ជាតិ
សង្គមជាតិ
យុវជន ហេង ច័ន្ទបញ្ញា ច្នៃសំរាមប្លាស្ទិកជាសម្លៀកបំពាក់ ដើម្បីបញ្ជ្រាបការយល់ដឹងពីបរិស្ថាន ![](https://image.thmeythmey.com/pictures/2024/07/01/front_credit.jpg)
×![]()
ភ្នំពេញ៖ យុវជន ហេង ច័ន្ទបញ្ញា ជាសិស្សថ្នាក់ទី១១នៃសាលាជំនាន់ថ្មី វិទ្យាល័យព្រែកលៀប បានយកសំរាមប្លាស្ទិក ច្នៃជាម៉ូតសម្លៀកបំពាក់យ៉ាងទាក់ទាញ ដាក់តាំងបង្ហាញក្នុងពិព័រណ៍ស្នាដៃសិស្ស កាលពីថ្ងៃទី២៩ មិថុនា ដែលរៀបចំឡើងក្នុងបរិវេណវិទ្យាល័យព្រែកលៀប។ យុវសិស្សរូបនេះ យកប្លាស្ទិកច្នៃជាសម្លៀកបំពាក់ ដើម្បីបញ្ជ្រាបការយល់ពីបរិស្ថានដល់យុវសិស្សដទៃទៀត និងលទ្ធភាពនៃការកែច្នៃឡើងវិញផងដែរ។
យុវជន ហេង ច័ន្ទបញ្ញា ជាមួយមិត្តភក្ដិមួយក្រុម បានយកសំរាមប្លាស្ទិក មានដូចជាទុយោ ថង់ បាវ ស្នោ ទៅច្នៃជាម៉ូតសម្លៀកបំពាក់យ៉ាងទាក់ទាញ ដាក់តាំងបង្ហាញក្នុងពិព័រណ៍ស្នាដៃសិស្ស។ រយៈពេល៦ខែមកនេះ បញ្ញា ច្នៃម៉ូតសម្លៀកបំពាក់ពីប្លាស្ទិកបានចំនួន១០ឈុតប្លែកៗពីគ្នា ដោយដេរភ្ជាប់ជាក្រណាត់ចាស់ៗផងដែរ។
យុវសិស្ស ច័ន្ទបញ្ញា យល់ថា ពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ នៃសាលាជំនាន់ថ្មី ជាឱកាសដ៏សម្រាប់គេអាចបង្ហាញស្នាដៃ គំនិតច្នៃប្រឌិត ដល់សិស្សានុសិស្សជាច្រើន ពិសេសបង្ហាញការច្នៃសំរាមប្លាស្ទិកឱ្យទៅជារបស់ប្រើប្រាស់ឡើងវិញផងដែរ។ សិស្សថ្នាក់ទី១១រូបនេះ ក៏ចង់ឱ្យយុវជនយល់ពីបញ្ហាបរិស្ថាន ពិសេសផលប៉ះពាល់នៃសំរាមប្លាស្ទិក ហើយចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមលទ្ធភាពអាចធ្វើបាន។
![](https://image.thmeythmey.com/pictures/2024/07/01/c1.jpg)
យុវជន ហេង ច័ន្ទបញ្ញា ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖ «ខ្ញុំយកសំរាមមកធ្វើសម្លៀក បំពាក់ ដោយសារខ្ញុំចង់បង្ហាញមួយផ្នែកតូចដល់សិស្សផ្សេងឱ្យឃើញពីការប្រើប្រាស់ច្រើន គឺធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយអ៊ីចឹងខ្ញុំក៏ចង់យកប្លាស្ទិកមកច្នៃឡើងធ្វើសម្លៀកបំពាក់ យ៉ាងហោចណាស់ប្រសើរជាងគ្រាន់តែប្រើម្ដងហើយចោល»។ ទោះបីមិនទាន់ល្អឥតខ្ចោះ តែយុវសិស្សថ្នាក់ទី១១រូបនេះ ពេញចិត្តចំពោះសមិទ្ធិផលរបស់ខ្លួន ហើយប្ដេជ្ញាខំប្រឹងបន្ថែម ដើម្បីក្លាយជាអ្នកច្នៃម៉ូតដ៏ពូកែម្នាក់នៅថ្ងៃអនាគត៕
![](https://image.thmeythmey.com/pictures/2024/07/01/c2.jpg)
![](https://image.thmeythmey.com/pictures/2024/07/01/c3.jpg)
Tag:
សំរាមប្លាស្ទិក
ពិព័រណ៍ស្នាដៃសិស្ស
សាលាជំនាន់ថ្មីវិទ្យាល័យព្រែកលៀប
© រក្សាសិទ្ធិដោយ thmeythmey.com