ជាតិ
បញ្ហាក្មេង​ទំនើង​ គ្រឿងញៀន ល្បែងស៊ីសង​...​រង់ចាំអភិបាល​ខេត្ត​តាកែវថ្មីដោះស្រាយ
02, Jul 2024 , 10:59 am        
រូបភាព
លោក ស សុខា រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ ប្រគល់ត្រាទៅលោក វ៉ី សំណាង អភិបាលខេត្ត​តាកែវថ្មី។ រូបភាព​នគរបាលជាតិ។
លោក ស សុខា រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ ប្រគល់ត្រាទៅលោក វ៉ី សំណាង អភិបាលខេត្ត​តាកែវថ្មី។ រូបភាព​នគរបាលជាតិ។
លោក វ៉ី សំណាង បានចូលកាន់តំណែងជាអភិបាលខេត្តតាកែវជាផ្លូវការ នារសៀលថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០២៤។ ផ្ទេរពីកំពង់ស្ពឺ លោក វ៉ី សំណាង ត្រូវបានលោក ស សុខា ឧប​នា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្ក្រាបបទល្មើសគ្រឿងញៀន​ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបញ្ហា​ក្មេងទំនើង។

 
នៅក្នុងពិធី​ចូលកាន់តំណែងផ្លូវការ ឧប​នា​យក​រដ្ឋមន្ត្រី ស សុខា ក៏បានប្រាប់ឱ្យ​​អភិបាល​ខេត្តតាកែវថ្មី លោក វ៉ី សំណាង បន្តអនុវត្តន៍​ឱ្យម៉ឹងម៉ាត់ គោល​នយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ការ​គ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន អភិវឌ្ឍន៍​សេដ្ឋកិច្ចមូលដ្ឋាន ​ការពង្រឹងការផ្តល់សេវាសាធារណៈ និង​ពង្រឹង​ការដោះស្រាយបញ្ហា​ប្រឈមនៅមូលដ្ឋាន។
 
ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈវិញ លោក ស សុខា ប្រាប់អភិបាលខេត្តតាកែវថ្មី ឱ្យ​ពង្រឹង​សមត្ថភាព​មន្រ្តី​ឱ្យផ្តល់សេវាឱ្យបំពេញការងារប្រកបប្រសិទ្ធភាព ទទួលខុសត្រូវ និង​មានក្រម​សីលធម៌ វិជ្ជាជីវៈ ។
តាមរយៈ​ការ​ណែ​នាំ​ លោក វ៉ី សំណាង អភិបាល​ខេត្តតាកែវថ្មី ក៏​បានប្ដេជ្ញាចិត្ត​ជំរុញ​ការ​ផ្តល់​សេវាសាធារណៈឱ្យមានប្រសិទ្ធភាព និងអនុ​វត្ត​គោលនយោបាយភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព។ អភិបាល​ខេត្ត​តាកែវ​ថ្មីរូបនេះ  បន្ត​ប្តេជ្ញាប្រយុទ្ធប្រឆាំងគ្រឿងញៀន កាត់​បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ និកៀរគរអ្នកវិនិយោគអភិវឌ្ឍន៍ខេត្ត ឱ្យ​មាន​ភាព​រីក​ចម្រើន។
 
សូម​បញ្ជាក់ថា លោក អ៊ូច ភា អតី​ត​អភិបាលខេត្ត​តាកែវ ត្រូវ​បាន​ព្រះ​មហាក្សត្រ​តែង​តាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​កាល​ពីថ្ងៃទី​២៤ មិថុនា​ផងដែរ៕
 

Tag:
 តាកែវ
  ស សុខា
  ​វ៉ី សំណាង​
  ក្មេង​ទំនើង​
© រក្សាសិទ្ធិដោយ thmeythmey.com