កីឡាជាតិ
ជាតិ
លោក អ៊ុំ ប៊ុនរ៉េត ជិះម៉ូតូឆ្លងទ្វីប ផ្សព្វផ្សាយពីកម្ពុជា និងរកថវិកាជួយពេទ្យគន្ធបុប្ផា ![លោក អ៊ុំ ប៊ុនរ៉េត រូបពីហ្វេសប៊ុក Oum Bunreth](https://image.thmeythmey.com/pictures/2024/07/02/2720241139a.jpg)
លោក អ៊ុំ ប៊ុនរ៉េត រូបពីហ្វេសប៊ុក Oum Bunreth
×![]()
លោក អ៊ុំ ប៊ុនរ៉េត អគ្គលេខាធិការរងសហព័ន្ធកីឡាយានយន្ដកម្ពុជា នឹងជិះម៉ូតូផ្សងព្រេង តែម្នាក់ឯងឆ្លងកាត់ ២២ប្រទេសនៅទ្វីបអឺរ៉ុប ដើម្បីផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក និងស្វែងរកថិវកាសប្បុរសធម៌ ជួយមន្ទីរពេទ្យគន្ធបុប្ផា។
ដំណើរជិះម៉ូតូផ្សងព្រេងរបស់ លោក អ៊ុំ ប៊ុនរ៉េត ត្រូវធ្វើដំណើរតាមជើងយន្ដហោះ ទៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី២ ខែកក្កដា មុនត្រឡប់មកកម្ពុជា ដោយជិះម៉ូតូ ចាប់ផ្ដើមពីថ្ងៃទី៥ ខែកក្កដា។ ក្នុងដំណើរបេសកកម្មនេះ លោក អ៊ុំ ប៊ុនរ៉េត អាចប្រើពេល ៤ខែ ដើម្បីមកដល់ទឹកដីកម្ពុជាវិញ ដោយត្រូវឆ្លងកាត់២២ប្រទេស។
អ្នកជិះម៉ូតូវ័យ ៤៤ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ការធ្វើដំណើរផ្សងព្រេងនេះ គឺដើម្បីរៃថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលមានតម្រូវការចំណាយជាច្រើន រៀងរាល់ឆ្នាំ ដើម្បីសង្គ្រោះកុមារកម្ពុជា។ លោក អ៊ុំ ប៊ុនរ៉េត ចង់ក្លាយជាចំណែកជួយដល់មន្ទីរពេទ្យ ហើយក៏ចង់ឱ្យមានយុទ្ធនារៃអង្គាសថវិកាជួយដល់កុមារនេះ មានសកម្មភាពរស់រវើក។
លោក អ៊ុំ ប៊ុនរ៉េត បញ្ជាក់បន្ថែម៖ «យើងដឹងស្រាប់ហើយមន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកា ដើម្បីផ្គត់ផ្គង់មន្ទីរពេទ្យ៥កន្លែង នៅក្នុងស្រុកខ្មែរ។ ដូចអ្វីដែលកម្ពុជាធ្លាប់ធ្វើ យុទ្ធនាការ១ម៉ឺនរៀល ហើយមានអ្នកចូលរួមច្រើនទៀត។ ហើយពេលចប់យុទ្ធនាការនេះ ក៏ស្ងាត់ទៅ។ អ៊ីចឹងហើយ មូលនិធិគន្ធបុប្ផា ត្រូវមានសកម្មភាពរហូត ដូចជាទាត់បាល់សប្បុរសធម៌ និងកម្មវិធីនានា ដើម្បីរកថវិកាទាំងអស់នេះ មកទ្រទ្រង់ស្ថានភាពចំណាយរបស់មន្ទីរពេទ្យគន្ធបុប្ផា។ ដូច្នេះ ខ្ញុំចង់ចូលរួមចំណែកមួយ។»។
ក្រៅពីដើម្បីរៃអង្គាសថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ផាហើយនោះ អគ្គលេខាធិការរងសហព័ន្ធកីឡាយានយន្ដកម្ពុជា បញ្ជាក់ថាដំណើរផ្សងព្រេងរបស់ខ្លួន ក៏ជាឱកាសឱ្យលោកផ្សព្វផ្សាយពីកម្ពុជាផង។ នៅពេលយើងជិះដល់តំបន់ណា យើងឈប់ យើងថត យើងជជែកជាមួយគេ ដែលនាំឲ្យគេស្គាល់ខ្មែរ។ ទាំងនេះហើយ ជាការផ្សព្វផ្សាយពីខ្មែរ។ យើងផ្សព្វផ្សាយពីស្ថានភាព ស្ថិរភាពនយោបាយរបស់ខ្មែរយើង ឲ្យគេបានដឹង។»។ លោក អ៊ុំ ប៊ុនរ៉េត បានប្រាប់ដូច្នេះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៦ ខែមិថុនា លោក ទីវ តារារិទ្ធ បានជិះកង់ពីកម្ពុជា ទៅទ្វីបអឺរ៉ុប ដើម្បីរៃថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ ចំណែក លោក អ៊ុំ ប៊ុនរ៉េត គឺជាបុរសទី២ ដែលនឹងត្រូវធ្វើដំណើរផ្សងព្រេង តាមរយៈការជិះម៉ូតូពីអឺរ៉ុបមកកម្ពុជា ដើម្បីរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៕
Tag:
អ៊ុំ ប៊ុនរ៉េត
សប្បុរសធម៌
ជិះម៉ូតូ
© រក្សាសិទ្ធិដោយ thmeythmey.com