RFI
អន្តរជាតិ
Thales ក្រុមហ៊ុន​បារាំង​ផលិត​អាវុធ ​ជាប់​សង្ស័យ​រឿង​ពុករលួយច្រើនករណី​ នៅប្រទេស​ជាច្រើន
02, Jul 2024 , 8:29 am        
រូបភាព
Theles ក្រុមហ៊ុនបារាំងផលិតអាវុធ ជាប់សង្ស័យរឿងពុករលួយច្រើនករណី នៅប្រទេសជាច្រើន។ REUTERS
Theles ក្រុមហ៊ុនបារាំងផលិតអាវុធ ជាប់សង្ស័យរឿងពុករលួយច្រើនករណី នៅប្រទេសជាច្រើន។ REUTERS
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
 
​តាឡែស (Thales) ក្រុមហ៊ុនបារាំងផលិតសព្វាវុធ​ ដ៏ល្បី​លំដាប់​ពិភពលោក នៅគ្រានេះ កំពុងតែ​រងក្តី​សង្ស័យ​ក្នុង​សំណុំរឿង​ពុករលួយ​សូកប៉ាន់​។ អាជ្ញាធរ​​​បារាំង ហូឡង់ និង​អេស្ប៉ាញ បាន​បើក​នីតិវិធី​ឆែកឆេរ​ នៅសាខា​ក្រុមហ៊ុន​តាឡែស ជាបន្តបន្ទាប់​។ អ្នក​តំណាងក្រុមហ៊ុន​បច្ចេកវិទ្យា​សព្វាវុធ​នេះ ​បញ្ជាក់ថា ពិតជាមាន​ការ​ឆែកឆរ​របស់​សមត្ថកិច្ច​ពិតប្រាកដ​មែន ហើយ​ខ្លួន​រីករាយ​សហការ​ក្នុង​ដំណើរការ​ស៊ើប​អង្កេត។​ ​​

 
តាឡែស ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​​បារាំងដ៏ល្បីល្បាញលំដាប់​អន្តរជាតិ​ មាន​ជំនាញ​ច្រើន​យ៉ាង ខាង​វិស័យ​​ការពារ​សន្តិសុខ ហើយ​មាន​សមត្ថភាព​ខ្ពស់​ខាង​ផលិត​គ្រឿង​សព្វាវុធ​ឧបករណ៍ក្នុង​ផ្នែកយោធា ទាំងជើង​ទឹក​ ជើងគោក និងជើងអាកាស​។ មាន​បុគ្គលិក​ ៨១ ០០០ នាក់ ធ្វើការ​នៅ​បណ្តាសាខា​ ៦៨ ប្រទេស​, ក្រុម​ហ៊ុនលំដាប់​ពិភពលោក​​នេះ មាន​ភាគហ៊ុនច្រើន​ចូលរួម​គ្នា។​ ​១​ចំណែកជារបស់​រដ្ឋ​បារាំង ១ចំណែក​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Dassault Aviation ហើយ​និង​មាន​ម្ចាស់​ភាគ​ហ៊ុនច្រើន​​ផ្សេ​ងទៀត។
 
ក្នុង​បរិបទ​សង្គ្រាម​ផ្ទុះឡើងខ្លាំង ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ទន្ទឹម​នឹង​ប្រទេស​ជាច្រើន​លើពិភពលោក បាន​បង្កើត​ថវិកាការពារជាតិ ក្រុម​ហ៊ុន​តាឡែស​ ក៏បាន​ចំណេញ​សកម្មភាព​លក់​បច្ចេកវិទ្យាសព្វាវុធ​ច្រើន​ដែរ។ ឆ្នាំ​២០២៣ តាឡែសបាន​សម្រេច​ចុះ​កិច្ចសន្យា​ធំៗ ចំនួន ២៣។ ក្នុងនោះ ​១៨កុងត្រា ក្នុងវិស័យ​ការពារជាតិ​, កិច្ចសន្យា​ ៧ ពាក់ព័ន្ធនឹង​ផ្នែក​យោធាជើង​អាកាស ហើយ​និង​កុងត្រា​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​អាកាសចរណ៍​ស៊ីវិល​ និងផ្នែកវិស័យ​អាវកាស​។ តាឡែស  ក៏​បំបែក​កំណត់ត្រា រក​បានចំណូល​ប្រាក់​​ចំណេញ ១៨,៣ ពាន់​លាន​អឺរ៉ូ ក្នុង​ឆ្នាំទៅមិញ។​
 
តែក្នុង​សប្តាហ៍​នេះ ក្រុមហ៊ុន​ផលិតសព្វាវុធ​ តាឡែស ត្រូវ​រដ្ឋអាជ្ញា​បារាំង រួម​ទាំង​សមត្ថកិច្ច​អេស្ប៉ាញ និង​ ហូឡង់ បើក​នីតិវិធី​ស៊ើប​អង្កេត​បឋម និង​ចុះ​ឆែកឆេរ នៅបណ្តា​សាខា​ជាច្រើន​ ចាប់ពី​ថ្ងៃពុធដល់​ថ្ងៃសុក្រ​​ ពាក់ព័ន្ធ​នឹង​ករណី​លក់​នាវាមុជទឹក​និង​គម្រោង​សាងសង់​មូលដ្ឋាន​នាវាយោធា​ នៅប្រេស៊ីល​។  អ្នក​តំណាង​ក្រុមហ៊ុន​ខ្លួន​ឯង ក៏​បាន​ទទួល​ស្គាល់​ ដោយ​បាន​ប្រាប់​ទីភ្នាក់ងារ​បារាំង​អាអែហ្វប៉េ ថា ពិតជាមាន​សមត្ថកិច្ច​ចុះ​ឆែកឆេរ។ ដោយសំអាងថា​ក្រុមហ៊ុន​ខ្លួន​រកស៊ី​គោរព​អនុលោម​ទៅតាម​ក្របខណ្ឌ​ច្បាប់​ជាតិ​និងបទដ្ឋាន​​អន្តរជាតិ​បាន​ត្រឹមត្រូវ  ​តាឡែសមិន​ភ័យ​ខ្លាច​នឹង​បើកដៃសហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​​នោះឡើយ។​
 
ច្រើនឆ្នាំមកនេះហើយ​ ក្រុមហ៊ុន​តាឡែស ជាប់​ឈ្មោះ​អាស្រូវ​។ បើតាមប្រភព​ស្និទ្ធ​នឹង​វិស័យ​យុត្តិធ​ម៌​បារាំង​, ក្រុមហ៊ុន​តាឡែស ត្រូវ​ជាប់សង្ស័យ​រឿង​ពុករលួយ​សូកប៉ាន់ ទុច្ចរិត និង​កេង​ចំណេញ​ពី​ជំនួញ​ឥទ្ធិពល​ថ្នាក់ដឹក​នាំបរទេស​។ ជាក់ស្តែង នៅខែមិថុនា​ឆ្នាំទៅមិញ រដ្ឋអាជ្ញាហិរញ្ញវត្ថុបារាំង បាន​បើក​សំណុំរឿង​ស៊ើប​អង្កេត​ប្រឆាំង​នឹង​អតីត​​​ថ្នាក់ដឹកនាំជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​នេះ​ចំនួន​៣ នាក់ និង​អ្នក​អន្តរការីម្នាក់ផង ជុំវិញ​ករណី​ពុករលួយ ក្នុងកិច្ចសន្យា​លក់​នាវា​មុជទឹក​ ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ កាលពី​ឆ្នាំ២០០២។​ រដ្ឋអាជ្ញាបារាំង​ក៏​ស៊ើប​អង្កេត​ចំពោះការ​លក់​យន្តហោះ​ចម្បាំង​ Mirage-2000 ឲ្យប្រទេស​​ឥណ្ឌា។ ក្រុមហ៊ុន​ផលិត​អាវុធនេះ ក៏ត្រូវ​ជាប់​សង្ស័យ​ថា​បាន​សូកលុយ ថ្លៃទឹកតែ ទៅ​លោក Jacob Zuma អតីតប្រធានាធិបតី​​អាហ្វ្រិក​ខាង​ត្បូង៕

© រក្សាសិទ្ធិដោយ thmeythmey.com