ជាតិ
សង្គមជាតិ
យុវជន ហេង ច័ន្ទបញ្ញា ច្នៃសំរាមប្លាស្ទិកជាសម្លៀកបំពាក់ ដើម្បីបញ្ជ្រាបការយល់​ដឹង​ពី​បរិស្ថាន​
02, Jul 2024 , 8:59 am        
រូបភាព
ភ្នំពេញ៖ យុវជន ហេង ច័ន្ទបញ្ញា ជាសិស្សថ្នាក់ទី១១នៃសាលាជំនាន់ថ្មី វិទ្យាល័យព្រែក​លៀប បានយកសំរាមប្លាស្ទិក ច្នៃជាម៉ូតសម្លៀកបំពាក់យ៉ាងទាក់ទាញ ដាក់តាំង​បង្ហាញ​ក្នុងពិព័រណ៍ស្នាដៃសិស្ស កាលពីថ្ងៃទី២៩ មិថុនា ដែលរៀបចំឡើងក្នុងបរិវេណ​វិទ្យាល័យ​ព្រែកលៀប។ យុវសិស្សរូបនេះ យកប្លាស្ទិកច្នៃជាសម្លៀកបំពាក់ ដើម្បីបញ្ជ្រាបការយល់​ពីបរិស្ថានដល់យុវសិស្សដទៃទៀត និងលទ្ធភាពនៃការកែច្នៃឡើងវិញផងដែរ។

 
យុវជន ហេង ច័ន្ទបញ្ញា ជាមួយមិត្តភក្ដិមួយក្រុម បានយកសំរាមប្លាស្ទិក មានដូចជាទុយោ ថង់ បាវ ស្នោ ទៅច្នៃជាម៉ូតសម្លៀកបំពាក់យ៉ាងទាក់ទាញ ដាក់តាំងបង្ហាញ​ក្នុង​ពិព័រណ៍​​ស្នា​ដៃ​សិស្ស។ រយៈពេល៦ខែមកនេះ បញ្ញា ច្នៃម៉ូតសម្លៀកបំពាក់ពីប្លាស្ទិកបានចំនួន១០​ឈុត​ប្លែកៗពីគ្នា ដោយដេរភ្ជាប់ជាក្រណាត់ចាស់ៗ​ផងដែរ។ 
 
យុវសិស្ស ច័ន្ទបញ្ញា យល់ថា ពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ នៃសាលាជំនាន់ថ្មី ជាឱកាស​ដ៏សម្រាប់គេអាចបង្ហាញស្នាដៃ គំនិតច្នៃប្រឌិត ដល់សិស្សានុសិស្សជាច្រើន ពិសេស​បង្ហាញការច្នៃសំរាមប្លាស្ទិកឱ្យទៅជារបស់ប្រើប្រាស់ឡើងវិញផងដែរ។ សិស្សថ្នាក់ទី១១​រូបនេះ ក៏ចង់ឱ្យ​យុវជនយល់ពីបញ្ហាបរិស្ថាន ពិសេសផលប៉ះ​ពាល់នៃសំរាមប្លាស្ទិក ហើយ​ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមលទ្ធភាពអាចធ្វើបាន។
 


យុវជន ហេង ច័ន្ទបញ្ញា ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖ «ខ្ញុំយកសំរាមមកធ្វើសម្លៀក បំពាក់ ដោយសារខ្ញុំចង់បង្ហាញមួយផ្នែកតូចដល់សិស្សផ្សេងឱ្យឃើញពីការប្រើប្រាស់ច្រើន គឺ​ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយអ៊ីចឹងខ្ញុំក៏ចង់យកប្លាស្ទិកមកច្នៃឡើងធ្វើសម្លៀកបំពាក់ យ៉ាងហោចណាស់ប្រសើរជាងគ្រាន់តែប្រើម្ដងហើយចោល»។ ទោះបីមិនទាន់ល្អឥតខ្ចោះ តែ​យុវសិស្សថ្នាក់ទី១១រូបនេះ ពេញចិត្តចំពោះសមិទ្ធិផលរបស់ខ្លួន ហើយប្ដេជ្ញា​ខំប្រឹង​បន្ថែម ដើម្បីក្លាយជាអ្នកច្នៃម៉ូតដ៏ពូកែម្នាក់នៅថ្ងៃអនាគត៕
 




Tag:
 សំរាមប្លាស្ទិក
 ពិព័រណ៍ស្នាដៃសិស្ស
 សាលាជំនាន់ថ្មីវិទ្យាល័យព្រែកលៀប
© រក្សាសិទ្ធិដោយ thmeythmey.com