កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ព័រទុយហ្កាល់ឈ្នះការស៊ុតបាល់កាត់សេចក្តីលើស្លូវេនី ដើម្បីបន្តទៅជួបបារាំងវគ្គ ១/៤
02, Jul 2024 , 4:51 am        
រូបភាព
ក្រុមជម្រើសជាតិព័រទុយហ្កាល់ នៅតែបន្តដំណើរទៅកាន់វគ្គ ៨ក្រុម ចុងក្រោយ បន្ទាប់ពីខ្លួនបានយកឈ្នះការប្រកួតដ៏តានតឹងលើក្រុមស្លូវេនី ដោយការបាល់កាត់ស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ លទ្ធផល ៣-០ ក្រោយការប្រកួតស្មើលទ្ធផល ០-០ រយៈពេល ១២០នាទី។ ទាំងព័រទុយហ្កាល់ និងស្លូវេនី មានការសម្រុកគ្នាទៅវិញទៅមកដ៏ជក់ចិត្តបំផុត។



ជំនួបក្នុងវគ្គទីមួយ ព័រទុយហ្កាល់បើកការដាក់សម្ពាធខ្លាំងពីការសម្រុកខ្លាំង លើក្រុមស្លូវេនី តាំងតែពីដើមវគ្គទីមួយ ប៉ុន្តែយ៉ាងណាស្លូវេនី ក៏បង្ហាញទម្រង់លេងមួយដ៏គួរឱ្យភ្ញាក់ផ្អើល មិនភ័យខ្លាចពីទម្រង់លេងខ្លាំងរបស់ព័រទុយហ្កាល់។ យ៉ាងណាការសម្រុកទៅវិញទៅមក គ្រាប់បាល់ស៊ុតបញ្ចូលគ្នាមិនមានកើតឡើងឡើយ សម្រាប់ក្រុមទាំងពីរ ក្នុងវគ្គទីមួយ។ 
 
ចូលវគ្គទីពីរ ជំនួបដ៏ខ្សត់គ្រាប់បាល់មួយនេះ នៅតែបន្តអូសបន្លាយដដែល ព័រទុយហ្កាល់កាន់តែសម្រុក ប៉ុន្តែគ្មានឱកាសធ្វើបានគ្រាប់បាល់ដដែល សូម្បីតែការរកឱកាសបញ្ជូនបាល់ចូលប្រអប់គ្រោះថ្នាក់របស់ស្លូវេនីបានដោយងាយៗដូចកាលពីវគ្គទីមួយ។ ស្លូវេនីក៏មិនរាថយ ដោយក្នុងវគ្កទីពីរ ពួកគេបែរជាក្រុមវាយបកសម្រុកខ្លាំងឡើងវិញទៅលើព័រទុយហ្កាល់ រហូតមានឱកាសមួយលើកជាលើក ប៉ុន្តែការស៊ុតក៏មិនចំគោលដៅដូចគ្នាប៉ុន្មានដែរ។
 
ការប្រកួតរវាងព័រទុយហ្កាល់ និងស្លូវេនី បន្តអូសបន្លាយរហូតដល់ចប់ការប្រកួតពេញ ៩០នាទី ដោយគ្មានគ្រាប់បាល់កើតឡើង ខណៈក្រុមទាំងពីរដឹកដៃគ្នា ឈានចូលវគ្គបន្ថែមម៉ោង ១៥នាទី ២ដង។ 
 
ស្លូវេនី ពិតជាបង្ហាញទម្រង់លេងល្អប្លែកក្នុងវគ្គ ១៦ក្រុម ដោយលេងរយៈពេលជាង ១០០នាទី ទៅហើយក្រុមកីឡាករ នៅតែបង្ហាញទម្រង់លេងដ៏ខ្លាំងមួយ ទល់នឹងព័រទុយហ្កាល់ ដោយមិនបណ្តោយឱ្យជើងខ្លាំងតាំងពីវគ្គជម្រុះព័រទុយហ្កាល់មានការគ្រប់គ្រងបាល់ដោយងាយៗ។ យ៉ាងការបង្កើតឱកាសអូសបាល់ចូលប្រអប់ទី និងការបង្កកំហុសដោយខ្សែការពារស្លូវេនី ប៉ះទៅលើកីឡាករប្តូរចូលក្នុងវគ្គទីពីរ Diego Jota ជួយឱ្យព័រទុយហ្កាល់ចំណេញឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅក្នុងនាទី១០៤។
 
ខ្សែប្រយុទ្ធប្រធានក្រុម Cristiano Ronaldo ជាអ្នករាប់រងការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ដែលជាឱកាសមាសបើកការនាំមុខមុន និងជាក្តីសង្ឃឹមខ្ពស់ឡើងវគ្គ ៨ក្រុម ប៉ុន្តែតារាបាល់ទាត់វ័យ ៣៩ឆ្នាំ បែរជាស៊ុតបាល់ត្រូវបានជួយសង្គ្រោះដោយអ្នកចាំទីដៃស្អិត Jan Oblak នៅនាទី ១០៥+១។ ជំនួបក្រុមទាំងពីរ បន្តរក្សាលទ្ធផល ០-០ បន្ថែមទៀត ហើយនាំគ្នាប្រកួតក្នុងវគ្គបន្ថែមម៉ោង ១៥នាទី លើកទី២។ 
 
ការប្រកួតនាទីកាន់តែអូសបន្លាយទៅ ស្លូវេនីមានឱកាសមាសដ៏សំខាន់មួយលើកត្រឡប់មកវិញ ពោលនាទី១១៥ ពីការបង្កកំហុសរបស់ខ្សែការពារ Pepe ភ្លាត់ស្នៀត ខ្សែប្រយុទ្ធស្លូវេនីឆ្មក់ដណ្តើមបាល់បានបណ្តើរដាច់មាត់សំដៅទី ហើយក៏ស៊ុតតម្រង់ទីមួយទល់នឹងមួយជាមួយអ្នកគាំទ្រ ប៉ុន្តែការស៊ុតនោះត្រូវបានសង្គ្រោះបានពីអ្នកចាំទីព័រទុយហ្កាល់ Diego Costa។ ក្រុមទាំងពីរ ទោះសម្រុកគ្នាខ្លាំងទៅវិញទៅមកនៅចុងម៉ោងបន្ថែម ១៥នាទី ២ដង ប៉ុន្តែគ្រាប់បាល់នៅតែមិនកើតឡើង រហូតឈានចូលការកាត់សេចក្តីទាត់បាល់ ១១ម៉ែត្រ រៀងខ្លួនៗ ដែលជាវគ្គកាន់តែរន្ធត់។ 

ព័រទុយហ្កាល់នៅតែជាក្រុមឆ្លងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ជួបបារាំងនៅវគ្គបន្ទាប់ ក្រោយពីបានយកឈ្នះការស៊ុតបាល់ ១១ម៉ែត្រ កាត់សេចក្តីបានយ៉ាងល្អលទ្ធផល ៣-០ ក្រោយអ្នកចាំទី Diego Costa សង្គ្រោះបាល់បាន ៣លើក ជាប់ៗគ្នា៕
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com