ខេត្តព្រៃវែង ស្វាយរៀង និងខេត្តតាកែវ កំពុងរងការរាតត្បាតពីសត្វ«រុយស» ស៊ីបំផ្លាញដំណាំស្រូវ ខណៈដែលកម្ពុជា ទើបតែទប់ស្កាត់បាន ការរាលដាលនៃសត្វដង្កូវហ្វូង មិនបានប៉ុន្មានផង។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានជូនដំណឹងនេះប្រាប់ដល់ក្រុមអ្នកសារព័ត៌មាននៅក្នុងប្រព័ន្ធតេឡេ ក្រាមថា ដ្បិតតែការរាតត្បាតនេះ ទើបតែកើតឡើង ប៉ុន្តែសត្វរុយស ពិបាកកម្ចាត់ជាង សត្វដង្កូវហ្វូង កន្លងមក ដែលវាធន់នឹងថ្នាំជាង និងអាចហើរចេញពីទីតាំងដើម ទៅបង្កការរាតត្បាតនៅកន្លែងផ្សេងទៀត។
«ដោយសារសត្វរុយសនេះ វាធន់នឹងថ្នាំ ជាងសត្វដង្កូវហ្វូង ដែលយើងជួបប្រទះកន្លងមក។ ហើយម្យ៉ាងវិញទៀត នៅពេលយើងប្រើថ្នាំបង្ក្រាប សត្វរុយនេះ វាខុសពីដង្កូវហ្វូង ដែលដង្កូវហ្វូងអត់អាចហោះទៅណាបានទេ តែយើងបាញ់ថ្នាំងាប់នៅនឹងកន្លែង ឬក៏ទឹកមកពន្លិចវាងាប់ហើយ។ ប្លែកពីដង្កូវហ្វូង រុយសនេះ នៅពេលយើងបាញ់ថ្នាំ វាហោះចេញ។ ហោះទៅកន្លែងផ្សេង អ៊ីចឹងយើងបាញ់ថ្នាំ វាអត់មកវិញទេ វាអាចនឹងងាប់។ ប៉ុន្តែរុយស ដែលហោះទៅកន្លែងផ្សេង វាអាចរាតត្បាតទៅកន្លែងផ្សេងទៀត»។ អ្នកនាំពាក្យក្រសួងកសិកម្ម គូសបញ្ជាក់ដូច្នេះ។
រុយស ស្ថិតក្នុងលំដាប់ Hemiptera គ្រួសារ Aleyrodidae គឺជាពពួកចុចបឺតជញ្ជក់យករុក្ខរសពីរុក្ខជាតិមកចិញ្ចឹមជីវិត។ វាមានដងខ្លួនស្រទន់ដែលគ្របដណ្តប់ដោយស្លាប ពណ៌ស។ រុយស ដែលបំផ្លាញដំណាំស្រូវមានឈ្មោះវិទ្យាសាស្ត្រ Aleurocybotus indicus David & Subramaniam។ វដ្តជីវិតរបស់រុយស មានរយៈពេល ១៧-២៤ថ្ងៃ ដែលរុយស១ក្បាល អាចពងបានពីចន្លោះ ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោម នៃស្លឹកស្រូវ។
រុយស វាបំផ្លាញដំណាំស្រូវដោយផ្ទាល់ ដោយជញ្ជក់រុក្ខរសពីស្លឹកស្រូវ ធ្វើឱ្យស្លឹកប្រែពណ៌ លឿង និងរួញ។ វាបំផ្លាញខ្លាំងលើស្រូវ ក្នុងវគ្គលូតលាស់ ពិសេសក្នុងដំណាក់សំណាបនិងបែកគុម្ព។ ប្រសិនបើប្រជាករ រុយសច្រើន បំផ្លាញស្រូវស្ថិតក្នុងវគ្គបង្កើតផល ពិសេសដំណាក់កាលចេញកូរ ចេញផ្កា នោះនឹងធ្វើឱ្យគ្រាប់ស្រូវស្កកច្រើន។
ចំពោះវិធានការគ្រប់គ្រង និងកម្ចាត់រុយស គឺកសិករ ត្រូវចុះពិនិត្យវត្តមានរុយស ក្នុងស្រែ យ៉ាងតិច ២-៣ដង ក្នុងមួយសប្តាហ៍។ នៅពេលមានវត្តមានរុយសចន្លោះ ១០-៤០ ក្បាល ក្នុងមួយគុម្ព ប្រើប្រាស់វិធានការគីមីដោយប្រើថ្នាំកសិកម្ម បាញ់ថ្នាំនៅពេលព្រឹកចន្លោះម៉ោង ៦ដល់ម៉ោង៩។
ត្រូវសម្អាតស្មៅ ដែលជាជម្រករុយសទាំងក្នុង និងបរិវេណស្រែ ហើយនឹង ប្រើអន្ទាក់ស្និត ពណ៌លឿង ឬពណ៌បៃតងដោតក្នុងស្រែ។
ក្នុងករណីមានប្រជាកររុយសតិច កសិករ អាចប្រើល្បាយទឹកសាប៊ូ ដែលមានសាប៊ូម្សៅចំនួន ៤ស្លាបព្រា លាយប្រេងឆាចំនួន ៨ស្លាបព្រា និងទឹកចំនួន ១០លីត្រ បាញ់នៅពេល ព្រឹក ឬល្ងាច។
ម្យ៉ាងទៀត ក៏បានបាញ់ថ្នាំផ្សំពីរុក្ខជាតិ (ផ្សំស្លឹកទៀប ២គីឡូក្រាម និងស្លឹកប្រេងខ្យល់ ២គីឡូក្រាម បុកឱ្យម៉ដ្ឋច្របល់ជាមួយទឹក ១០លីត្រ រួចច្រោះឱ្យស្អាតហើយបាញ់កន្លែងដែលកើតរុយស។
ក្នុងករណីត្រូវប្រើប្រាស់ថ្នាំកសិកម្ម ត្រូវជ្រើសរើសថ្នាំកសិកម្មណាដែលមានបញ្ជីការត្រឹមត្រូវដែលមានសារធាតុ សកម្មដូចជា Imidacloprid, Acetamiprid, Pymetrozine (+ Nitenpyram), Dinotefuran (+ Imidaclorpid), និង Chlorpyrifos methyl។
សូមរំឭកថា ថ្មីៗនេះ ដំណាំស្រូវ និងដំឡូងមី ប្រហែល ២៣ ០០០ហិកតា របស់ប្រជាកសិករ នៅក្នុងខេត្តចំនួន១៥ បានរងផលប៉ះពាល់ ពីការផ្ទុះឡើងនៃវត្តមាន«ដង្កូវហ្វូង»។ ដំណាំទាំងនោះ មានស្រូវជិត ១.៥ម៉ឺនហិកតា, សាកវប្បកម្ម និងដំណាំរួមផ្សំប្រមាណ៦០ហិកតា និងដំណាំឧស្សាហកម្ម ជាង៨.៣ពាន់ហិកតា។ ខេត្តដែលរងផលប៉ះពាល់ មានខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ ក្រចេះ ព្រះវិហារ សៀមរាប ស្ទឹងត្រែង តាកែវ កំពង់ស្ពឺ ប៉ៃលិន ត្បូងឃ្មុំ ស្ទឹងត្រែង បន្ទាយមានជ័យ ឧត្តរមានជ័យ និងកោះកុង៕