ជាតិ
បញ្ហាក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង...រង់ចាំអភិបាលខេត្តតាកែវថ្មីដោះស្រាយ លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រគល់ត្រាទៅលោក វ៉ី សំណាង អភិបាលខេត្តតាកែវថ្មី។ រូបភាពនគរបាលជាតិ។
× លោក វ៉ី សំណាង បានចូលកាន់តំណែងជាអភិបាលខេត្តតាកែវជាផ្លូវការ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។ ផ្ទេរពីកំពង់ស្ពឺ លោក វ៉ី សំណាង ត្រូវបានលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបញ្ហាក្មេងទំនើង។
នៅក្នុងពិធីចូលកាន់តំណែងផ្លូវការ ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានប្រាប់ឱ្យអភិបាលខេត្តតាកែវថ្មី លោក វ៉ី សំណាង បន្តអនុវត្តន៍ឱ្យម៉ឹងម៉ាត់ គោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ការពង្រឹងការផ្តល់សេវាសាធារណៈ និងពង្រឹងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន។
ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈវិញ លោក ស សុខា ប្រាប់អភិបាលខេត្តតាកែវថ្មី ឱ្យពង្រឹងសមត្ថភាពមន្រ្តីឱ្យផ្តល់សេវាឱ្យបំពេញការងារប្រកបប្រសិទ្ធភាព ទទួលខុសត្រូវ និងមានក្រមសីលធម៌ វិជ្ជាជីវៈ ។
តាមរយៈការណែនាំ លោក វ៉ី សំណាង អភិបាលខេត្តតាកែវថ្មី ក៏បានប្ដេជ្ញាចិត្តជំរុញការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព និងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ អភិបាលខេត្តតាកែវថ្មីរូបនេះ បន្តប្តេជ្ញាប្រយុទ្ធប្រឆាំងគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និកៀរគរអ្នកវិនិយោគអភិវឌ្ឍន៍ខេត្ត ឱ្យមានភាពរីកចម្រើន។
សូមបញ្ជាក់ថា លោក អ៊ូច ភា អតីតអភិបាលខេត្តតាកែវ ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ មិថុនាផងដែរ៕
Tag:
តាកែវ
ស សុខា
វ៉ី សំណាង
ក្មេងទំនើង
© រក្សាសិទ្ធិដោយ thmeythmey.com