ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុមមាតាធម្មជាតិ៤រូប ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្នុងថ្ងៃតុលាការប្រកាសសាលក្រម
02, Jul 2024 , 11:39 am        
រូបភាព
ក្រុមមាតាធម្មជាតិ អង្គុយមុខតុលាការភ្នំពេញ នាថ្ងៃទី២កក្កដា ឆ្នាំ២០២៤។ រូបពី វីដេអូ មាតាធម្មជាតិ
ក្រុមមាតាធម្មជាតិ អង្គុយមុខតុលាការភ្នំពេញ នាថ្ងៃទី២កក្កដា ឆ្នាំ២០២៤។ រូបពី វីដេអូ មាតាធម្មជាតិ
ភ្នំពេញ៖ ក្រុមយុវជនមាតាធម្មជាតិ៤រូប សមត្ថកិច្ចចាប់ខ្លួននៅខាងមុខតុលាការភ្នំពេញ ក្នុង ថ្ងៃប្រកាសសាលក្រម ពីបទ រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ។



នៅថ្ងៃប្រកាសសាលក្រម ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមមាតាធម្មជាតិបាននាំគ្នា ស្លៀក​​ពាក់ខោអាវពណ៌ស ចង ក្រណាត់សនឹងក្បាល ដោយសរសេរថា «យុត្តិធម៌»​​ដៃកាន់​ធូប និងផ្កាឈូក ​អង្គុយមុខតុលាការដើម្បីចាំស្តាប់ការប្រកាសសាលក្រម ជាមួយ​អ្នកគាំទ្រ​របស់​ពួកគេ​មួយចំនួនផងដែរ។ យ៉ាងណាក៏ដោយ តាមការផ្សាយផ្ទាល់របស់ពួកគេ លើ​ទំព័រហ្វេសប៊ុក មាតាធម្មជាតិ ពុំឃើញមានវត្តមានរបស់ លោក យីម លាងហ៊ី ឡើយ។ 
 
ក្រុមមាតាធម្មជាតិ បានបញ្ជាក់ក្នុងការផ្សាយផ្ទាល់នោះថា ពួកគេ ក៏បាត់ដំណឹងរបស់ លោក យីម លាងហ៊ី ដែរ នាព្រឹកថ្ងៃទី២កក្កដានេះ។ លុះដល់ម៉ោងជាង១០ព្រឹក ក្រុម​មាតាធម្មជាតិ រួមមាន កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋ និងលោក លី ចាន់​ដារ៉ាវុត ក៏ត្រូវសមត្ថកិច្ចនាំខ្លួនទៅ។ 
 
ជុំវិញករណី ចាប់ខ្លួនក្រុមមាតាធម្មជាតិបញ្ជូនទៅកន្លែងណា សារព័ត៌មានថ្មីៗ ពុំអាចសុំការ​ឆ្លើយតប ពី​អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបាន​ឡើយ។ ពាក់ព័ន្ធនឹងសាលក្រមវិញ សារព័ត៌មានថ្មីៗ ក៏ពុំអាចសុំព័ត៌មានលម្អិតពី លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីបាននៅឡើយ ដែរមកទល់នឹងពេលនេះ​។  
 
សូមជម្រាបថា កាលពីឆ្នាំ២០២១ ក្រុមសកម្មជនមាតាធម្មជាតិ​ ត្រូវជាប់ចោទពីបទ រួមគំនិតក្បត់ និង ប្រមាថព្រះមហក្សត្រ ពាក់ព័ន្ធនឹងវីដេអូកិច្ចប្រជុំតាមអនឡាញ ដែលពួកគេ​ជជែក​គ្នា។ ចំណែក លោក អាឡិច​ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez-Davidson) ដែល​ជា​ស្ថាបនិកនៃ​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា ហើយក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ រួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះ​មហាក្សត្រដែរ៕ 

Tag:
 ប្រកាសសាលក្រម
  សកម្មជនបរិស្ថាន
  មាតាធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com