COVID-19
ជាតិ
COVID-19៖ ករណីថ្មី៣៧នាក់ទៀតនៅកម្ពុជា
19, Mar 2021 , 8:33 am        
រូបភាព
ថ្នាក់ដឹកនាំខេត្តកណ្តាលនាពេលចុះណែនាំបន្ថែមអ្នកដែលកំពុងធ្វើចត្តាឡីស័ក។ រូបថត រដ្ឋបាលខេត្ត
ថ្នាក់ដឹកនាំខេត្តកណ្តាលនាពេលចុះណែនាំបន្ថែមអ្នកដែលកំពុងធ្វើចត្តាឡីស័ក។ រូបថត រដ្ឋបាលខេត្ត
មនុស្សចំនួន៣៧នាក់បន្ថែមទៀត មានលទ្ធផលវិជ្ជមានកូវីដ-១៩ ដែលជាករណីសហគមន៍២០កុម្ភៈ។ ការបន្តកើន​ឡើងនេះ នាំឲ្យកម្ពុជាមានអ្នកកើតកូវីដ-១៩ សរុបចំនួន១៥៧៨នាក់ ដោយ១០៦២នាក់ ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ ដែល​រាលដាលដល់១១រាជធានី-ខេត្ត ផ្តើមពីភ្នំពេញ ដល់កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ សៀមរាប ​បាត់ដំបង និងតាកែវ។  ស្របពេលជាមួយគ្នា អ្នកជំងឺ​ចំនួន១៩នាក់ទៀតបានជាសះស្បើយផងដែរ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃសុក្រទី១៩ ខែមីនា។



ក្នុងចំណោម​ករណីទាំង​៣៧នេះ មានជនជាតិចិន៣នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ១៣នាក់ឲ្យសម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌុក  ១នាក់នៅមន្ទីរពេទ្យជ័យជម្នះខេត្តកណ្តាល រីឯ២០នាក់ទៀតនៅភ្នំពេញដែលក្រសួងនឹងជូនដំណឹងបន្តទៀតទាក់ទងនឹងកន្លែងព្យាបាល។

នៅភ្នំពេញករណីសរុបទាំង៣៣ គឺអ្នកជំងឺភាគច្រើនមានអាសយដ្ឋាននៅសង្កាត់បឹងត្របែក ខណ្ឌចំការមន និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

រីឯករណីសះស្បើយ​១៩នាក់ មាន៦នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ ៦នាក់ពីសណ្ឋាគារក្រេតឌុក និង៧នាក់ពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

គិតត្រឹមថ្ងៃសុក្រទី១៩ ខែមីនា កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន១៥៧៨នាក់ ក្នុងនោះ១០៦២នាក់ជាករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺ៩១៧នាក់បានជាសះស្បើយ និងស្លាប់១នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com