COVID-19
ជាតិ
COVID-19៖ ៧៣ករណីទៀត ភាគច្រើននៅព្រះសីហនុ និងភ្នំពេញ​ ខណៈកែបមានករណីដំបូង
22, Mar 2021 , 10:01 am        
រូបភាព
ករណីកូវីដ-១៩នៅមូលដ្ឋានខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី២១ ខែមីនា។ ប្រភព៖ លោកអភិបាលខណ្ឌ ជា ពិសី
ករណីកូវីដ-១៩នៅមូលដ្ឋានខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី២១ ខែមីនា។ ប្រភព៖ លោកអភិបាលខណ្ឌ ជា ពិសី
មនុស្សចំនួននាក់ទៀតមានវិជ្ជមានកូវីដ-១៩នៅកម្ពុជា ក្នុង៧១ជាករណីសហគមន៍២០កុម្ភៈ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។ ករណីទាំងនេះ ភាគច្រើននៅភ្នំពេញ និងខេត្តព្រះសីហនុ។ ស្របពេលជាមួយគ្នា អ្នកជាសះស្បើយមាន១៧នាក់បន្ថែមទៀត។



ក្នុងចំណោមករណីទាំង៧៣  មាន២៨ករណីនៅភ្នំពេញ ៣២ករណីនៅខេត្តព្រះសីហនុ ៥ករណីនៅកំពង់ធំ ៣ករណីនៅកណ្តាល ១ករណីនៅព្រៃវែង ១ករណីនៅសៀមរាប និង១ករណីដំបូងនៅកែប។ រីឯ២ករណីទៀតជាករណីនាំចូល។

ករណីនាំចូល២នាក់ មាន​ស្ត្រីឥណ្ឌូណេស៊ីអាយុ២៣ឆ្នាំ និង​២១​ឆ្នាំ ដែលធ្វើដំណើរមកពីប្រទេសខ្លួន ឆ្លងកាត់សិង្ហបុរី និងមកដល់កម្ពុជានៅថ្ងៃទី២០ ខែមីនា។ ពួកគាត់​មានអាសយដ្ឋាននៅខេត្តព្រះសីហនុ ខណៈក្រសួងមិនទាន់បាន​បញ្ជាក់ពីកន្លែងដែលពួកគាត់ត្រូវសម្រាកព្យាបាលនោះឡើយ។

ករណីសហគមន៍ទាំង​៧១ មាន១នៅសៀមរាប (បុរសខ្មែរអាយុ៣៨ឆ្នាំ នៅក្រុងសៀមរាប), ៣នៅកណ្តាល (ខ្មែរទាំង៣នាក់ដោយ២នាក់នៅតាខ្មៅ និង១នាក់នៅ​កណ្តាលស្ទឹង), ១នៅព្រៃវែង (ស្ត្រីអាយុ៣៩ឆ្នាំ នៅស្រុកពាមរក៍) ៥ករណីនៅកំពង់ធំ (ស្ត្រីខ្មែរ៤នាក់ និងកុមារអាយុ៩ឆ្នាំ១នាក់ ដែលរស់នៅឃុំទ្រាល ស្រុក​តាំងគោក), ១ករណីដំបូងនៅ​កែប (ស្ត្រីខ្មែរអាយុ​៣៤​ឆ្នាំ នៅសង្កាត់កែប)។

ចំណែក​២៨ករណីនៅភ្នំពេញ អ្នកជំងឺភាគច្រើន មានអាសយដ្ឋាននៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ, សង្កាត់ផ្សារដើមថ្កូវ, សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងបណ្តាសង្កាត់-ខណ្ឌផ្សេងទៀត។

៣២ករណីនៅខេត្តព្រះសីហនុ មានភាគច្រើនជាជនជាតិខ្មែរ ដែលស្ថិតនៅ​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ។

ចំណែក​ករណីសះស្បើយ​១៧នាក់ មាន ២នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៩នាក់ពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ១នាក់ពីមណ្ឌលសុខភាពចាក់អង្រែ ៥នាក់ពីមជ្ឈមណ្ឌល​កំចាត់រោគរបេង និងហង់សិន។

គិតមកដល់ពេលនេះ កម្ពុជាអ្នកឆ្លងកូវីដ-១៩សរុប១៧៥៣នាក់ ក្នុងនោះ ១២៣៣នាក់ ជាករណីសហគមន៍២០កុម្ភៈ ដែលរាលដាលក្នុងរាជធានីភ្នំពេញ បន្តដល់ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង កោះកុង កំពង់ធំ កំពង់ចាម ស្វាយរៀង សៀមរាប បាត់ដំបង តាកែវ និង​ចុងក្រោយ​គឺកែប។ អ្នកជាសះស្បើយសរុបមាន៩៦៧នាក់។


© រក្សាសិទ្ធិដោយ thmeythmey.com