ជាតិ
ពីនេះ ពីនោះ
«ផ្តាច់ព្រ័ត្រ» មិនមែន «ផ្តាច់ព្រាត់» នោះឡើយ
× វគ្គផ្តាច់ព្រ័ត្រ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ការប្រកួតផ្តាច់ព្រ័ត្រ។ យើងនាំគ្នាសរសេរ «ព្រ័ត្រ» បែបនេះ ទើបត្រឹមត្រូវ មិនមែន «ព្រាត់» នោះឡើយ។
ពាក្យ «ផ្តាច់ព្រ័ត្រ» មិនមានការពន្យល់ដាច់ដោយឡែកឡើយ ប៉ុន្តែនៅពេលដែលយើងចូលមើលពាក្យ «ផ្ដាច់» យើងនឹងឃើញមានការលើកឡើងពីពាក្យនេះ។ តាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត «ផ្តាច់ព្រ័ត្រ» ជាពាក្យប្រៀប ដែលមានន័យថា ធ្វើបង្ហើយត្រឹមប៉ុណ្ណោះលែងធ្វើតទៅទៀត : លេងផ្ដាច់ព្រ័ត្រ, ធ្វើការផ្ដាច់ព្រ័ត្រ ។
ជាមួយគ្នានេះ សារព័ត៌មានថ្មីៗ សូមលើកយកពាក្យ «ព្រ័ត្រ» និង «ព្រាត់» មកពន្យល់ដាច់ដោយឡែក។ «ព្រ័ត្រ» ជាពួរឬខ្សែត្រកួញធ្វើដោយស្បែកគោ, ស្បែកក្របី ឬស្បែកម្រឹគណាមួយ ។ ព្រ័ត្រជ្រាម ព្រ័ត្រដែលចងជ្រាមនឹម ។ ព្រ័ត្រត្របែង ព្រ័ត្រដែលត្របែងនឹម ។
រីឯ «ព្រាត់» មានន័យថា បែកឃ្លាតចាកបុគ្គលជាទីស្រឡាញ់, ឃ្លាតបាត់លែងបានចួបគ្នាទៀត
ព្រាត់កូន, ព្រាត់មិត្រ ។ ព្រាត់ប្រាស ឬ ប្រាសព្រាត់, ព្រាត់ព្រាក។ ដោយសារន័យបែបនេះ ហើយ ទើបមានមនុស្សមួយចំនួនគិតថា «ផ្តាច់ព្រាត់» ជាពាក្យត្រឹមត្រូវ ប៉ុន្តែគិតខុសហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com