ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋលេខាធិការ៤ និងអនុរដ្ឋលេខាធិការ៩នៃលេខាធិការដ្ឋានកិច្ចការព្រំដែន
02, Nov 2023 , 2:16 pm        
រូបភាព
លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ រូបថត រដ្ឋសភា
លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ រូបថត រដ្ឋសភា
ព្រះករុណាព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ផ្ទេរ ដំឡើង និងតែងតាំងមុខតំណែង ជារដ្ឋលេខាធិការ៤រូប និងអនុរដ្ឋលេខាធិការ៩រូប នៃលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាស្ថាប័នថ្មីក្នុងរដ្ឋាភិបាលអាណត្តិទី៧។



តាមព្រះរាជក្រឹត្យចុះថ្ងៃទី២៨ ខែតុលា រដ្ឋលេខាធិការនៃលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលត្រូវបានតែងតាំងរួមមាន លោក អ៊ិត សុត្ថា, លោក ស៊ុម សុខម្ភូ, លោក មាស បូរ៉ា និងលោក ឯ វុឌ្ឍី។ លោក ឯ វុឌ្ឍី ត្រូវបានផ្ទេរតំណែងពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។



អនុរដ្ឋលេខាធិការ៩រូប រួមមាន លោក ឡាយ សៀងលី, លោក សោ សុន្ទរ៍ធារី, លោក សាន់ រ៉ាដា, លោក ផល ពិសាល, លោក អាន សុវឌ្ឍនា, លោក ពៅ ករុណា, លោក ឌី ដាម៉ង់, លោក ជា បូរ៉ា និងលោក អ៊ុត ដារ៉ា។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាស្ថាប័នចំណុះរបស់រាជរដ្ឋាភិបាល ដែលមានលោក ឡាំ ជា ជារដ្ឋមន្ត្រី។ ស្ថាប័នថ្មីនេះ ជំនួសឱ្យអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ហើយត្រូវបានប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើត តាមព្រះរាជក្រមចុះកាលពីថ្ងៃទី៥ ខែតុលា។

តាមមាត្រា២ នៃច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្ថាប័ននេះ មានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ទាំងព្រំដែនគោក និងព្រំដែនសមុទ្រ។

សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋសភា ថា ការបង្កើតជារដ្ឋលេខាធិការកិច្ចការព្រំដែន គឺក្នុងគោលបំណងពង្រឹងការទទួលខុសត្រូវការងារព្រំដែនយូរអង្វែង ជាពិសេសការរៀបចំសំណុំឯកសារ ការងារពាក់ព័ន្ធនឹងការចរចា ការបោះបង្គោលព្រំដែន ដែលចាំបាច់ត្រូវមានរបៀបរៀបរយ៕



© រក្សាសិទ្ធិដោយ thmeythmey.com