ជាតិ
រឿង “អ៊ំចនម៉ែដោះ” ដាក់សម្ពោធជាផ្លូវការ ក្រោមក្ដីរំពឹងខ្ពស់ពីអ្នកដឹកនាំរឿង ![](https://image.thmeythmey.com/pictures/2024/01/16/front__credit_.jpg)
×![]()
ភ្នំពេញ៖ ក្នុងកម្មវិធី សម្ពោធភាពយន្តរឿង “អ៊ំចនម៉ែដោះ” លោក ឆាយ បូរ៉ា ដែលជាអ្នកដឹកនាំរឿងផ្ទាល់ មានសុទិដ្ឋិនិយមខ្ពស់ ថាភាពយន្តថ្មីនេះ នឹងមានការគាំទ្រច្រើនពីទស្សនិកជន ដ្បិតអីវាគឺជាចំណីអារម្មណ៍ថ្មី ដែលចូលរួមសម្ដែងពីតារាល្បីៗប្រចាំប្រទេសជាច្រើនរូប។
រឿង “អ៊ំចនម៉ែដោះ” បានដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅរោងភាពយន្ត ផ្សារទំនើបអ៊ីអន១ភ្នំពេញ ដោយមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ។ ភាពយន្តនេះ នឹងដាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តទៅ នៅគ្រប់រោងភាពយន្ត។
![](https://image.thmeythmey.com/pictures/2024/01/17/credit__1_.jpg)
“អ៊ំចនម៉ែដោះ” គឺជាភាពយន្តបែបកំប្លែង ប៉ុន្តែបង្កប់មនោសញ្ចេតនាជ្រាលជ្រៅ ធ្វើឱ្យអ្នកទស្សនាសើចផង រលីងរលោងទឹកភ្នែកភ្លាមៗផង ទៅតាមឈុតឆាក។ ភាពយន្តនេះ បានជ្រើសរើសតួសម្ដែង និងតួកំប្លែងល្បីៗប្រចាំប្រទេស ដែលមានទេពកោសល្យខ្ពស់ ចូលរួមសម្ដែង។
អ្នកដឹកនាំរឿង “ឃ្លាតទៅសែនឆ្ងាយ” លោក ឆាយ បូរ៉ា សង្ឃឹមថាភាពយន្តថ្មីនេះ នឹងទទួលបានជោគជ័យ ខ្លាំងជាងភាពយន្តដែលលោក ធ្លាប់បានផលិតកន្លងទៅ ដោយលោកអះអាងថា វាមានរសជាតិប្លែកពីមុន បូកផ្សំជាមួយតួសម្ដែង សុទ្ធសឹងមានទេពកោសល្យសម្ដែងខ្ពស់។
«ខ្ញុំជឿថាបានជោគជយជាងរឿងពីមុន ព្រោះកាលមុនយើងចេញក្រោយកូវីដ។ កូវីដបើកខែ៤-៥ កុនយើងចេញខែ១០ ដូច្នេះប្រជាជននៅភ័យនៅឡើយ។ តែពេលនេះចប់កូវីដអស់ហើយ សេដ្ឋកិច្ចក៏គ្រាន់បើ ទស្សនិកជន ចូលទស្សនាក្នុងរោងភាពយន្តក៏ច្រើន ដូច្នេះខ្ញុំគិតថាសង្ឃឹមច្រើន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក បូរ៉ា។
![](https://image.thmeythmey.com/pictures/2024/01/17/credit__2_.jpg)
លោក បូរ៉ា ពុំទាន់ប្រាប់បាននៅឡើយទេ ថាទុនផលិតរឿង “អ៊ំចនម៉ែដោះ” ចាយអស់ប៉ុន្មាន ដោយសារលោកពុំទាន់បូកសរុបរួចរាល់។
សូមបញ្ជាក់ថា តាំងពីលោក ឆាយ បូរ៉ា បង្កើតផលិតកម្មដើមត្នោត (Palm Film) នៅឆ្នាំ២០០៨ មក លោកបានផលិតភាពយន្តភាគ ប្រមាណ៥០០ភាគ ដោយក្នុងមួយភាគ មាន៣០នាទី។ ចំណែករឿងដុំ បាន៦រឿង ទាំងសម្រាប់ទីផ្សារក្នុងប្រទេស និងក្រៅប្រទេស ខណៈរឿងខ្លីលោកផលិតបាន៧រឿង ផងដែរ៕
![](https://image.thmeythmey.com/pictures/2024/01/17/credit__3_.jpg)
![](https://image.thmeythmey.com/pictures/2024/01/17/credit__4_.jpg)
![](https://image.thmeythmey.com/pictures/2024/01/17/credit__5_.jpg)
Tag:
សិល្បៈ
ភាពយន្ត
កុន
© រក្សាសិទ្ធិដោយ thmeythmey.com