RFI
អន្តរជាតិ
ខួបបដិវត្តន៍ប្រឆាំងអំណាចផ្តាច់ការ ហ្វីលីពីនផ្ទុះបាតុកម្មប្រឆាំងគម្រោងកែរដ្ឋធម្មនុញ្ញ នៅហ្វីលីពីន ប្រជាពលរដ្ឋច្រើនកុះករមកប្រមូលផ្តុំគ្នា ដើម្បីអបអររំឭកខួបបដិវត្តន៍ ថ្ងៃទី២៥កុម្ភៈឆ្នាំ១៩៨៦។ AFP - JAM STA ROSA
×
ដោយ៖ហេង ឧត្តម /RFI ខេមរភាសា
មហាវិថីធំៗ ក្នុងរដ្ឋធានីម៉ានីស ពោរពេញដោយមនុស្ស។ ប្រជាពលរដ្ឋច្រើនកុះករមកប្រមូលផ្តុំគ្នា ដើម្បីអបអររំឭកខួបបដិវត្តន៍ ថ្ងៃទី២៥កុម្ភៈឆ្នាំ១៩៨៦ ដែលជាថ្ងៃបង្ហាញពី«អំណាចប្រជាជន» នៅថ្ងៃ២៥កុម្ភៈ២០២៤ ។ ការប្រមូលផ្តុំគ្នាធ្វើបាតុកម្មចំថ្ងៃនេះ ក៏ដើម្បីប្រឆាំងនឹង«អំណាចផ្តាច់ការថ្មី»ដែរ។ «អំណាចផ្តាច់ការថ្មី» សំដៅដល់ការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន ដែលសើរើច្បាប់រដ្ឋធម្មនុញ្ញ។ គម្រោងវិសោធនកម្មច្បាប់កំពូលនេះ ត្រូវប្រជាពលរដ្ឋហ្វីលីពីន រិះគន់ថា លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉ ចង់បន្ថែមអាណត្តិដឹកនាំប្រទេស។ សូមជ្រាបថា នៅហ្វីលីពីន ប្រធានាធិបតីមានអាណត្តិដឹកនាំត្រឹមតែ ៦ ឆ្នាំតែប៉ុណ្ណោះ។
អ្នកតំណាងរាស្ត្រប្រឆាំង លោកស្រី France L. Castro ប្រាប់វិទ្យុRFI ថា «ព្រឹត្តិការណ៍ថ្ងៃ២៥កុម្ភៈឆ្នាំ១៩៨៦ ជានិមិត្តរូបនៃការបញ្ចប់របបផ្តាច់ការ លុបបំបាត់អំពើពុករលួយ ហើយនិងបញ្ចប់ការរំលោភបំពានទៅលើសិទ្ធិមនុស្ស នៅសម័យនោះ។»
ក្នុងទសវត្សរ៍១៩៨០ ប្រទេសហ្វីលីពីនឋិតក្រោមអំណាចដឹកនាំផ្តាច់ការ ជាង២០ឆ្នាំ របស់ ហ្វ៊ែរឌីណង់ ម៉ាកូស។ ឆ្នាំ១៩៨៦ ស្ថានការណ៍ហ្វីលីពីនប្រែប្រួល ដ្បិតមានចលនាកំហឹងពលរដ្ឋ ឈប់ស្តាប់បង្កាប់រដ្ឋអំណាច ហើយប្រជាជនបះបោល ចុះផ្លូវតវ៉ា។ ប្រឈមមុខនឹងការងើបបះបោលរបស់កម្លាំងមហាជនកាន់តែខ្លាំងឡើងៗ ទីបំផុតទៅ រដ្ឋបាលសហរដ្ឋអាមេរិកជាន់នោះ ប្រកាសឈប់គាំទ្ររដ្ឋាភិបាលហ្វីលីពីន របស់លោក ហ្វ៊ែរឌីណង់ ម៉ាកូស។ ប្រការនេះជំរុញឲ្យលោក ម៉ាកូស ទាល់ច្រក និងលែងហ៊ានក្រាញ់អំណាច។ គ្រួសាររបស់ ហ្វ៊ែរឌីណង់ ម៉ាកូស រត់ភៀសខ្លួនទៅសហរដ្ឋអាមេរិក ជ្រកកោននៅហាវ៉ៃ ក្នុងថ្ងៃទី២៥កុម្ភៈ១៩៨៦ ហើយលោក ម៉ាកូស ទទួលអនិច្ចកម្ម នៅពីរឆ្នាំក្រោយមក។
ហេតុដូចនេះហើយ ទើប ហ្វីលីពីនរៀបចំកំណត់យកថ្ងៃ២៥កុម្ភៈ ជាថ្ងៃខួបរំឭកព្រឹត្តិការណ៍បណ្តេញមេដឹកនាំផ្តាច់ចេញពីអំណាច។ តាមទម្លាប់ជាប្រពៃណី ជាង៣ទសវត្សរ៍មក ថ្ងៃ២៥កុម្ភៈ ជាទិវាបុណ្យជាតិ និងជាថ្ងៃឈប់សម្រាកទូទាំងប្រទេស។
វិទ្យុបារាំងRFI បានបញ្ជូនអ្នកកាសែត Nicolas Rocca ឲ្យទៅធ្វើសេចក្តីរាយការណ៍ផ្ទាល់ ពីរដ្ឋធានីម៉ានីល។ បាតុករម្នាក់ លោក ហ្សាន់ ជាមន្ត្រីរាជការ ដែលធ្លាប់រស់ឆ្លងកាត់អំណាចផ្តាច់ការគ្រួសារ ម៉ាកូស បានប្រាប់ RFI ថា «ព្រឹត្តិការណ៍បណ្តេញមេផ្តាច់ការជាន់នោះ គឺព្រឹត្តិការណ៍ធំសម្បើមណាស់ ធំជាងឆ្នាំនេះ។ ប៉ុន្តែ ស្មារតីប្រឆាំងរបបផ្តាច់ការ នៅតែមានក្នុងចិត្តពលរដ្ឋហ្វីលីពីនដដែល។ យើងអាចរំលំមេផ្តាច់ការម្តងហើយ ពេលនេះ យើងនឹងអាចរំលំជាថ្មីម្តងទៀត។»
បាតុករវ័យជាង៦០ឆ្នាំ រូបនេះ ពន្យល់បន្ថែមថា ប្រធានាធិបតីហ្វីលីពីនសព្វថ្ងៃ ជាកូន ហ្វ៊ែរឌីណង់ ម៉ាកូស គឺចង់សើរើទម្លាប់ជាប្រពៃណីជាង ៣០ ឆ្នាំមកនេះ និងចង់លុបបំបាត់ថ្ងៃឈប់សម្រាកនេះចោលថែមទៀត។ មិនតែប៉ុណ្ណោះ «រដ្ឋាភិបាលរបស់លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ ចង់កែប្រែរដ្ឋធម្មនុញ្ញដើម្បីឲ្យខ្លួនអាចនៅក្តាប់អំណាចរដ្ឋកាន់តែយូរ ហើយនិង ចង់កែប្រែច្បាប់សេដ្ឋកិច្ច ឲ្យពួកបរទេសមកត្រួតត្រាសេដ្ឋកិច្ចយើងទៀត»៕
© រក្សាសិទ្ធិដោយ thmeythmey.com