RFI
អន្តរជាតិ
ទីភ្នាក់ងារ IEA៖ ការបញ្ចេញឧស្ម័នកាបូនិកដោយស្នាដៃមនុស្ស កើនដល់ចំនួនបំបែកឯតទគ្គកម្ម ទំនប់ស្តុកទឹកនៅទីក្រុងYorkshire ប្រទេសអង់គ្លេស មានកម្រិតទឹកធា្លក់ចុះទាប ដោយសារគ្រោះរាំងស្ងួតជាប់ៗគ្នា AP - Jon Super
×
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
ការបញ្ចេញឧស្ម័នកាបូនិកនៅបន្តកើនឡើងនៅឆ្នាំ២០២៣ ដោយសារតែថាមពលស្អាតស្អំដូចជាថាមពលបានមកពីទំនប់វារីអគ្គិសនីបានធ្លាក់ថយចុះ នៅក្នុងពិភពលោក ដោយសារតែគ្រោះរាំងស្ងួត ខ្វះទឹក។ នេះបើតាមរបាយការណ៍ ដែលទីភ្នាក់ងារថាមពលអន្តរជាតិបានចុះផ្សាយកាលពីថ្ងៃសុក្រទី ១មីនា។ ដោយសារតែគ្រោះរាំងស្ងួត ចិន កាណាដា ម៉ិកស៊ិកបានងាកទៅប្រើថាមពលបានមកពីធ្យូងថ្ម ឬប្រេងឧស្ម័ន ដែលបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដើមហេតុនៃការឡើងកំដៅផែនដី។
នៅឆ្នាំ ២០២៣ ថាមពលដែលមនុស្សប្រើប្រាស់នៅក្នុងពិភពលោក បានបញ្ចេញឧស្ម័នកាបូនិកកាន់តែច្រើនឡើង ប្រមាណ ៤៩០លានតោនបន្ថែមទៀត ដែលជាហេតុធ្វើឲ្យការបញ្ចេញឧស្ម័នកាបូនិកសរុបមានចំនួន ៣៧,៤ពាន់លានតោន ពោលគឺកើនឡើង១,១% បើប្រៀបធៀបនឹងឆ្នាំ ២០២២។ តាមការពន្យល់របស់ទីភ្នាក់ងារថាមពលអន្តរជាតិហៅកាត់ជាភាសាអង់គ្លេសIEAថា នៅឆ្នាំ ២០២៣ ការបញ្ចេញឧស្ម័នកាបូនិកបានកើនឡើង បំបែកឯតទគ្គកម្ម ព្រោះថា ការផលិតថាមពលស្អាតស្អំដែលបានមកពីរោងចក្រវារីអគ្គិសនី បានធ្លាក់ថយចុះ នៅទូទាំងពិភពលោក ដោយសារតែគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ប៉ុន្មានរដូវជាប់ៗគ្នា នៅគ្រប់តំបន់។
ដោយសារតែខ្វះទឹក គ្រោះរាំងស្ងួត ប្រទេសមួយចំនួនដែលត្រូវការច្រើន ថាមពលសម្រាប់ចលនាម៉ាស៊ីនសេដ្ឋកិច្ច ដូចជាចិន កាណាដា ឬម៉ិកស៊ិកជាដើមបានងាកមកប្រើថាមពលផូស៊ីល ដែលជាប្រភពបញ្ចេញឧស្ម័នកាបូនិកក្រាស់ក្រែល។ ជាក់ស្តែង មហាយក្សចិនតែម្នាក់ឯង បញ្ចេញឧស្ម័នកាបូនិកដល់ទៅ ៥៦៥លានតោន នៅ ឆ្នាំ ២០២៣ នោះក៏ដោយសារតែចិនត្រលប់ទៅប្រើថាមពលធ្យូងថ្ម និងប្រេង សម្រាប់ផលិតអគ្គិសនី ជំរុញកំណើនសេដ្ឋកិច្ច នៅក្រោយវិបត្តិកូវីដ។
តាមការសង្កេតរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ និន្នាការនៅប្រទេសចិន ខុសផ្ទុយស្រឡះ ពីបណ្តាប្រទេសអភិវឌ្ឍ ដែលនៅតែអាចបន្តជំរុញសេដ្ឋកិច្ច ធានាកំណើនផលិតក្នុងស្រុកសរុប ដោយមិនចាំបាច់ត្រូវការថាមពលផូស៊ីល។ នៅទឹកដីអឺរ៉ុបជាដើម ការប្រើថាមពលធ្យូងថ្ម បានធ្លាក់ថយចុះ ជាបន្តបន្ទាប់ បើធៀបនឹងដើមសតវត្សរ៍ទី ២០។
ការបញ្ចេញឧស្ម័នកាបូនិក ដោយសារការប្រើប្រាស់ថាមពលផូស៊ីល ចេះតែបន្តកើនឡើងយ៉ាងដូច្នេះ មិនមែនជាសញ្ញាល្អទាល់តែសោះ ព្រោះថា ដើម្បីទប់ស្កាត់ កុំឲ្យកំដៅលើផែនដី កើនឡើងបន្ថែម ១,៥អង្សា គេទាមទារឲ្យគ្រប់វិស័យទាំងអស់ត្រូវកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ឲ្យបាន៤៣% យ៉ាងយូរបំផុតនៅឆ្នាំ ២០៣០ ពោលគឺមិនមែនចេះតែបង្កើនការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់។
ដោយពិតទៅ អ្វីៗមិនខ្មៅងងឹតទាំងស្រុងនោះទេ។ ជាការកត់សំគាល់របស់ទីភ្នាក់ងារថាមពលអន្តរជាតិ នៅក្នុងរបាយការណ៍របស់ខ្លួន ការបញ្ចេញឧស្ម័នកាបូនិកបន្តកើនឡើងមែនពិត ប៉ុន្តែ ក្នុងបរិមាណទាប បើប្រៀបធៀបនឹងឆ្នាំ ២០២២។ នោះក៏ដោយមកពីមានការប្រឹងប្រែង ការបង្កើនការផលិតថាមពលស្អាតស្អំ ដូចជាថាមពលពន្លឺព្រះអាទិត្យ និងវាយោជាដើម។
សម្រាប់ទីភ្នាក់ងារថាមពលអន្តរជាតិ បើសិនជាគ្មានថាមពលស្អាតស្អំ នោះ ការបញ្ចេញឧស្ម័នកាបូនិកនឹងកើនឡើងបន្ថែម ៩០០លានតោន ក្នុងមួយឆ្នាំ ពោលគឺ៣ដងនៃចំនួនកើនឡើងសព្វថ្ងៃ។ ប៉ុន្តែ ទីភ្នាក់ងារថាមពលIEA នៅតែសោកស្តាយពីគម្លាតរវាងប្រទេសអ្នកមាន និងប្រទេសអ្នក្រ នៅក្នុងការប្រើប្រាស់ថាមពលស្អាតស្អំ ព្រោះថា ការវិនិយោគលើថាមពលស្អាតស្អំផ្តោតប្រមូលផ្តុំតែនៅប្រទេសអ្នកមាន ប្រទេសមហាអំណាចធំៗ ដែលមានលទ្ធភាព មានមធ្យោបាយច្រើន ដូចជា ប្រទេសចិន អាមេរិក និងសហភាពអឺរ៉ុបជាដើម។ ជាក់ស្តែង ថាមពលស្អាតស្អំបានមកពីផ្ទាំងសូឡា និងវាយោអគ្គិសនី កើនឡើងតែនៅបណ្តាប្រទេសអភិវឌ្ឍ ចំណែកប្រទេសក្រីក្រ ប្រទេស នៅអាស៊ី និងនៅអាហ្វ្រិក ជាដើម ដែលសំបូរពន្លឺព្រះអាទិត្យ នៅតែខ្សត់ខ្សោយ ខ្វះការវិនិយោគសម្រាប់ផលិតថាមពលស្អាតស្អំ៕
© រក្សាសិទ្ធិដោយ thmeythmey.com