RFI
អន្តរជាតិ
អង្គការអ្នកយកការណ៍គ្មានព្រំដែនបង្ហោះផ្កាយរណបព័ត៌មានឯករាជ្យនៅរុស្ស៊ី អង្គការក្រៅរដ្ឋាភិបាល RSF បានប្រកាស បង្ហោះបណ្តាញព័ត៌មានផ្កាយរណប ប្រកបដោយជោគជ័យ សម្រាប់ផ្តល់ព័ត៌មានបែបឯករាជ្យដល់ប្រជាពលរដ្ឋរុស្ស៊ី © RFI khmer
×
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
អង្គការក្រៅរដ្ឋាភិបាល RSF បានប្រកាស នៅថ្ងៃទី៥មីនា បង្ហោះបណ្តាញព័ត៌មានផ្កាយរណប ប្រកបដោយជោគជ័យ សម្រាប់ផ្តល់ព័ត៌មានបែបឯករាជ្យដល់ប្រជាពលរដ្ឋរុស្ស៊ី។ បច្ចុប្បន្នភាពផ្តល់ដោយបណ្តាញផ្កាយរណបSvoboda ស្វូបូដា មួយភាគធំផលិតឡើងដោយអ្នកកាសែតជាតិរុស្ស៊ីដែលបានបង្ខំចិត្តនិរទេសខ្លួនចាកចេញពីប្រទេសនៅពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។
សម្រាប់អង្គការអ្នកយកការណ៍គ្មានព្រំដែន RSF បណ្តាញព័ត៌មានផ្កាយរណប “Svoboda” (មានន័យថា សេរីភាព ជាភាសារុស្ស៊ី) ជាភស្តុតាងបញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យអាចនាំចេញដោយឯករាជ្យ និងអាចបត់ប្តូរនិន្នាការឃោសនាពង្វក់ព័ត៌មានរបស់បណ្តាញសារព័ត៌មានរុស្ស៊ីដែលត្រួតត្រាដោយរដ្ឋរុស្ស៊ី។ មានន័យថា ចាប់ពីពេលនេះទៅពលរដ្ឋរុស្ស៊ីអាចស្តាប់និងតាមដានព័ត៌មាននិយាយអំពីសង្គ្រាម និងឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន មិនមែនឮត្រឹមពាក្យថា ប្រតិបត្តិការយោធាពិសេស ដូចអ្វីដែលប្រធានាធិបតីរុស្ស៊ីពូទីនប្រើនោះទេ។ នេះបើតាមការគូសបញ្ជាក់របស់RSF ជាម្ចាស់គម្រោង។
គម្រោងផ្កាយរណបបានចាប់ដំណើរការជាផ្លូវការ ដោយមានការគាំទ្រពីសំណាក់អនុប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Veera Jourova ដែលចាត់ទុកSvoboda ជាឧបករណ៍សម្រាប់ប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត។ អឺរ៉ុបមិនបានត្រៀមប្រឈមនឹងការផ្សព្វផ្សាយព័ត៌មានបែបវាយលុកយ៉ាងសាហាវ និងមិននឹកស្មានថារុស្ស៊ីមានសមត្ថភាពឃោសនាបំផ្លើសព័ត៌មានសម្របតាមស្ថានភាពប្រទេសនីមួយៗជាសមាជិកសហភាពអឺរ៉ុបដូច្នេះសោះ។ នេះជាប្រសាសន៍របស់លោកស្រីអនុប្រធានគណៈកម្មការអឺរ៉ុបដដែល។
បណ្តាញផ្កាយរណបថ្មីនេះ មានផ្សាយវិទ្យុនិង ទូរទស្សន៍៩ប៉ុស្តិ៍ សម្រាប់ពេលចាប់ផ្តើមដំបូង និងអាចឡើងដល់២៥ប៉ុស្តិ៍នៅថ្ងៃក្រោយ ហើយនិយាយជាភាសារុស្ស៊ី សម្រាប់ទូរទស្សនិកជនរុស្ស៊ី និងទូរទស្សនិកជននិយាយភាសារុស្ស៊ី រស់នៅជាប់ប្រទេសរុស្ស៊ី ដូចយ៉ាងប្រទេសបេឡារុស ឬដែនដីអ៊ុយក្រែនក្រោមការកាន់កាប់របស់យោធារុស្ស៊ី។
អង្គការក្រៅរដ្ឋាភិបាលបារាំង ជាអ្នកផ្គត់ផ្គង់ថវិកាលើគម្រោងផ្សាយតាមផ្កាយរណបនេះ ដោយប្រើប្រព័ន្ធផ្សព្វផ្សាយតាមផ្កាយរណបជាមួយក្រុមEutelsat ជាមួយ Horbird។ ដូច្នេះបើតាមការពន្យល់លម្អិតរបស់លោក Christophe Deloire អគ្គលេខាអង្គការRSFពលរដ្ឋរុស្ស៊ីប្រមាណ៤លានកន្លះដែលមានបំពាក់ប្រព័ន្ធប៉ារ៉ាបូលនៅតាមផ្ទះស្រេចទៅហើយ នឹងអាចមើលទូរទស្សន៍ តាមដានព័ត៌មាន បច្ចុប្បន្នភាព និងកម្មវិធីផ្សេងៗទៀតតាមបណ្តាញSvoboda បន្ថែមពីលើបណ្តាញដែលមានស្រាប់ បានដោយសុវត្ថិភាព និងជាទីទុកចិត្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com