RFI
អន្តរជាតិ
នាវាមនុស្សធម៌ទីមួយចេញទៅហ្កាហ្សា ចំពេលបទឈប់បាញ់គ្មានពន្លឺ នាវា Open Arms ផ្ទុកពេញទៅដោយជំនួយស្បៀង នៅកំពង់ផែLarnacaប្រទេស Chypre ថ្ងៃទី៨មីនា២០២៤ AP - Marcos Andronicou
×
ដោយ៖អៀង សុខម៉ិញ /RFI ខេមរភាសា
ច្រកមនុស្សធម៌តាមផ្លូវទឹក នឹងបើកនៅចុងសប្តាហ៍នេះ នៅហ្កាហ្សា។ អង្គការក្រៅរដ្ឋាភិបាលពីរ បានរៀបចំនាវាផ្ទុកជំនួយស្បៀងរួចរាល់ និងត្រៀមលក្ខណៈចាកចេញពីកំពង់ផែស៊ីបទៅកាន់តំបន់ហ្កាហ្សា ដែលកំពុងប្រឈមនឹងគ្រោះទុរ្ភិក្សនិងបន្តរងការវាយប្រហារពីសំណាក់យោធាអ៊ីស្រាអែលឥតស្វាង។ ចំណែកក្តីសង្ឃឹមថានឹងរកឃើញបទឈប់បាញ់មនុស្សធម៌ ក្នុងអំឡុងពេលតមអាហាររ៉ាម៉ាដង់ មានកាន់តែតិចទៅៗ។
ចលនាប៉ាឡេស្ទីនហាម៉ាស មិនចាប់អារម្មណ៍លើបទឈប់បាញ់ទេ និងចង់តែបញ្ឆេះភ្លើងសង្គ្រាមក្នុងតំបន់ នាអំឡុងពេលតមអាហាររ៉ាម៉ាដង់ ដែលនឹងត្រូវចាប់ផ្តើមនៅអាទិត្យឬចន្ទស្អែកនេះ។ នេះជាពាក្យចោទប្រកាន់របស់អ៊ីស្រាអែលតាមរយៈសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូ កាលពីថ្ងៃសៅរ៍ ដោយបន្ថែមថាកិច្ចចរចារវាងភ្នាក់ងារចារកិច្ចអ៊ីស្រាអែលនិងអាមេរិក ដើម្បីបទឈប់បាញ់នៅហ្កាហ្សានៅតែមានជាបន្ត។
ប៉ុន្តែសម្រាប់លោកចូបៃដិន ប្រធានាធិបតីអាមេរិកវិញ របៀបធ្វើសង្គ្រាមនៅហ្កាហ្សារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលពេលនេះនាំផលអាក្រក់ច្រើនជាងផលល្អដល់អ៊ីស្រាអែល។ លោកនេតាន់យ៉ាហ៊ូ មានសិទ្ធិការពារប្រទេសអ៊ីស្រាអែល និងមានសិទ្ធវាយប្រហារលើពួកចលនាហាម៉ាស តែត្រូវ និងត្រូវតែ ប្រុងប្រយ័ត្នចំពោះការបាត់បង់ជីវិតជនស៊ីវិលដោយសារទង្វើរបស់ខ្លួន។
នេះជាប្រសាសន៍របស់លោកចូបៃដិនទៅកាន់បណ្តាញសារព័ត៌មានMSNBC ដោយថ្លោយមាត់បែបដាក់កំហិតថា អាមេរិកមិនបោះបង់អ៊ីស្រាអែលជាដាច់ខាត គ្មានកំរិតគំនូសក្រហមថាអាមេរិកត្រូវបញ្ឈប់ការបញ្ជូនអាវុធទៅឱ្យអ៊ីស្រាអែលឡើយ តែមិនត្រូវរំលងទេ ... មិនអាចឱ្យពលរដ្ឋប៉ាឡេស្ទីន៣ម៉ឺននាក់ស្លាប់បន្ថែមឡើយ។
ប្រធានាធិបតីអាមេរិកវ័យ៨១ឆ្នាំ មិនបានលាក់បាំងភាពឃ្នើសចិត្តនឹងប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលឡើយ។ លោកបានដាក់សម្ពាធកាន់តែខ្លាំងឡើងៗឱ្យអ៊ីស្រាអែលព្រមព្រៀងទទួលយកបទឈប់បាញ់។ កាលពីថ្ងៃព្រហស្បតិ៍ លោកបានប្រកាសអំពីលទ្ធភាពបង្កើនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា។ នៅថ្ងៃនេះ នាវាយោធាអាមេរិកមានផ្ទុកសម្ភារៈ សាងសង់កំពង់ផែទទួលជំនួយតាមផ្លូវទឹក បានចាកចេញពីមូលដ្ឋានទ័ពសំដៅហ្កាហ្សា។
នាវាអង្គការក្រៅរដ្ឋាភិបាលអេស្ប៉ាញ Open Arms សហការជាមួយអង្គការក្រៅរដ្ឋាភិបាល មេចុងភៅអាមេរិក World Central Kitchen មានផ្ទុកជំនួយស្បៀងចំនួន២០០តោន ជាអង្ករ ម្សៅ និងត្រីខកំប៉ុង បានរៀបចំរួចជាស្រេច នឹងចេញដំណើរពីកំពង់ផែប្រទេសស៊ីបឆ្ពោះទៅកាន់តំបន់ហ្កាហ្សា ដែលនៅចម្ងាយប្រមាណ៣៧០គីឡូម៉ែត្រពីគ្នា។
តែស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សាដុនដាបខ្លាំងណាស់។ រងគ្រាប់ផ្លោងអ៊ីស្រាអែលឥតដាច់ហើយ គ្មានទឹក គ្មានអាហារទៀត។ បើតាមអង្គការសហប្រជាជាតិ ហ្កាហ្សាមិនអាចគេចរួចពីគ្រោះទុរ្ភិក្សទូទៅ បានទេ។ ជំនួយស្បៀងទម្លាក់តាមអាកាស និងដឹកតាមសមុទ្រ មិនអាចជំនួសមធ្យោបាយដឹកជញ្ជូនជំនួយមនុស្សធម៌តាមផ្លូវគោកបានឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com