RFI
អន្តរជាតិ
SIPRI៖ ការនាំចូលអាវុធនៅអឺរ៉ុប បានកើនឡើងទ្វេដង ក្នុងរវាង៥ឆ្នាំចុងក្រោយ រូបថតគេហទំព័រ វិទ្យាស្ថានអន្តរជាតិស្រាវជ្រាវដើម្បីសន្តិភាព Sipri ដែលមានទីតាំងនៅក្រុងស្តុកខូលម៍ © RFI
×
ដោយ៖ម៉ម ពិសី /RFI ខេមរភាសា
បណ្តាប្រទេសនៅអឺរ៉ុប បាននាំចូលអាវុធចំនួនសឹងតែទ្វេដង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ នេះបើផ្អែកតាមរបាយការណ៍ថ្មីមួយ ចេញផ្សាយនៅថ្ងៃចន្ទ ទី១១មីនា របស់វិទ្យាស្ថានអន្តរជាតិស្រាវជ្រាវសន្តិភាព ហៅកាត់ថា Sipri។ យោងតាមរបាយការណ៍នេះ ចំនួនអាវុធនាំចូលអឺរ៉ុបកើនឡើងខ្លាំងបែបនេះ គឺមួយផ្នែកធំដោយសារតែសង្រ្គាមនៅអ៊ុយក្រែន។
ក្នុងរយៈពេល ពីឆ្នាំ២០១៩ ដល់២០២៣ ការនាំចូលអាវុធនៅក្នុងអឺរ៉ុប បានកើនឡើងចំនួន៩៤% បើប្រៀបធៀបទៅរយៈពេល៥ឆ្នាំមុន។ អ៊ុយក្រែន បានក្លាយជាអ្នកនាំអាវុធចូល ធំជាងគេលំដាប់ទី៤នៃពិភពលោក។ រីឯបារាំង បានក្លាយជាអ្នកនាំចេញអាវុធ ធំជាងគេលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ជំនួសកន្លែងរបស់រុស្ស៊ី ដែលការនាំចេញអាវុធបានធ្លាក់ចុះ។
លោកស្រី Katarina Djokic អ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថាន Sipri បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា ទំហំនៃការនាំចូលអាវុធនៅអឺរ៉ុបបានកើនឡើងខ្លាំងសឹងទ្វេដងនេះ គឺមួយផ្នែកធំ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន។ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២២មក យ៉ាងហោចណាស់ ប្រទេសចំនួន៣០ ដែលបានផ្តល់ជំនួយយោធា ទៅឲ្យអ៊ុយក្រែន។
តែទន្ទឹមគ្នានេះ យោងតាមរបាយការណ៍របស់ Sipri ប្រទេសអឺរ៉ុបខ្លះទៀត ក៏បានបន្ថែមការនាំចូលអាវុធមកកាន់ប្រទេសគេដែរ ដែលមួយផ្នែកធំ គឺនាំចូលមកពីអាមេរិក។ រវាងពី២០១៩ដល់២០២៤ ៥៥%នៃអាវុធនាំចូលមកអឺរ៉ុប គឺនាំមកពីសហរដ្ឋអាមេរិក។ ពោលគឺជាទំហំកើនឡើងចំនួន ៣៥% បើប្រៀបធៀបទៅរវាង ឆ្នាំ២០១៤-២០១៨។ លោកស្រី Katarina Djokic បានពន្យល់ថាប្រទេសអឺរ៉ុបភាគច្រើនទិញអាវុធរបស់អាមេរិក ដោយសារតែភាគច្រើនពួកគេជាសមាជិករបស់អូតង់ ឬជាដៃគូនៅក្នុងកម្មវិធីអភិវឌ្ឍន៍គ្រឿងសព្វាវុធជាមួយអាមេរិក។ ការសំរុកនាំចូលអាវុធពីអាមេរិកភ្លាមៗនេះ គឺជាលទ្ធផលនៃការភ័យបារម្ភ របស់ប្រទេសអឺរ៉ុបបន្ទាប់ពីឃើញរុស្ស៊ីធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។
គួរបញ្ជាក់ថា ក្នុងរវាង៥ឆ្នាំកន្លងទៅ ការនាំចេញអាវុធរបស់អាមេរិក បានកើនឡើងចំនួន១៧%។ អាវុធអាមេរិកនាំចេញទូទាំងពិភពលោកមានទំហំ ៤២%។ រុស្ស៊ីដែលតែងតែស្ថិតនៅលេខរៀងទី២ បន្ទាប់ពីអាមេរិក បានរបូតតំណែងខ្លួន នៅលើកនេះ បន្ទាប់ពីការនាំចេញអាវុធបានធ្លាក់ចុះដល់ទៅ៥៣% រវាងពីឆ្នាំ២០១៤ដល់២០២៣។ ការនាំចេញរបស់រុស្ស៊ីបានធ្លាក់ចុះ មួយផ្នែកដោយសាររុស្ស៊ីត្រូវការប្រើប្រាស់ខ្លួនឯងក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន ហើយមួយផ្នែកទៀត ដោយសារចិនដែលធ្លាប់តែជាអ្នកទិញអាវុធពីរុស្ស៊ីច្រើនជាងគេនោះ បានងាកទៅផ្តល់អាទិភាពដល់ការផលិតដោយខ្លួនឯង។ យ៉ាងណាក៏ដោយ ក្នុងចំណោមទំហំនាំចេញអាវុធរបស់រុស្ស៊ី គឺលក់ឲ្យចិនប្រមាណ២១% និងទៅឥណ្ឌា ប្រមាណ៣៤%។
ផ្អែកតាមការវិភាគរបស់អ្នកជំនាញ Sipri ទំហំនាំចេញរបស់រុស្ស៊ីបានធ្លាក់ចុះ បានធ្វើឲ្យកើននៅខាងបារាំងវិញ។ ៥ឆ្នាំកន្លងមកនេះ ការនាំចេញអាវុធរបស់បារាំងបានកើនឡើង ៤៧% ធ្វើឲ្យបារាំងក្លាយជាប្រទេសនាំចេញគ្រឿងសព្វាវុធធំជាងគេលំដាប់ទី២។ ផលិតផលសព្វាវុធបារាំង ដែលគេពេញនិយមបំផុត គឺយន្តហោះចម្បាំងRafale៕
© រក្សាសិទ្ធិដោយ thmeythmey.com