RFI
អន្តរជាតិ
UNHCR អំពាវនាវប្រមូលថវិកាឲ្យបាន៨៥០លានដុល្លារ ជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ា
×
ដោយ៖ម៉ម ពិសី/RFI ខេមរាភាសា
ឧត្តមស្នងការដ្ឋានទទួលបន្ទុកជនភៀសខ្លួន បានប្រកាសអំពាវនាវ ថាគេត្រូវការថវិកា ចំនួន៨៥០លានដុល្លារ ដើម្បីជួយដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក្នុងឆ្នាំ២០២៤នេះ។ បច្ចុប្បន្ននេះ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រមាណ១លាននាក់ កំពុងរស់នៅក្នុងលក្ខខណ្ឌលំបាកវេទនាជាទីបំផុត និងគ្មានក្តីសង្ឃឹមថាអាចត្រលប់ទៅភូមិស្រុក នៅឯភូមាវិញឡើយ។
ផ្សាយពាណិជ្ជកម្មជំនួយពីសហគមន៍អន្តរជាតិ ជ្រោមជ្រែងដល់បង់ប្លាក្លាដែស និងក្រុមការងារអង្គការជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ា គឺមានសារៈសំខាន់ ជាងពេលណាៗទាំងអស់ សម្រាប់ពេលនេះ។ នៅក្នុងលិខិតប្រកាសរបស់ ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា UNHCR គឺក្នុងឆ្នាំ២០២៤នេះ គេត្រូវការប្រាក់ ចំនួន៨៥០លានដុល្លារ។ លិខិតបន្តថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កំពុងស្ថិតនៅក្នុងស្ថានភាពទ័លច្រក គ្មានក្តីសង្ឃឹម ហើយរស់រំពឹងទាំងស្រុង ទៅលើជំនួយមនុស្សធម៌ នៅក្នុងជំរុំដែលមានមនុស្សកកណែន គ្មានសុវត្ថិភាព និងប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ ទល់នឹងគ្រោះមហន្តរាយធម្មជាតិ។
ផែនការជំនួយ ដែលUNHCR បានដាក់បង្ហាញនៅថ្ងៃពុធទី១៣មីនា គឺមានការចូលរួមពីដៃគូពាក់ព័ន្ធចំនួន១១៧ ដែលក្នុងនោះជិតពាក់កណ្តាល គឺសុទ្ធសឹងជាសមាគម ឬអង្គការបង់ក្លាដែស។ ផែនការនេះ មានកម្មវត្ថុផ្តល់ការទំនុកបម្រុងដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រម៉ាណ១លាននាក់ ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងជំរុំ Cox’s Bazar ប្រទេសបង់ក្លាដែស និងជួយដល់សហគមន៍ប្រជាជនបង់ក្លាដែស ចំនួន៣៤៦០០០នាក់ ដែលបានទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅតំបន់នោះ។
ថវិកាជំនួយដែលប្រមូលបាន នឹងត្រូវយកទៅចំណាយ ទិញចំណីអាហារ ទិញសម្ភារៈសាងសង់ជំរកស្នាក់នៅ និងចំណាយលើវិស័យសុខភាព ផ្គត់ផ្គង់ទឹកស្អាតនៅក្នុងជំរុំ ការអប់រំរៀនសូត្ររបស់កុមារ ព្រមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបបចិញ្ចឹមជីវិតផ្សេងៗទៀត។
គួរកត់សំគាល់់ថា ឆ្នាំនេះ អង្គការសហប្រជាជាតិ អំពាវនាវប្រមូលប្រាក់ ទាបជាងឆ្នាំមុន។ កាលពីឆ្នាំ២០២៣ ទឹកប្រាក់ដែលគេចង់បាន មានទំហំ៨៧៦លានដុល្លារ តែដល់ជាក់ស្តែង ប្រមូលបានត្រឹមតែ៤៤០លានដុល្លារតែប៉ុណ្ណោះ។ គ្មានក្តីសង្ឃឹមច្រើនទេ ថាឆ្នាំ២០២៤ គេនឹងប្រមូលប្រាក់បានគ្រប់ចំនួន៨៥០លានដុល្លារដូចការរំពឹងទុក។
សូមរំលឹកថា បង់ក្លាដែសបានទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចំនួនប្រមាណ១លាននាក់ ដែលពួកគេបានរត់គេចពីការកាប់សម្លាប់ បង្កឡើងដោយកងទ័ពរបបសិកភូមា នៅឆ្នាំ២០១៧។ ការកកណែន គ្មានទាំងអនាម័យ គ្មានទាំងសន្តិសុខនៅក្នុងជំរុំ ជាមួយនឹងជីវភាពក្រីក្រតោកយ៉ាកផងនោះ បានបង្ខំឲ្យជនរ៉ូហ៊ីងយ៉ាខ្លះ ផ្សងជីវិតជិះទូកទៅរកកន្លែងស្នាក់នៅផ្សេងទៀត នៅតាមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាដើម។
របបសិកភូមាដែលបានធ្វើរដ្ឋប្រហារនៅឆ្នាំ២០២១ ត្រូវរងនូវការស៊ើបអង្កេត ពីសំណាក់អង្គការសហប្រជាជាតិ ទាក់ទិននឹងអំពើប្រល័យពូជសាសន៍ ធ្វើទៅលើជនជាតិរ៉ូហ៊ីងយ៉ា ដែលកាន់សាសនាអ៊ីស្លាម។ តែយ៉ាងណា ៣ឆ្នាំកន្លងមកនេះ ស្ថានការណ៍រំលោភសិទ្ធិមនុស្សនៅភូមា កាន់តែធ្ងន់ធ្ងរទៅ។ លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស បានចាត់ទុកថា ស្ថានការណ៍នៅភូមាគឺជាសុបិនអាក្រក់គ្មានថ្ងៃបញ្ចប់ ហើយ របបសិកភូមា គឺជារបបព្រៃផ្សៃឃោរឃៅ ក្នុងនិទណ្ឌភាពយ៉ាងពេញទំហឹង៕
© រក្សាសិទ្ធិដោយ thmeythmey.com