ដោយ៖ ឈាង បុប្ផា/RFI ខេមរភាសា
មហាសេដ្ឋីនីអចលនទ្រព្យវៀតណាម ដែលជាប់ចោទប្រព្រឹត្តអំពើពុករលួយកំពុងប្រឈមនឹងទោសប្រហារជីវិត។ នៅក្នុងសវនាការផ្តោតទៅលើសំណុំរឿងគៃបន្លំហិរញ្ញវត្ថុដ៏ធំជាងគេនៅក្នុងប្រវត្តិសាស្រ្តវៀតណាម រដ្ឋអាជ្ញាវៀតណាម កាលពីថ្ងៃអង្គារទី ១៩មីនាបានទាមទារឲ្យតុលាការកាត់ទោសប្រហារជីវិត លោកស្រី ជឿង មីឡាន ម្ចាស់ក្រុមហ៊ុនវ៉ាន់ធីញហ្វាត់ ក្នុងហេតុផលថា លោកស្រី ជាមេគំនិត ជាអ្នកបញ្ជាឲ្យធ្វើឯកសារបន្លំខ្ចីប្រាក់ធនាគារ ក្នុងទំហំទឹកប្រាក់ ជាង១២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកវៀតណាម Tuoi Tre។
នៅទីក្រុងហូជីមិញ សវនាការលើសំណុំរឿងគៃបន្លំហិរញ្ញវត្ថុដ៏ធំជាងគេនៅវៀតណាមបានចាប់ផ្តើម តាំងពីថ្ងៃទី ៥មីនា និងគ្រោងដំណើរការរយៈពេល២ខែ ដោយយោងទៅលើមនុស្សរងការចោទប្រកាន់ ចំនួន ៧៨នាក់ និងឯកសារភស្តុតាង ពាក្យបណ្តឹង ទម្ងន់ ៦តោន។
ប៉ុន្តែ នៅក្នុងសវនាការដែលទើបចាប់ផ្តើមបាន២សប្តាហ៍ រដ្ឋអាជ្ញាវៀតណាម កាលពីថ្ងៃអង្គារបានសំណូមពរឲ្យគណៈវិនិច្ឆ័យប្រជាជនដាក់ទោសធ្ងន់ គឺទោសប្រហារជីវិត ដល់លោកស្រី ជឿង មីឡាន ប្រធានក្រុមហ៊ុន វ៉ាន់ធីញហ្វាត់ នៅក្នុងរឿងលួចបន្លំហិរញ្ញវត្ថុ ដ៏មហាសាល ជាង ១២ពាន់លានដុល្លារ។
យោងតាមការិយាល័យរដ្ឋអាជ្ញា ដែលដកស្រង់ចុះផ្សាយដោយកាសែតក្នុងស្រុកវៀតណាម Tuoi Tre សេដ្ឋីនីអចលនទ្រព្យ ជឿង មីឡាន ជាមេខ្លោងបញ្ជាឲ្យគេធ្វើឯកសារបន្លំខ្ចីប្រាក់ធនាគារដល់ទៅជាង ១៣០០ឯកសារ ក្នុងរយៈពេល១០ឆ្នាំ ដើម្បីដកប្រាក់ ជាង ១២ពាន់លានដុល្លារ ចេញពីធនាគារ Saigon Commercial Bank ដែលក្រុមហ៊ុនរបស់លោកស្រីមានភាគហ៊ុនដល់ទៅ៩០%។ សម្រាប់រដ្ឋអាជ្ញាវៀតណាម ជាមេគំនិតរៀបចំឲ្យមានការគៃបន្លំហិរញ្ញវត្ថុដ៏ធំសម្បើម ប៉ុន្តែ នៅក្នុងអង្គសវនាការរហូតមក សេដ្ឋីនីអចលនទ្រព្យ ជឿង មីឡានមិនព្រមទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្លួន នៅតែចចេសរឹងក្បាល និងបន្តទម្លាក់កំហុសទៅលើបុគ្គលិកដែលធ្វើការក្រោមបង្គាប់របស់ខ្លួន។ ជឿង មីឡានគ្មានបង្ហាញការសោកស្តាយទាល់តែសោះ ខណៈពេលអ្នកជាប់ចោទប្រកាន់ផ្សេងទៀត សារភាពទទួលកំហុស។
តាមរដ្ឋអាជ្ញា ជឿង មីឡានបានបោកប្រាស់លុយរបស់មនុស្សជាង ៤ម៉ឺននាក់។ នគរបាលវៀតណាមវិញនិយាយថា ជនរងគ្រោះដែលជាអ្នកដាក់លុយនៅក្នុងធនាគារ Saigon Commercial Bank បានអះអាងថា ពួកគេមិនអាចដកប្រាក់របស់ពួកគេ មិនបានទទួលការប្រាក់ ឬភាគរយពីធនាគារនោះទេ គិតចាប់តាំង មហាសេដ្ឋីនី ជឿង មីឡានត្រូវចាប់ខ្លួន នៅខែតុលាកន្លងទៅ។
នៅក្នុងសំណុំរឿងនេះ រដ្ឋអាជ្ញាទាមទារឲ្យគណៈវិនិច្ឆ័យកាត់ទោសប្រហារជីវិតអតីតសេដ្ឋីនី ជឿង មីឡានក្នុងបទចោទប្រកាន់គៃបន្លំហិញ្ញវត្ថុ និងទោសជាប់ពន្ធនាគាររហូត២០ឆ្នាំសម្រាប់ការប្រព្រឹត្តអំពើពុករលួយសូកប៉ាន់មន្រ្តីរដ្ឋ និងការរំលោភច្បាប់ធនាគារ។
នៅវៀតណាម ទោសប្រហារជីវិតតែងអនុវត្តសម្រាប់ទោសឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន ប៉ុន្តែ កម្រនឹងមានសម្រាប់ទោសឧក្រិដ្ឋកម្មសេដ្ឋកិច្ច។ ការទាមទាររបស់រដ្ឋអាជ្ញាឲ្យតុលាការកាត់ទោសប្រហារជីវិត សេដ្ឋីនីអចលនទ្រព្យលើកនេះសបញ្ជាក់ថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមមិនយោគយល់ អត់ឱនឲ្យអ្នកជាប់ពាក់ព័ន្ធឃុបឃិត រួមផ្សំគំនិតក្នុងសំណុំរឿងពុករលួយ។
នៅក្នុងយុទ្ធនាការបោសសម្អាតអំពើពុករលួយ និងបង្រ្កាបក្រុមហ៊ុនដែលធ្វើជំនួញបោកប្រាស់អតិថិជនវៀតណាមនេះ តុលាការនៅទីក្រុងហាណូយបានចាប់បើកសវនាការមួយទៀត ជំនុំជម្រះសេដ្ឋីអចលនទ្រព្យម្នាក់ទៀត ដែលបានបន្លំបោកប្រាស់យកលុយពីម្ចាស់វិនិយោគ ក្នុងទំហំទឹកប្រាក់ ៣៥៥ពាន់លានដុល្លារ៕