ដោយ៖ឈាង បុប្ផា /RFI ខេមរភាសា
ប្រទេសជាង ៣០នៅក្នុងពិភពលោកបានចូលរួមនៅក្នុងជំនួបកំពូលដែលទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA បានរៀបចំជាលើកទី១ ដើម្បីជំរុញការអភិវឌ្ឍរួមគ្នាថាមពលនុយក្លេអ៊ែរស៊ីវិល។ លើកសរសើរជាថាមពលស្អាតស្អំ មិនបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដែលជាដើមហេតុធ្វើឲ្យផែនដីឡើងកំដៅ ថាមពលនុយក្លេអ៊ែរកំពុងទាក់ទាញចំណាប់អារម្មណ៍របស់បណ្តាប្រទេសដែលចង់សម្រេចកម្មវត្ថុអព្យាក្រឹតកាបូន ឬប្រទេសដែលកំពុងជួបវិបត្តិថាមពលឡើងថ្លៃដោយសារសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
នៅក្នុងពិភពលោកមួយដែលគេកំពុងត្រូវការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ បូកផ្សំនឹងតម្លៃថាមពលប្រេងឧស្ម័នបោះពួយឡើងថ្លៃដោយសារសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ថាមពលនុយក្លេអ៊ែរត្រលប់មកឡើងកូដសាជាថ្មី ក្នុងនាមជាតួឯកថាមពលបៃតង ដែលស្អាតស្អំ ច្បាស់លាស់ និងចំណេញ។
ដើម្បីលើកតម្កើងថាមពលនុយក្លេអ៊ែរ នៅក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបវិបត្តិថាមពលឡើងថ្លៃ និងតម្រូវការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិAIEA បានរៀបចំសន្និសីទអន្តរជាតិជាលើកទី១ នៅទីក្រុងព្រុចស៊ែល កាលពីថ្ងៃព្រហស្បតិ៍ នៅក្បែរសារមន្ទីរAtomium ដែលមានរូបអាតូម តំណាងឲ្យនវានុវត្តបច្ចេកវិទ្យា។
ប្រទេសជាង៣០បានចូលរួម នៅក្នុងសន្និសីទជាប្រវត្តិសាស្រ្តស្តីពីថាមពលនុយក្លេអ៊ែរ ដែលនៅក្នុងនោះ សហរដ្ឋអាមេរិក ចិន ប្រេស៊ីល ជប៉ុន កូរ៉េខាងត្បូង ប៉ាគីស្ថាន អេហ្ស៊ីប អារ៉ាប៊ី សាអូឌីត ឬកាណាដាជាដើម។ ជំនួបកំពូល ស្តីពីថាមពលនុយក្លេអ៊ែរ គឺជាលទ្ធផលនៃការមូលមតិគ្នា នៅក្នុងសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ ទី២៨ ដែលនៅក្នុងនោះ ប្រទេសជាង២០បានទាមទារឲ្យបង្កើនការផលិតថាមពលនុយក្លេអ៊ែរឲ្យបាន៣ដង យ៉ាងយូរបំផុតនៅដំណាច់ឆ្នាំ ២០៥០។
ថ្លែងនៅមុនបើកសន្និសីទ នៅថ្ងៃព្រហស្បតិ៍ប្រធានថាមពលនុយក្លេអ៊ែរអន្តរជាតិ លោកRafael Grossi បាននិយាយបែបចំអកថា គេបានរៀបចំសន្និសីទស្តីពីអាកាសធាតុដល់ទៅ២៨លើក ដើម្បីដឹង យល់ច្បាស់ពីអត្ថប្រយោជន៍នៃថាមពលនុយក្លេអ៊ែរ។ សម្រាប់លោក ថាមពលនុយក្លេអ៊ែរជាថាមពលច្បាស់លាស់ ស្អាតស្អំ និងចំណេញ ពោលគឺមិនមែនជាគំនិតហួសវិស័យនោះទេ។ គោលបំណងសំខាន់នៃសន្និសីទលើកនេះ គឺពង្រឹងបណ្តាញសហការរវាងគ្នា ក្នុងផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ច។
តាមរយៈសន្និសីទអន្តរជាតិនៅទីក្រុងព្រុចស៊ែល ស្ថាប័នថាមពលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ចង់ជំរុញប្រទេសដែលនៅរារែក ឬអរិភាពថាមពលនុយក្លេអ៊ែរ ប្តូរចិត្តត្រលប់មកប្រើថាមពលនុយក្លេអ៊ែរ។ ប្រទេសនៅអឺរ៉ុបមួយចំនួននៅតែមិនទុកចិត្តថាមពលនុយក្លេអ៊ែរ ដោយសារតែឃើញបទពិសោធនគ្រោះថ្នាក់ឆេះរោងចក្រនុយក្លេអ៊ែរនៅហ្វូគូស៊្ហីម៉ា កាលពីឆ្នាំ ២០១១។ ដោយសារតែហេតុការណ៍នៅហ្វូគូស្ហ៊ីម៉ា អាល្លឺម៉ង់បានកាត់បន្ថយការប្រើថាមពលនុយក្លេអ៊ែរ ដោយបានបិទរោងចក្រនុយក្លេអ៊ែរចំនួន ៦ និងកាត់បន្ថយការពឹងផ្អែកបន្តិចម្តងៗ ដើម្បីឈានទៅបិទម៉ាស៊ីនប្រតិករដែលនៅសេសសល់ ចុងក្រោយ កាលពីឆ្នាំ២០២៣។
នៅចំពោះមុខតម្រូវការទុនវិនិយោគដ៏មហាសាល ក្រុមប្រទេសដែលដៅចង់បានថាមពលនុយក្លេអ៊ែរចង់ប្រមូលកម្លាំងគ្នាដើម្បីបញ្ចុះបញ្ចូលស្ថាប័នធនាគារអន្តរជាតិ ដែលរហូតមកដល់ពេលនេះ នៅតែអរិភាព មិនទាន់ចាត់ទុកថាមពលនុយក្លេអ៊ែរជាថាមពលស្អាតស្អំ ដូចថាមពលព្រះអាទិត្យ ឬថាមពលវាយោ។
ប៉ុន្តែ សម្រាប់អ្នកការពារបរិស្ថាន ទោះមិនបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ដែលជាដើមហេតុនៃការឡើងកំដៅផែនដីមែន ប៉ុន្តែ ថាមពលនុយក្លេអ៊ែរមិនអាចត្រូវគេប្រើជំនួសថាមពលស្អាតស្អំដូចជាផ្ទាំងសូឡាបានទេ។ ក្រៅពីបញ្ចេញសាយភាយសារធាតុវិទ្យុសកម្មនៅពេលមានគ្រោះថ្នាក់កើតឡើង រោងចក្រនុយក្លេអ៊ែរនៅបញ្ចេញកាកសំណល់ពុល គ្មានថ្ងៃរលាយបាត់ពីផែនដី៕