សៀមរាប៖ ពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលរៀបចំដោយមជ្ឈមណ្ឌលខេមរសិក្សា ក្រុងសៀមរាប។ អ្នកស្រី ឈ ស៊ីវឡេង ប្រធានបណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សា លើកឡើងថាពិព័រណ៍នេះ ជាឱកាសឱ្យអ្នកអានបានជួប ជាមួយអ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពជាដើម ហើយកម្មវិធីនេះ ក៏ចូលរួមលើកកម្ពស់បណ្ដុះទម្លាប់ការអានសៀវភៅពីក្មេងៗផងដែរ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាស រវាងលោក ស៊ុល រ៉វី និងអ្នកស្រី ឈ ស៊ីវឡេង ប្រធានបណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សា ដូចតទៅ៖
ពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៤ និងទី០៥ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណមជ្ឈមណ្ឌលខេមរសិក្សា ក្នុងវត្តដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប។ ពិព័រណ៍នេះ ត្រូវបានរៀបចំដំបូងឡើង ក្នុងឆ្នាំ២០២២។ ឆ្នាំនេះត្រូវបានរៀបចំឡើង ក្រោមប្រធានបទ «បើកសៀវភៅ អភិវឌ្ឍន៍គំនិត»។
សៀវភៅរាប់ស៊ិបចំណងជើង ត្រូវបានដាក់តម្រៀបត្រៀបត្រា នៅតាមស្តង់ជាង៤០ ជាខេមរភាសា និងភាសាបរទេស រាប់ពីសៀវភៅសម្រាប់កុមារ, ប្រឡោមលោក, ប្រវត្តិសាស្ត្រ និងសៀវភៅឯកសារ ស្រាវជ្រាវដោយអ្នកជំនាញខ្មែរ និងបរទេស។
![](https://image.thmeythmey.com/pictures/2024/05/05/_1___.jpg)
ទិដ្ឋភាពក្នុងពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប ធ្វើឡើងក្នុងបរិវេណមជ្ឈមណ្ឌលខេមរសិក្សា ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី០៥ ខែមេសា អ្នកស្រី ឈ ស៊ីវឡេង ប្រធានបណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សា លើកឡើងថា ពិព័រណ៍នេះជាឱកាសដែលអនុញ្ញាតឱ្យអ្នកអាន បានជួបជាមួយអ្នកនិពន្ធ។ អ្នកស្រីបន្ថែមទៀតថា៖ «ពិព័រណ៍សៀវភៅ បានចូលរួមចំណែកក្នុងការបណ្ដុះទម្លាប់នៃការអានសៀវភៅ នៅក្នុងសហគមន៍»។
មិនត្រឹមតែពិព័រណ៍សៀវភៅប៉ុណ្ណោះទេ ក្នុងពិព័រណ៍រយៈពេល២ថ្ងៃនេះ ក៏មានវេទិកាពិភាក្សា ចែករំលែកចំណេះដឹង ដោយវាគ្មិនកត្តិយស ជុំវិញប្រធានបទការគ្រប់គ្រងហិរញ្ញវត្ថុ និងការស្វែងរកគោលដៅ ជាដើម។
គួរជម្រាបផងដែរថា នៅថ្ងៃទី០១នៃកម្មវិធីនេះ មានអ្នកចូលរួមជាង៣ពាន់នាក់។ ចំនួននេះអ្នកស្រី ស៊ីវឡេង ថាកើនឡើងជាឆ្នាំមុន ដែលមានអ្នកចូលរួមជាង២ពាន់នាក់។ អ្នកស្រីសង្ឃឹមដែរថា ប្រសិនបើមានអ្នកចូលរួមឧបត្ថមគាំទ្រកាន់តែច្រើន នោះស្ថាប័នខ្លួនក៏នឹងពិចារណាការពង្រីកវិសាលភាពពិព័រណ៍នេះផងដែរ នៅថ្ងៃអនាគត៕
ទិដ្ឋភាពក្នុងពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប ធ្វើឡើងក្នុងបរិវេណមជ្ឈមណ្ឌលខេមរសិក្សា ក្រុងសៀមរាប ខេត្តសៀមរាប។
ទិដ្ឋភាពក្នុងពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប ធ្វើឡើងក្នុងបរិវេណមជ្ឈមណ្ឌលខេមរសិក្សា ក្រុងសៀមរាប ខេត្តសៀមរាប។