សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អ្នកទិញអចលនទ្រព្យនៅចិនរង់ចាំ ៨ឆ្នាំ តែមិនទាន់ទទួលបានផ្ទះ
14, May 2024 , 9:59 pm        
រូបភាព
អ្នកទិញផ្ទះមើលគំរូអចលនទ្រព្យក្នុងពិព័រណ៍មួយនៅទីក្រុង Dalian ខេត្ត Liaoning ចិន។ រូបភាព ៖ China Daily
អ្នកទិញផ្ទះមើលគំរូអចលនទ្រព្យក្នុងពិព័រណ៍មួយនៅទីក្រុង Dalian ខេត្ត Liaoning ចិន។ រូបភាព ៖ China Daily
ប្រជាជនប្រមាណ ១៥០០នាក់ ដែលទិញផ្ទះនៅក្នុងគម្រោងមួយនាទីក្រុង Tianjin របស់ចិន មកទាល់ពេលនេះនៅមិនទាន់ឃើញផ្ទះ ដែលពួកគេបានបង់ប្រាក់ចាប់ពីឆ្នាំ២០១៦ មកឡើយ។ នេះបើតាមសារព័ត៌មាន CNBC ចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា។

 
ដូច​គម្រោង​ដទៃ​ទៀត​នៅ​ចិន គម្រោង​ខុនដូនៅ​ទីក្រុង Tianjin បាន​បើក​លក់​មុន​ពេល​បញ្ចប់អគារ។ ក្រុមហ៊ុនអចលនទ្រព្យ Zhuoda Yidu បានប្តេជ្ញាប្រគល់ផ្ទះឱ្យមិនលើសពីឆ្នាំ ២០១៩ ។ ប៉ុន្តែរហូតមកដល់ពេលនេះ គម្រោងភាគច្រើនមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ ក្នុង​ចំណោម​អ្នក​ទិញ​ខ្លះ​បាន​បង់​ប្រាក់​ផ្តាច់ ខណៈអ្នកផ្សេងទៀតបានបង់ជាដំណាក់កាល។ នេះ​ជា​ឧទាហរណ៍​ចុង​ក្រោយ​ដែល​បង្ហាញ​ថា ​បញ្ហា​ប្រឈម​​ទីផ្សារ​អចលនទ្រព្យ​ចិន​នៅ​តែ​មាន​ទំហំ​ធំ។
 
តាមការចុះផ្សាយរបស់សារព័ត៌មាន CNBC អ្នកទិញផ្ទះជាច្រើនបានកំពុងព្យាយាមទារប្រាក់មកវិញ ឬប្រមូលព័ត៌មានពាក់ព័ន្ធគម្រោងនេះ។ អតិថិជនមួយរូបបានប្រាប់សារព័ត៌មាន CNBC ថា ៖« ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវបានគេបោក។ ឥឡូវនេះខ្ញុំគ្រាន់តែសង្ឃឹមថានឹងទទួលបានប្រាក់មកវិញ។ ទោះបីជាបានផ្ទះក៏ដោយ ក៏ខ្ញុំមិនសប្បាយចិត្តដែរ»។
 
អ្នកទិញមួយចំនួនទៀតនិយាយថា ពួកគេ​បាន​ទិញ​ទុក​ជា​ផ្ទះ​ចូល​និវត្តន៍​សម្រាប់​ឪពុកម្ដាយ ឬ​សម្រាប់​កូនៗ​ដើម្បី​ចូល​រៀន​នៅ​សាលា​ក្បែរ​នោះ។ ប៉ុន្តែ​ក្នុង​ពេល​នោះ ​ឪពុក​ម្តាយ​អ្នក​ទិញ​ម្នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ អ្នក​ខ្លះ​ទៀត​ត្រូវ​រក​សាលា​ផ្សេង​ឲ្យ​កូន​រៀន។
 
«ខ្ញុំគិតថានេះឆ្លុះបញ្ចាំងពីបញ្ហារបស់ក្រុមហ៊ុនអចលនទ្រព្យដែលបច្ចុប្បន្នកំពុងផ្ទុះខ្លាំងនៅចិន។ អ្វីដែលបានកើតឡើងជាមួយគម្រោងនៅទីក្រុង Tianjin គឺមិនមានលក្ខណៈប្លែកនោះទេ»។ លោក Dan Wang សេដ្ឋវិទូនៅធនាគារ Hang Seng ប្រាប់ CNBC បែបនេះ។ 
 
ក្រុមហ៊ុនអចលនទ្រព្យចិនបានជាប់បំណុលច្រើន ខណៈគម្រោងនានាបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ ពេលនោះ ល្បឿននៃការសាងសង់ក៏បានកើនលើសពីតម្រូវការ។ នេះបានជំរុញឱ្យវិស័យអចលនទ្រព្យរបស់ចិនធ្លាក់ក្នុងវិបត្តិចាប់ពីពាក់កណ្តាលឆ្នាំ២០២១ នៅពេលរដ្ឋាភិបាលបានរឹតបន្តឹងក្រុមហ៊ុនអចលនទ្រព្យក្នុងការខ្ចីប្រាក់ថ្មីដើម្បីកាត់បន្ថយហានិភ័យជាប្រព័ន្ធ។
 
ក្រុមហ៊ុនដែលរងគ្រោះដ៏ធំបំផុតគឺ Evergrande ដែលជំពាក់បំណុលច្រើនជាងគេបំផុតក្នុងពិភពលោក ដោយខកខានសងបំណុលនៅចុងឆ្នាំ២០២១។ គ្រានោះ Evergrande មានគម្រោងដែលមិនទាន់បញ្ចប់មានតម្លៃ ១៧៤ពាន់លានដុល្លារ។ 
 
កាលពីខែមុន ក្រុមហ៊ុន​ Zhuoda Yidu បានធ្វើសំណើរដើម្បីដោះស្រាយជម្លោះជាមួយអ្នកទិញផ្ទះ។ អាស្រ័យហេតុនេះ គម្រោងខុនដូអាចត្រូវបានបញ្ចប់នៅឆ្នាំ ២០២៥ ឬ ២០២៦ប្រសិនបើអ្នកទិញយល់ព្រមបង់ថ្លៃជួលដែលនៅសល់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ បូករួមទាំងថ្លៃដើមមួយចំនួនទៀត។
 
ទន្ទឹមនេះ ក្រុមហ៊ុន​ក៏មិនបាន​ផ្តល់​ជម្រើស​ផ្សេង​ទៀត​ដែរ ដោយ​លើកឡើង​ថា ​តម្លៃផ្ទះ​ត្រូវ​តែ​គិតតាមថ្លៃ​កំណត់​​មុន​ទីផ្សារ។ នេះមានន័យថាតម្លៃស្មើរនឹង២ទៅ៣ដងនៃតម្លៃបច្ចុប្បន្ន។ ក្រុមហ៊ុនក៏មិនបាននិយាយអំពីផលវិបាកដែលអ្នកទិញត្រូវតែស៊ូទ្រាំក្នុងអំឡុងពេល៨ឆ្នាំដើម្បីរង់ចាំទទួលបានផ្ទះមួយនោះដែរ។ 
 
«ខ្ញុំបានខ្ចីលុយពីឪពុកខ្ញុំដើម្បីបង់រំលោះដើម្បីទិញផ្ទះ។ ខ្ញុំមិនអាចប្រាប់គាត់ថាវាមិនទាន់រួចរាល់ទេ។ ក្នុងអំឡុងពេលកូវីដ-១៩ ខ្ញុំបានពន្យល់ប្រាប់ឪពុកថា ការសាងសង់ត្រូវបានពន្យារពេល។ ប៉ុន្តែឥឡូវនេះមិនមានហេតុផលអ្វីទៀតទេ»។ អ្នកទិញម្នាក់បាននិយាយប្រាប់ CNBC បែបនេះ ។
 
តម្រូវការផ្ទះនៅទីក្រុង Tianjin និងតំបន់ជុំវិញទីក្រុងប៉េកាំងបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីមុនពេលជំងឺកូវីដ-១៩ ផ្ទុះឡើង។ មូលហេតុគឺមកពីអ្នកធ្វើការនៅទីក្រុងប៉េកាំងចង់បានកន្លែងរស់នៅដែលមានតម្លៃសមរម្យ ជាជាងបរិបទដែលតម្លៃផ្ទះថ្លៃនៅជិតកន្លែងធ្វើការ។ 
 
ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ទីក្រុងប៉េកាំងបានព្យាយាមទប់ស្កាត់វិបត្តិអចលនទ្រព្យតាមរយៈវិធានការជំរុញដូចជា ការកាត់បន្ថយអត្រាការប្រាក់កម្ចី និងការបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះ។ កាលពីសប្តាហ៍មុន ទីក្រុង Hangzhou និង Xi'an បានលុបចោលការរឹតបន្តឹងទាំងស្រុង ។
 
កន្លង​មក ទីក្រុង​ផ្សេង​ទៀត​ក៏​បាន​បោះ​ជំហាន​សំខាន់​ដើម្បី​ធ្វើ​ឱ្យ​ដំណើរ​ការ​ទិញ​អចលន​ទ្រព្យ​កាន់​តែ​ងាយ​ស្រួល។ នៅក្នុងកិច្ចប្រជុំមួយកាលពីចុងខែមុន បណ្តាមេដឹកនាំកំពូលរបស់ចិនបានសន្យាថានឹងបន្តធានាការប្រគល់ផ្ទះ និងការពារសិទ្ធិរបស់អ្នកទិញផ្ទះ។
 
សម្រាប់គ្រួសារជនជាតិចិនជាច្រើន ទ្រព្យសម្បត្តិរបស់ពួកគេភាគច្រើនស្ថិតនៅក្នុងអចលនទ្រព្យ។ អ្នកទិញម្នាក់បានចំណាយប្រាក់ ២៦២០០ដុល្លារ ដើម្បីទិញខុនដូ ២បន្ទប់គេង ៩០ម៉ែត្រការ៉េ នៅគម្រោង Zhuoda Yidu ក្នុងទីក្រុង Tianjin ។ នេះជារបៀបសន្សំរបស់ប្រជាជនចិនភាគច្រើនក្នុងរយៈពេលជាច្រើនឆ្នាំ៕ 
 

Tag:
 អចលនទ្រព្យ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com