ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
ជាង២ឆ្នាំក្រោយនៃសង្គ្រាមអ៊ុយក្រែនបានផ្ទុះឡើង ចិនបានប្រកាសគោលជំហរអព្យាក្រិត្យ និងដោយមិនបានចូលរួមថ្កោលទោស ឬដាក់ទណ្ឌកម្មលើរុស្ស៊ីទេ។ តែទន្ទឹមនឹងនេះ លោកស៊ី ជីនពីងបានប្រកាសថា រុស្ស៊ី និងចិន ភ្ជាប់គ្នាដោយមិត្តភាពដែលគ្មានទីបំផុត។ នៅពីក្រោយមិត្តភាពនេះ ចិនត្រូវបានគេសង្ស័យនិងចោទថាបានបន្តធ្វើជំនួញជាមួយរុស្ស៊ី តាមរយៈការធ្វើពាណិជ្ជកម្ម លក់អាវុធ សម្ភារៈសិក និងឧបករណ៍បច្ចេកវិទ្យា ដើម្បីឲ្យរុស្ស៊ីបន្តធ្វើសង្គ្រាម។ តែយ៉ាងណាក៏ដោយ ផ្អែកតាមការវិភាគថ្មីៗនេះ គេសង្កេតឃើញថាធនាគារចិនជាច្រើន បានចាប់ផ្តើមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយខ្លាចក្រែងជាប់ទណ្ឌកម្មរបស់អាមេរិក។
ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនបានឆាបឆេះឡើងមក ទំនាក់ទំនងទាំងការទូត ទាំងពាណិជ្ជកម្មរវាងចិននិងរុស្ស៊ី ហាក់ដូចជាបានហក់មានសន្ទុះកាន់តែល្អូកល្អឺន។ បើទោះបីជាសហគមន៍អន្តរជាតិរិះគន់យ៉ាងណា តែលោកស៊ី ជីនពីង នឹងទទួលលោកពូទីន នៅក្រុងប៉េកាំង ក្នុងកំឡុងខែឧសភានេះ។ ហើយកាលពីឆ្នាំទៅមិញ លោកស៊ី ជីនពីង បានធ្វើដំណើរទៅម៉ូស្គូ និងបានថ្លែងប្រកាសថា មិត្តភាពរវាងចិននិងរុស្ស៊ី គឺជាមិត្តភាពអមតៈ គ្មានទីបំផុត។
តែបើយើងក្រលេកទៅមើលលើវិស័យហិរញ្ញវត្ថុវិញ យើងឃើញថាអ្វីៗហាក់ដូចជាមិនល្អូកល្អឺនណាស់ណាទេ រវាងចិននិងរុស្ស៊ី។ បញ្ហាហាក់ដូចជាចាប់ផ្តើមកើតមានហើយ។ កាលពីខែធ្នូចុងឆ្នាំ២០២៣ លោកចូ បៃដិនបានចេញក្រិត្យមួយ អនុញ្ញាតឲ្យមានទណ្ឌកម្មបន្ថែម ដាក់ទៅលើធនាគារបរទេស ដែលមានទំនាក់ទំនងរកស៊ីជាមួយរុស្ស៊ី។ មានន័យថា ក្រសួងហិរញ្ញវត្ថុអាមេរិក អាចដកធានាគារនោះ ចេញពីប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុពិភពលោក ដែលប្រើប្រាស់សាច់ប្រាក់ដុល្លារអាមេរិកជាគោល ដែលជាទូទៅគេហៅថា SWIFT ។
ជាផលវិបាក គេសង្កេតឃើញថាធនាគារចិនកាន់តែច្រើន បានចាប់ផ្តើមកាត់បន្ថយ ឬបញ្ឈប់ទាំងស្រុង នូវការទូទាត់សាច់ប្រាក់ជាមួយអតិថិជនរុស្ស៊ី។ ផ្អែកតាមអ្នកជំនួញទាំងចិនទាំងរុស្ស៊ី ដែលរកស៊ីនាំចេញនាំចូលទំនិញ គឺគេកាន់តែជួបការលំបាក ក្នុងការនាំប្រាក់ពីរុស្ស៊ី មកទូទាត់ទំនិញនៅចិន។ អ្នកជំនួញម្នាក់នៅប៉េកាំង ដោយសុំមិនបញ្ចេញឈ្មោះ បានលើកឡើងប្រាប់អ្នកយកព័ត៌មានបារាំងថា ធនាគារមិនប្រាប់មូលហេតុលំអិតទេ តែបានកំណត់លក្ខខណ្ឌ ត្រួតពិនិត្យកាន់តែតឹងតែងជាងមុន ឲ្យតែក្នុងករណីប្រតិបត្តិការសាច់ប្រាក់រវាងចិននិងរុស្ស៊ី ដើម្បីបង្ការបញ្ហា។ ពេលខ្លះ ប្រតិបត្តិការទូទាត់សាច់ប្រាក់ អាចត្រូវចំណាយពេលច្រើនខែក៏មាន ដែលបញ្ហានេះ បាននិងកំពុងតែធ្វើឲ្យលំបាកដល់កម្រិតសាច់ប្រាក់សុទ្ធ របស់ក្រុមហ៊ុននាំចេញនាំចូលតូចតាច។ ពាណិជ្ជករជនជាតិរុស្ស៊ីម្នាក់ទៀត បានអះអាងថា ខ្លួនបានបង្ខំចិត្តបិទជំនួញនៅចិន ហើយត្រឡប់ទៅរុស្ស៊ីវិញ ដោយសារតែមិនអាចទទួលបានការទូទាត់សាច់ប្រាក់ពីអតិថិជន។
សូមរំលឹកថា ក្នុងឆ្នាំ២០២៣ ទំហំនៃការដោះដូរពាណិជ្ជកម្មរវាងចិននិងរុស្ស៊ី បានកើនសន្ទុះយ៉ាងខ្លាំងមិនធ្លាប់មាន ក្នុងទឹកប្រាក់សរុបប្រមាណ ២៤០ពាន់លានដុល្លារ ពោលគឺកើនឡើងដល់ទៅ២៥% បើប្រៀបធៀបទៅឆ្នាំមុន។ មានន័យថា ប្រសិនបើធានាគារចិន ចាប់ផ្តើមបង្កើនការប្រុងប្រយ័ត្ន ហើយបដិសេធលែងធ្វើប្រតិបត្តិការធនាគារទូទាត់សាច់ប្រាក់ មានន័យថាភាគីរុស្ស៊ីប្រាកដជាលំបាកខ្លាំងហើយ។ ផ្អែកតាមវិមានក្រេមឡាំង ចិនជាអតិថិជនទិញ ហ្កាសនិងប្រេងឥន្ទនៈពីរុស្ស៊ី ក្នុងទំហំដល់ទៅ ៥០% ឯណោះ។ ចំណែករុស្ស៊ីវិញ ទិញពីចិននូវគ្រឿងបន្លាស់ គ្រឿងផ្សំអេឡិចត្រូនិកគ្រប់ប្រភេទ ដែលរុស្ស៊ីត្រូវការចាំបាច់ ដើម្បីឧស្សាហកម្មស៊ីវីល និងឧស្សាហកម្មផលិតគ្រឿងសព្វាវុធធ្វើសង្គ្រាម។
គួរកត់សំគាល់ថា បញ្ហាលំបាកក្នុងការទូទាត់សាច់ប្រាក់ប៉ុន្មានខែមកនេះ បានស្តែងឲ្យឃើញផងដែរ តាមរយៈការធ្លាក់ចុះនៃការនាំចេញទំនិញពីចិនទៅរុស្ស៊ី នៅរវាងខែមីនានិងមេសា។ យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រេមឡាំង Dmitri Peskov បានលើកឡើងថ្មីៗនេះដែរ អាមេរិកកំពុងតែដាក់សំពាធយ៉ាងខ្លាំង មកលើធនាគារចិន ដើម្បីធ្វើបាបសហគ្រាសរុស្ស៊ី ដែលរកស៊ីជាមួយចិន។
លោក Pavel Bazhanov មេធាវីម្នាក់ធ្វើការឲ្យក្រុមហ៊ុនរុស្ស៊ីនៅចិន បានលើកឡើងថា ថ្វីបើទណ្ឌកម្មអន្តរជាតិ បានសំដៅតែទៅលើទំនិញមួយចំនួនក៏ពិតមែន តែចង់មិនចង់ គឺវាបានជះឥទ្ធិពលទៅលើបរិយាកាសពាណិជ្ជកម្មទាំងស្រុងរវាងចិននិងរុស្ស៊ី។ យ៉ាងណាក៏ដោយ រដ្ឋអំណាចចិនមិនដែលទទួលស្គាល់ជាសាធារណៈទេ ថាមានបញ្ហានៅក្នុងវិស័យធនាគារ។ តែក្រសួងការបរទេសចិនបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា ចិនប្រឆាំងដាច់ខាត ចំពោះទណ្ឌកម្មជាអត្តនោម័តដោយខុសច្បាប់ របស់សហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចហិរញ្ញវត្ថុ បានលើកឡើងថា នៅពីក្រោយភាពស្ងាត់ស្ងៀមរបស់រដ្ឋអំណាចចិននេះ គឺធាតុពិត ធនាគារចិនមានការប្រុងប្រយ័ត្នខ្ពស់ណាស់ ព្រោះមិនចង់ធ្លាក់ខ្លួនក្លាយជាជនរងគ្រោះដោយប្រយោល ខណៈដែលបរិបទសេដ្ឋកិច្ចចិនមិនសូវជាល្អស្រាប់ទៅហើយ។ លោក Alexander Gabuev អ្នកវិភាគនៅការិយាល័យ Carnegy Russie Eurasie នៅក្រុងប៊ែរឡាំង បានលើកឡើងថា ការស្វែងរកដាន កំណត់ថាប្រតិបត្តិការទូទាត់សាច់ប្រាក់ណាមួយ មានជាប់ពាក់ព័ន្ធជាមួយបណ្តាញម៉ាស៊ីនធ្វើសង្គ្រាមរបស់រុស្ស៊ី វាគឺជារឿងស្មុគស្មាញណាស់ សម្រាប់ធានាគារចិន។ ដូច្នេះ ធានាគារចិនគ្មានជំរើសអ្វី ក្រៅតែពីអនុវត្ត “គោលការណ៍បង្ការ” ជាទូទៅឡើយ ដែលមានន័យថាគេត្រូវតែកាត់បន្ថយទំហំនៃការទូទាត់សាច់ប្រាក់ ឲ្យតែពាក់ព័ន្ធជាមួយអតិថិជនរុស្ស៊ី។
ដូចគ្នាដែរ លោក William Pomeranz អ្នកជំនាញនៅ Wilson Center បានលើកឡើងថា ក្នុងបរិបទសេដ្ឋកិច្ចយ៉ាប់យឺនស្រាប់ទៅហើយនៅចិន គឺចិនចង់បញ្ចៀសឲ្យខាងតែបាន នូវហានិភ័យបន្ថែមទៀតមកលើសេដ្ឋកិច្ចខ្លួន។ បន្ថែមពីនេះ ផ្អែកតាមលោក Wang Yiwei នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៅសកលវិទ្យាល័យ Renmin គឺរដ្ឋអំណាចចិនប្រហែលជាបានចេញបញ្ជាដោយសម្ងាត់ ទៅកាន់ធនាគារចិន ឲ្យបង្កើនការប្រុងប្រយ័ត្ននៅពេលណាត្រូវទូទាត់ស់សាច់ប្រាក់ទៅឲ្យខាងរុស្ស៊ី ដើម្បីកុំឲ្យមានបញ្ហាជាមួយភាគីអាមេរិក នៅក្នុងបរិបទដែលអាមេរិកកំពុងតែត្រៀមបោះឆ្នោត។ ទំនាក់ទំនងរវាងចិននិងអាមេរិកកំពុងឈានទៅធូរស្រាលនឹងន ដូច្នេះចិនមិនចង់បង្កើតបញ្ហាបន្ថែមទេ។
ដូចគ្នាដែរ លោក Shen Dingli អ្នកជំនាញទំនាក់ទំនងអន្តរជាតិប្រចាំនៅសៀងហៃ បានពន្យល់ថា អាជ្ញាធរដ្ឋចិនមិនទៅឆោតល្ងង់ បណ្តោយឲ្យធនាគាររបស់ចិន ជាប់ទណ្ឌកម្មពិនិត្យពីអាមេរិក ឬត្រូវអាមេរិកដកចេញពីប្រព័ន្ធ SWIFT នោះឡើយ។ ពោលគឺសម្រាប់ពេលនេះ ចិនមិនអាចទុកផ្លូវឲ្យអាមេរិកមានឱកាស ដាក់ទណ្ឌកម្មពេញលេញទាំងស្រុងលើចិននោះទេ។
ដោយឡែក លោកស្រី Alexandra Prokopenko អតីតទីប្រឹក្សាម្នាក់នៅធនាគារជាតិរុស្ស៊ី បានលើកឡើងថា បច្ចុប្បន្ននេះ រុស្ស៊ីកំពុងតែរៀបចំយុទ្ធសាស្ត្រនៅតំបន់អាស៊ី ដើម្បីបង្កើតប្រព័ន្ធប្រតិបត្តិការទូទាត់សាច់ប្រាក់ តាមធនាគារ ដោយប្រើប្រាស់រូបិយបណ្ណប្រទេសនីមួយៗ និងដោយមិនបាច់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក៕