ជាតិ
ព័ត៍មានសុខភាព
សុខភាព
៥វិធីនេះជួយកាត់បន្ថយភាពតានតឹងយ៉ាងមានប្រសិទ្ធភាព
15, May 2024 , 10:59 pm        
រូបភាព
រាជធានីភ្នំពេញ ៖ ស្ទើរតែ​គ្រប់ពេល បុគ្គល​ម្នាក់​ៗ​តែង​ជួប​បញ្ហា​តាន​តឹង​ក្នុង​ចិត្ត ​ឬ Stress ដោយ​ពុំ​ដឹង​ថា ខ្លួន​កើត​មាន​បញ្ហា​នេះ​ផង ។ ប្រការ​នេះ​អាច​ធ្វើ​ឱ្យ​លក្ខខណ្ឌ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ហើយ​បណ្តាល​ឱ្យ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​កើតឡើងក៏មាន ។

 
ជាក់ស្តែង ថ្ងៃនេះលោក នឹម ឈុ​ន្នី គ្រូ​ប​បង្ហាត់​ការ​ធ្វើ​សមាធិ​ម្នាក់​បាន​ឲ្យនៅលើបណ្តាញសង្គមថា ស្ត្រេស ឬភាពតានតឹង គឺជាហេតុផលចម្បងមួយក្នុងចំណោមហេតុផលដទៃទៀតដែលកើតមាននៅកន្លែងការងារ ឬនៅក្នុងជីវិតប្រចាំថ្ងៃ ។
 
ជាការពិតណាស់ ការបំបាត់ភាពតានតឹងមិនមែនជាអ្វីដែលយើងអាចធ្វើបានក្នុងមួយថ្ងៃនោះទេ ។ ប៉ុន្តែវាត្រូវការពេលវេលា និងការយកចិត្តទុកដាក់ដ៏ពេញលេញដើម្បីធ្វើការផ្លាស់ប្តូរ ។ នៅក្នុងសំនេរដ៏ខ្លីមួយនេះខ្ញុំសុំចែករំលែកនូវគន្លឹះ សាមញ្ញៗទាំង០៥ ដែលមានប្រសិទ្ធភាពដល់បងប្អូនទាំងអស់គ្នា !
 
១. ដង្ហើម
 
បិទភ្នែករបស់អ្នកមួយភ្លែត ដកដង្ហើមចូលតាមច្រមុះរបស់អ្នក ទប់វារយៈពេលពីរ បីវិនាទី បន្ទាប់មកសម្រួលដង្ហើមចេញ។ ហើយដកដង្ហើមចេញចូលតាមច្រមុះរបស់អ្នកដោយសង្កេតទៅលើចលនាខ្យល់ ដោយគិតក្នុងចិត្តថា «ខ្ញុំដកដង្ហើមចូលដោយការព្យាបាល ដកដង្ហើមចេញពីភាពតានតឹង» សារចុះសារឡើងៗ។​
 
២. ដឹងគុណ​
 
ការដឹងគុណប្រៀបដូចជាឱសថ​ជួយឱ្យយើងបន្តដំណើរទៅមុខប្រកបដោយថាមពលវិជ្ជមាន ​។ បើកចិត្តរីករាយជាមួយមនុស្សជុំវិញខ្លួន​ ហើយរៀនរីករាយជាមួយអ្វីដែលខ្លួនកំពុងធ្វើ ។
 
៣. ធ្វើលំហាត់ប្រាណ
 
អារម្មណ៍ស្ត្រេសពេលខ្លះអាចកើតឡើងនៅពេលរាងកាយរបស់យើងពោពេញដោយថាមពលអវិជ្ជមាន ដូច្នេះហើយនៅពេលយើងធ្វើលំហាត់ប្រាណ វាធ្វើឱ្យខួរក្បាលនិងរាងកាយរបស់យើង ប្រែត្រឡប់ថាមពលអវិជ្ជមានទៅជា កម្លាំងវិជ្ជមាននិងបង្កើនតុល្យភាពក្នុងខ្លួន។​​ ដូច្នេះប្រសិនបើអ្នកស្ថិតក្នុងភាពតានតឹងខ្លាំងអ្នកត្រូវចំណាយពេល ៣-៥នាទីសម្រាប់សម្រួលថាមពល។ ដោយក្រោកឈររៀងរាល់​ ១-២ម៉ោងម្ដង ហើយលាតដៃ និងជើងរបស់អ្នកដើម្បីសម្រួលសាច់ដុំ និងសម្ពាធឈាម។ ​
 
៤.​ សមាធិ​
 
សមាធិ​ជួយឱ្យអ្នកមានសមត្ថភាពរស់នៅជាមួយបច្ចុប្បន្ន​ ហើយរៀនស្គាល់ខ្លួនឯងបានច្រើនជាងមុន​។ មូលហេតុ​ដែលបណ្តាលឱ្យមនុស្សភាគច្រើនមានភាពតានតឹងកើតឡើងញឹកញាប់ដោយសារតែចូលចិត្តរត់ទៅរកអតីតកាល​ និងអនាគត​ ដូច្នេះហើយសមាធិអាចជួយឱ្យអ្នកបានរស់នៅផ្ទះខ្លួនឯងខ្លះ​ (បច្ចុប្បន្ន​)។
 
៥. បង្កើនទម្លាប់គិតពីវិជ្ជមាន
 
ជាការពិតណាស់នៅពេលអ្នកមានអារម្មណ៍ធុញថប់ ឬតានតឹងវាពិតជាពិបាកក្នុងការគិតអំពីវិជ្ជមាន។ ហើយខ្ញុំក៍មិនបានប្រាប់ថាមិនឱ្យពិបាកចិត្ត ឬតានតឹងដែរ ព្រោះទាំងនេះជារឿងរបស់ជីវិត ហើយវាក៏ជាបញ្ហារបស់មនុស្សផងដែរ។​
 
នៅពេលអ្នកមានអារម្មណ៍តានតឹង ឬធុញថប់ ចូរចំណាយពេលបន្តិចដើម្បីផ្តោតអារម្មណ៍ទៅលើគំនិតរីករាយ។ ដូចជា ៖ មើលរូបភាពអនុស្សាវរីយ៍ល្អៗកាលនៅពីកេ្មង នឹកដល់សេចក្ដីល្អដែរយើងបានធ្វើចំពោះអ្នកដទៃ ស្ដាប់ចម្រៀង ឬភ្លេងដែលខ្លួនពេញចិត្ត ផ្ងើសារទៅកាន់មនុស្សជាទីស្រលាញ់ហើយបញ្ជាក់ពីក្ដីស្រលាញ់ដែលយើងមានចំពោះពួកគាត់ ក្នុងនាមជាកូន ឪពុកម្ដាយ ជាមិត្តភ័ក្ត្រ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com