កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាហាប់គីដូកម្ពុជា តេស្តសមត្ថភាពកីឡាករ ទៅប្រកួត World Championship នៅថៃ
16, May 2024 , 8:29 am        
រូបភាព
លោក គង់ ចាន់ធីណា ផ្ដល់បទសម្ភាសមកសារព័ត៌មាន រូបពី NOCC
លោក គង់ ចាន់ធីណា ផ្ដល់បទសម្ភាសមកសារព័ត៌មាន រូបពី NOCC
សហព័ន្ធកីឡាហាប់គីដូកម្ពុជា នឹងធ្វើតេស្ដសមត្ថភាពកីឡាករ កីឡាការិនី ដើម្បីចូលរួមការប្រកួត World I.H.F Hapkido Championship 2024 នៅខេត្តនុនថាបុរី ប្រទេសថៃ។ ព្រឹត្តិការណ៍នោះ នឹងត្រូវធ្វើចាប់ពីថ្ងៃទី១-៤ ខែសីហា ឆ្នាំ២០២៤។ លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា និយាយថាឆ្លងកាត់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១ សមត្ថភាពអត្ដពលិកកម្ពុជា ល្អមិនចាញ់ អន្ដរជាតិឡើយ។



សហព័ន្ធកីឡាហាប់គីដូកម្ពុជា បានបើកការទទួលចុះឈ្មោះកីឡាករ-កីឡាការិនី ដើម្បីធ្វើតេស្ដសមត្ថភាពទៅប្រកួតព្រឹត្តិការណ៍ World I.H.F Hapkido Championship 2024 នៅប្រទេសថៃ។ ការទទួលពាក្យនោះ ចាប់ពីថ្ងៃទី១៣-១៦ ខែឧសភា។ ដោយឡែក ការធ្វើតេស្ដ គឺចាប់ពីថ្ងៃតី១៧-១៨ ខែសីហា។ 
 
លោក គង់ ចាន់ធីណា មានសុទិដ្ឋិនិយមថា ការចូលរួមប្រកួតអន្ដរជាតិ គឺជាការបន្សាំអត្ដពលិកកម្ពុជា ដកស្រង់បទពិសោធន៍ជាក់ស្ដែង ពីការប្រកួតអន្ដរជាតិ។ អគ្គលេខាធិការរូបនេះ យល់ថាសមត្ថភាពរបស់កីឡាករ-កីឡាការិនីទាំងនោះ មិនចាញ់ប្រទេសដទៃឡើយ។ ការលើកឡើងដូច្នេះ គឺដោយសារលោក ធីណា បានឃើញពីការប្រកួតជាក់ស្ដែងរបស់អត្ដពលិកកម្ពុជា ក្នុងប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១។
 
អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះថា៖«កីឡាករ-កីឡាការិនីយើង សមត្ថភាពគ្រាន់បើ។ អ៊ីចឹងហើយ ការប្រកួតនៅក្រៅប្រទេស ជាឱកាសឲ្យពួកគាត់ បានដកស្រង់បទពិសោធន៍ និងកម្រិតបច្ចេកទេសនានា ពីព្រឹត្តិការណ៍អន្ដរជាតិ។»។
 
ដោយឡែក ចំនួនកីឡាករ-កីឡាការិនី ដែលត្រូវជ្រើសរើសពីការធ្វើតេស្ដនោះ លោក គង់ ចាន់ធីណា គ្រាន់តែបញ្ជាក់ថា ប្រហែលជាចន្លោះពី១០នាក់ឡើងទៅ ប៉ុន្ដែត្រូវមើលទៅលើសមត្ថភាពជាក់ស្ដែង អំឡុងពេលការធ្វើតេស្ដ។
 
«យើង អត់ទាន់ប្រកដចំនួនទេ កីឡាករ-កីឡាការិនីយើងល្អច្រើន។ អ៊ីចឹងចំនួន អាចពីចន្លោះ ១០នាក់ឡើងទៅ ប៉ុន្ដែចាំមើលការបង្ហាញសមត្ថភាពរបស់ពួកគាត់សិន។»។ លោក គង់ ចាន់ធីណា បានបញ្ជាក់ដូច្នេះ៕

Tag:
 ហាប់គីដូ
  គង់ ចាន់ធីណា
© រក្សាសិទ្ធិដោយ thmeythmey.com