អស់ជាច្រើនទសវត្សរ៍មកហើយ ប្រទេសនានាបានចាត់ទុកការពន្ធនាំចូលជាមធ្យោបាយមួយដើម្បីការពារ និងអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក។ យ៉ាងណាមិញ ការដាក់ពន្ធនាំចូល ក៏មិនទំនងជះឥទ្ធិពលល្អលើសេដ្ឋកិច្ចដូចការរំពឹងទុកនោះដែរ។ ដូច្នេះ ថាតើការដាក់ពន្ធបន្ថែមលើទំនិញចិនរបស់លោករដ្ឋបាលលោក ចូ បៃឌិន នឹងធ្វើឲ្យសេដ្ឋកិច្ចអាម៉េរិកប្រសើរដែរឬទេ?
នៅថ្ងៃទី១៤ ខែឧសភា ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសពីការដាក់ទណ្ឌកម្មថ្មី និងការដំឡើងពន្ធលើផលិតផលជាបន្តបន្ទាប់ពីចិន ជាពិសេសពន្ធលើយានយន្តអគ្គិសនីនឹងកើនឡើងដល់ ១០២,៥ភាគរយនៅឆ្នាំនេះពីអត្រា២៧,៥ភាគរយពីមុន។ ពន្ធលើអាគុយលីចូមសម្រាប់រថយន្តអគ្គិសនីក៏បានកើនឡើងលើសពី៣ដងដល់ ២៥ភាគរយ។
ទន្ទឹមនេះ បន្ទះស្រូបពន្លឺព្រះអាទិត្យ ដែក អាលុយមីញ៉ូម និងឧបករណ៍វេជ្ជសាស្ត្រក៏ត្រូវបានដំឡើងពន្ធនាំចូលដែរ។ តម្លៃសរុបនៃទំនិញដែលរងផលប៉ះពាល់ពីការដាក់ពន្ធរបស់រដ្ឋបាលលោក បៃឌិន ទៅលើទំនិញចិននាពេលនេះប្រហែល ១៨ពាន់លានដុល្លារ។
អ្នកសេដ្ឋកិច្ចយល់ថា ក្នុងរយៈពេលខ្លីពន្ធនេះនឹងមិនមានផលប៉ះពាល់ខ្លាំងដល់ផលិតក្នុងស្រុកសរុបរបស់អាម៉េរិក អតិផរណា និងគោលនយោបាយរូបិយវត្ថុនោះទេ។
ចំណែកចិនវិញ ការដាក់ពន្ធបន្ថែមប្រហែលជាក៏មិនរងផលប៉ះពាល់ភ្លាមៗដែរ។ ដោយសារតែក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសនេះមិនមានវត្តមានច្រើននៅអាម៉េរិកទេ ហើយបន្ទះសូឡាភាគច្រើននាំចេញទៅកាន់ប្រទេសទីបី។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមើលឱ្យស៊ីជម្រៅនោះ ការដាក់ពន្ធនេះមានភាពស្មុគស្មាញច្រើន។ លោក Joe Brusuelas សេដ្ឋវិទូនៅក្រុមហ៊ុនប្រឹក្សា RSM US បានប្រាប់សារព័ត៌មាន CNN ថា ពន្ធនេះជាសញ្ញាមួយបង្ហាញថា ទំនាក់ទំនងសេដ្ឋកិច្ចអាម៉េរិក-ចិននឹងត្រូវជួបបញ្ហាក្នុងរយៈពេលយូរ។
ការដំឡើងពន្ធចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោនលើទីក្រុងប៉េកាំង គឺស្ថិតនៅក្រោមរដ្ឋបាលអតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៨ និង២០១៩ លើទំនិញដែលមានតម្លៃប្រហែល ៣០០ពាន់លានដុល្លារ ដោយច្បាប់នេះនៅតែបន្តអនុវត្ត។
ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាម៉េរិក លោក ត្រាំ បាននិយាយថា ប្រសិនបើជាប់ឆ្នោតឡើងវិញ លោកនឹងដំឡើងពន្ធនាំចូលពីគ្រប់កន្លែង មិនមែនសម្រាប់តែចិននោះទេ។ អ្នកសេដ្ឋកិច្ចព្រមានថា រឿងនេះនឹងបង្កឱ្យមានអត្រាអ្នកអត់ការងារធ្វើច្រើន និងអតិផរណាខ្ពស់។
ឥទ្ធិពលការដាក់ពន្ធនាំចូលលើកំណើនសេដ្ឋកិច្ច អតិផរណា និងធនាគារកណ្តាលអាម៉េរិក
ពន្ធថ្មីនឹងត្រូវបានអនុវត្តដោយរដ្ឋបាល បៃឌិន នៅឆ្នាំនេះ និងលើមុខទំនិញភាគតិចចាប់ឆ្នាំ ២០២៦។ គោលនយោបាយនេះត្រូវបានប្រកាសនៅក្នុងបរិបទនៃទីផ្សារការងាររឹងមាំ កំណើនសេដ្ឋកិច្ចល្អ និងការប្រើប្រាស់សកម្មនៅអាម៉េរិក។ យ៉ាងណាមិញ សង្រ្គាមអតិផរណានៅតែបន្តដោយបង្ខំឱ្យធនាគារកណ្តាលអាម៉េរិក (Fed) រក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់។
ផែនការរបស់លោក បៃឌិន ក្នុងការដំឡើងពន្ធត្រូវបានប៉ាន់ប្រមាណថា នឹងមិនផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុប្រទេសនេះទេ។ លោក Ryan Sweet ដែលជាប្រធានសេដ្ឋវិទូនៅ Oxford Economics បាននិយាយថា ពន្ធថ្មីនឹងស្ទើរតែគ្មានឥទ្ធិពលលើអតិផរណា និងផលិតផលក្នុងស្រុកសរុប ក៏ដូចជាគោលនយោបាយរូបិយវត្ថុ។ Fed នឹងមិនខ្វល់អំពីរឿងនេះទេ នៅពេលពិចារណាលើអត្រាការប្រាក់។
ឥទ្ធិពលពីការដាក់ពន្ធនាំចូល លើផលិតកម្មក្នុងស្រុកអាម៉េរិក
ក្នុងឆ្នាំ ២០០២ អតីតប្រធានាធិបតីអាម៉េរិក George W. Bush បានដាក់ពន្ធលើអាលុយមីញ៉ូម និងដែក។ ការសិក្សាជាបន្តបន្ទាប់បានបង្ហាញថា គោលនយោបាយនេះបណ្តាលឱ្យខាតបង់ ៣០លានដុល្លារដល់សេដ្ឋកិច្ចអាម៉េរិក។ វាក៏ជំរុញឱ្យមានការចំណាយលើវិស័យដែលប្រើប្រាស់ដែក និងបង្កឱ្យមានភាពអត់ការងារធ្វើយ៉ាងច្រើននៅក្នុងឧស្សាហកម្មនេះ ជាពិសេសចំពោះក្រុមហ៊ុនតូចៗ។
៧ឆ្នាំក្រោយមក អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានដំឡើងពន្ធលើសំបកកង់នាំចូលពីចិន បណ្តាលឲ្យកម្មករ ១២០០នាក់បាត់បង់ការងារធ្វើនៅក្នុងឧស្សាហកម្មផលិតកម្មនេះ ។ ប្រជាជាជនអាម៉េរិកបានខាតបង់ ១,១ពាន់លានដុល្លារដោយសារតែការកើនឡើងថ្លៃ។ នេះបើយោងតាមការស្រាវជ្រាវដោយវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ។
នៅឆ្នាំ ២០១៩ ការស្រាវជ្រាវរបស់ Fed បានបង្ហាញថា ការដាក់ពន្ធនាំចូលរបស់លោក ត្រាំ មិនបង្កើនការងារផលិតកម្មក្នុងរយៈពេលខ្លីនោះទេ។ វាថែមទាំងបង្កឱ្យមានភាពអត់ការងារធ្វើ បង្កើនតម្លៃដោយសារថ្លៃដើមខ្ពស់ និងនាំឱ្យមានការសងសឹកដោយប្រទេសផ្សេងទៀត។
ឥទ្ធិពលការដាក់ពន្ធនាំចូល លើការប្រើប្រាស់របស់ប្រជាជនអាម៉េរិក
បើតាមអ្នកជំនាញសេដ្ឋកិច្ចលោក Ryan Sweet ការដាក់ពន្ធនាំចូលច្រើនតែមានលក្ខណៈនយោបាយជាងសេដ្ឋកិច្ច។ អ្នកសេដ្ឋកិច្ចភាគច្រើនចាត់ទុកពន្ធនេះថាជាគំនិតមិនល្អ ព្រោះវារារាំងប្រទេសពីការទទួលបានអត្ថប្រយោជន៍ពីជំនាញការងារ រំខានដល់លំហូរនៃផលិតផល និងសេវាកម្ម និងធ្វើឱ្យធនធានមិនត្រូវបានសម្របសម្រួល។
ពន្ធនេះនឹងធ្វើឱ្យក្រុមហ៊ុនចែកចាយ អ្នកលក់រាយ និងអ្នកប្រើប្រាស់ចាយលុយថែមទៀត។ ការសិក្សាឆ្នាំ២០២៣ ដោយគណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់អាម៉េរិកបានរកឃើញថាក្រុមហ៊ុនគួរតែទទួលបន្ទុកស្ទើរតែទាំងស្រុងនៃការដាក់ពន្ធនាំចូលរបស់ ត្រាំ ។
អាក្រក់ជាងនេះទៅទៀត អាជីវកម្មមួយចំនួនបានទាញយកផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មដើម្បីជំរុញថ្លៃទំនិញ។ ក្រុមហ៊ុនហិរញ្ញវត្ថុ Goldman Sachs បានរកឃើញថា ក្រុមហ៊ុនផលិត និងអ្នកនាំចេញអាម៉េរិកមួយចំនួននៅក្រៅប្រទេសចិន បានដំឡើងថ្លៃផលិតផលដោយលើកហេតុផលនៃការបង្កើនពន្ធនាំចូល។ របាយការណ៍របស់ធនាគារកណ្តាលនៅ New York បង្ហាញថា ពន្ធដែលលោក ត្រាំ បានដាក់ក្នុងឆ្នាំ២០១៨ ធ្វើឱ្យគ្រួសារអាម៉េរិកត្រូវចំណាយបន្ថែម ៤១៩ដុល្លារក្នុងមួយឆ្នាំ។
លំហូរទំនិញនាំចូល ក្រោយពីការដាក់ពន្ធ
ជំងឺរាលដាលកូវីដ-១៩ បានផ្លាស់ប្តូរឥទ្ធិពលនៃការដាក់ពន្ធនាំចូលពីជំនាន់លោក ត្រាំ លើផលិតកម្ម និងពាណិជ្ជកម្មរបស់អាម៉េរិក។ មុនពេលផ្ទុះកូវីដ-១៩ អ្នកនាំចូលអាម៉េរិកបានចាប់ផ្តើមស្វែងរកផលិតផលជំនួសសម្រាប់ផលិតផលចិន។ ប៉ុន្តែនៅពេលដែលជំងឺផ្ទុះឡើង ហើយតម្រូវការកើនទៀតនោះ ទំនិញក្នុងស្តុកនៅអាម៉េរិកបានថយចុះយ៉ាងឆាប់រហ័ស។ ពេលនោះ សន្ទុះនៃការនាំចូលទំនិញពីចិនចាប់ផ្តើមកើនឡើងជាថ្មី។
ទោះជាយ៉ាងណាក៏ដោយ នៅចុងឆ្នាំ ២០២៣ ការនាំចូលពីប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនឹងថយចុះ ៣ភាគរយបើធៀបនឹងឆ្នាំ ២០១៩។ ផ្ទុយទៅវិញ ការនាំចូលពីប្រទេសអាស៊ីមួយចំនួនទៅកាន់អាម៉េរិកកើនឡើង៥០ភាគរយ។
អ្នកស្រី Nicole Cervi សេដ្ឋវិទូនៅក្រុមហ៊ុនហិរញ្ញវត្ថុ Wells Fargo បាននិយាយថា ហេតុផលមួយផ្នែកអាចមកពីអាជីវកម្មចិនផ្លាស់ទីរោងចក្រទៅប្រទេសទាំងនេះ ដើម្បីគេចពីពន្ធនៅពេលចូលអាម៉េរិក។
ចំណែកលោក Peter Sand អ្នកវិភាគនៅក្រុមហ៊ុនទិន្នន័យភ័ស្តុភារ Xeneta បាននិយាយថា ទិន្នន័យដែនសមុទ្រនាពេលថ្មីៗនេះបង្ហាញបំណងរបស់ចិនជៀសវាងការយកពន្ធចូលអាម៉េរិកតាមរយៈម៉ិកស៊ិកវិញ។ រដ្ឋបាលលោក បៃឌិន កំពុងសម្លឹងមើលការរឹតបន្តឹងសកម្មភាពនេះ និងដាក់សម្ពាធលើប្រទេសជិតខាង ដើម្បីរារាំងប្រទេសចិនពីការលក់លោហធាតុទៅអាម៉េរិកតាមរយៈប្រទេសនេះ។
ជារួម ពន្ធថ្មីប្រហែលជាមិនមានឥទ្ធិពលខ្លាំងលើផលិតផលក្នុងស្រុកសរុបរបស់អាម៉េរិក អតិផរណា និងអត្រាការប្រាក់ទេ ប៉ុន្តែវានឹងបង្អាក់ទំនាក់ទំនងសេដ្ឋកិច្ចអាម៉េរិក និងចិនក្នុងរយៈពេលយូរ៕