ដើម្បីដោះស្រាយបញ្ហាអចលនទ្រព្យជាប់គាំង រដ្ឋាភិបាលចិន កំពុងពិចារណាឲ្យអាជ្ញាធរក្នុងតំបន់ទិញខុនដូរាប់លានយូនីត ដែលលក់មិនចេញ ដើម្បីប្រែក្លាយជាផ្ទះសង្គម។
ក្រុមហ៊ុនរដ្ឋក្នុងតំបន់នឹងទទួលភារកិច្ចទិញផ្ទះ ដែលលក់មិនចេញ ពីអ្នកវិនិយោគ ដែលកំពុងជួបបញ្ហាក្នុងការលក់បញ្ចុះតម្លៃ។ ភាគច្រើនផ្ទះដែលត្រូវទិញនឹ ងត្រូវប្រែក្លាយជាផ្ទះសង្គមមានតម្លៃថោក។
ទាក់ទងនឹងធនធាននៃការប្រើប្រាស់ ធនាគាររដ្ឋចិននឹងផ្តល់ប្រាក់កម្ចីដល់អ្នកទិញ។ បើតាមប្រភពព័ត៌មានពី Bloomberg ក្រុមប្រឹក្សារដ្ឋរបស់ចិនកំពុងប្រមូលមតិនិងការពិភាក្សាពីអាជ្ញាធរ និងតំបន់នានាជុំវិញផែនការបឋមនេះ។
គំនិតនេះចាប់ផ្តើមឡើងបន្ទាប់ពីកិច្ចប្រជុំរបស់ក្រសួងនយោបាយកាលពីថ្ងៃទី៣០ ខែមេសា ដោយពិភាក្សាអំពីគោលនយោបាយដើម្បីដោះស្រាយបញ្ហាអចលនទ្រព្យកំពុងជាប់គាំង។ ក្រុមមន្ត្រីចិនបានពិភាក្សាគ្នាជុំវិញព័ត៌មានលម្អិត និងលទ្ធភាពនៃការសម្រេចផែនការដែលត្រូវចំណាយពេលរាប់ខែដើម្បីបញ្ចប់ ប្រសិនថ្នាក់មេដឹកនាំយល់ព្រម។
វិស័យអចលនទ្រព្យបានរួមចំណែក១ភាគ៤នៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។ វិស័យនេះ បានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារវិបត្តិបំណុលរបស់អ្នកអភិវឌ្ឍន៍ បន្ទាប់ពីគោលនយោបាយបន្ទាត់ក្រហម៣ ដែលមានបំណងរារាំងអ្នកវិនិយោគក្នុងការខ្ចីប្រាក់មកវិនិយោគវិស័យអចលនទ្រព្យ។
ទីក្រុងប៉េកាំង បានចាប់ផ្តើមវិធានការស្តារអចលទ្រព្យឡើងវិញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២២ ប៉ុន្តែមិនទាន់អាចបង្វែរស្ថានការណ៍បានឡើយ។ ការលក់ផ្ទះនៅខែមេសាសម្រាប់ក្រុមហ៊ុនធំៗទាំង១០០ បានធ្លាក់ចុះ៤៥ភាគរយបើធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន CRIC ដែលជាអ្នកជំនាញផ្តល់ទិន្នន័យអចលនទ្រព្យ ។
បន្ថែមពីលើផែនការថ្មីនេះ បច្ចុប្បន្នទីក្រុងប៉េកាំងកំពុងជំរុញឲ្យធនាគារចិនបង្កើនឥណទានសម្រាប់វិស័យអចលនទ្រព្យ។ ទីក្រុងរាប់សិបទៀត បានផ្តល់ការឧបត្ថម្ភធនដើម្បីលើកទឹកចិត្តប្រជាជនទិញផ្ទះថ្មីឱ្យជំនួសអាផាតមិនចាស់ៗ ក្នុងគោលបំណងបង្កើតលំហូរសាច់ប្រាក់សម្រាប់អ្នកអភិវឌ្ឍន៍ដែលជួបការលំបាក។
ដំណោះស្រាយរបៀបនេះ ត្រូវបានចាប់ផ្តើមនៅស្រុក Lainan ភាគខាងកើតទីក្រុង Hangzhou។ កាលពីដើមសប្តាហ៍នេះ ក្នុងស្រុកបានប្រកាសថា ខ្លួននឹងទិញផ្ទះពីអ្នកអភិវឌ្ឍន៍ឯកជនដើម្បីប្រើប្រាស់ជាលំនៅដ្ឋានជួលសាធារណៈ។
ការលំបាកដ៏ធំបំផុតមួយសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យឯកជននៅចិន គឺកង្វះសាច់ប្រាក់។ កត្តានេះបានធ្វើឲ្យក្រុមហ៊ុនទាំងនោះ ផ្អាកការសាងសង់ជាបណ្ដោះអាសន្នផ្ទះជាច្រើនកន្លែងដែលបានលក់មុន ប៉ុន្តែមកដល់ពេលនេះមិនអាចប្រគល់ផ្ទះទាន់ពេលវេលា។
អ្នកវិភាគប៉ាន់ប្រមាណថា មានអាផាតមិនរាប់សិបលានខ្នងដែលលក់មិនទាន់ចេញ នៅទូទាំងចិន។ អ្នកសេដ្ឋកិច្ចមកពីក្រុមហ៊ុនជប៉ុន Nomura ផ្តល់អនុសាសន៍ថា ទីក្រុងប៉េកាំងគួរតែចំណាយប្រាក់ផ្ទាល់ខ្លួនរបស់ខ្លួន ឬបោះពុម្ពប្រាក់បន្ថែមទៀតដើម្បីគាំទ្រដល់ការបញ្ចប់គម្រោងដែលហួសសម័យ៕