កីឡាជាតិ
ជាតិ
សែន រ៉ាដេត វិលចូលសង្វៀនគុនខ្មែរ ដើម្បីលើកឈ្មោះក្លិប និងបង្កើតទីផ្សារឲ្យសិស្សខ្លួន
17, May 2024 , 8:59 am        
រូបភាព
កីឡាករ សែន រ៉ាដេត ប្រកួតមុនពេលអវត្តមាន អស់រយៈពេល ១ឆ្នាំកន្លះ រូបពី សែន រ៉ាដេត
កីឡាករ សែន រ៉ាដេត ប្រកួតមុនពេលអវត្តមាន អស់រយៈពេល ១ឆ្នាំកន្លះ រូបពី សែន រ៉ាដេត
កីឡាករ សែន រ៉ាដេត ម្ចាស់មេដាយសំរិទ្ធកីឡាវ៉ូវីណាម ស៊ីហ្គេមលើកទី៣១ នៅវៀតណាម នឹងវិលត្រឡប់មកប្រកួតប្រដាល់គុនខ្មែរវិញ បន្ទាប់ពីខកខានអស់រយៈពេលមួយឆ្នាំកន្លះ។ ម្ចាស់មេដាយសំរិទ្ធរូបនេះ បានបញ្ជាក់ថា ការវិលត្រឡប់មកវិញនេះ មិនមែនជាឆន្ទៈរបស់ខ្លួនផ្ទាល់ទេ ប៉ុន្ដែដើម្បីបង្កើតទីផ្សារឲ្យសិស្សប្អូន ផ្សព្វផ្សាយឈ្មោះក្លិបគុនខ្មែរដែនសមុទ្រ និងរកថវិកាដើម្បីទ្រទ្រង់ក្លិប ដែលទើបបើកបានជិតកន្លះឆ្នាំមកនេះ។



កីឡាករ សែន រ៉ាដេត នឹងចូលមកប្រកួតប្រដាល់គុនខ្មែរវិញ បន្ទាប់ពីអវត្តមានអស់រយៈពេល ១ឆ្នាំកន្លះ។ ក្រោយចប់ភារៈកិច្ចប្រកួតជាជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កីឡាកររូបនេះ បានផ្អាឪកឈប់ប្រកួតមួយរយៈ ហើយក៏មិនបានចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជាដែរ។ ដោយឡែកហេតុផលនៅពីក្រោយការផ្អាកនេះយ៉ាងណា សែន រ៉ាដេត គ្រាន់តែបានបញ្ជាក់ថារូបគេរបួស និងចង់សម្រាកព្យាបាលរបួសប៉ុណ្ណោះ។
 
ម្ចាស់មេដាយសំរិទ្ធកីឡាវ៉ូវីណាមរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា រូបគេនឹងចូលប្រកួតវិញ លើសង្វៀនគុនខ្មែរ ក្នុងពេលឆាប់ៗនេះ។ ប៉ុន្ដែហេតុផល នៃការវិលត្រឡប់នេះ សែន រ៉ាដេត គឺមិនបានធ្វើដើម្បីខ្លួនឯងក្នុងអាជីពឡើយ ប៉ុន្ដែគឺធ្វើដើម្បីសិស្សគុន និងក្លិបគុនខ្មែរដែនសមុទ្រវិញ។ 
 
កីឡាកររូបនេះ បញ្ជាក់ថា នៅពេលរូបគេ ឡើងសង្វៀន អាចជួយឲ្យសិស្សក្នុងក្លិបគុនខ្មែរដែនសមុទ្រ មានទីផ្សារប្រកួត ព្រោះផលិតកររៀបចំសង្វៀន នឹងយកអ្នកទាំងនោះទៅចូលរួម។

ម្យ៉ាងវិញទៀត វត្តមានប្រកួតរបស់ សែន រ៉ាដេត គឺជាការផ្សព្វផ្សាយឈ្មោះក្លិប ដែលជាសមិទ្ធផលបង្កើតថ្មី នៃបងប្អូនខ្លួន ៣នាក់ គឺមាន ឆ្លាម ស, សែន រ៉ាឌី និង សែន រ៉ាដេត។ បន្ថែមជាងនេះ រ៉ាដេត ត្រូវរកថវិកាជួយទ្រទ្រង់សមិទ្ធផល ដែលទើបបង្កើតនេះ ផងដែរ។
 
កីឡាករប្រដាល់មកពីខេត្តកោះកុងរូបនេះ រៀបរាប់ថា៖«ឆន្ទៈខ្ញុំ គឺមិនចង់ចូលប្រឡូកវិញទេ ព្រោះខ្ញុំអាយុកាន់តែច្រើន ហើយខានប្រកួតយូរកម្លាំង ក៏ធ្លាក់ ហើយបច្ចេកទេសផ្សេងៗ ក៏មិនដូចមុនដែរ។ នៅឡើងប្រកួតម្ដងៗ ពិបាកខ្លាំងទាំងការប្រកួត និងការហ្វឹកហាត់ត្រៀមប្រកួត។ ប៉ុន្ដែអ្វី ដែលជំរុញឲ្យខ្ញុំប្រកួតសារជាថ្មីវិញនេះ គឺទី១ដើម្បីលើកឈ្មោះក្លិបឲ្យ មានអ្នកស្គាល់ច្រើន, ទី២ដើម្បីរកធនធានមកផ្គត់ផ្គង់ក្លិប និងទី៣ដើម្បីយឹតយោងប្អូនៗ ដែលមកហាត់នៅក្លិបរបស់ខ្ញុំ ឲ្យពួកគាត់បានចេញប្រកួតដែរ។»៕

Tag:
 សែន រ៉ាដេត
  គុនខ្មែរ
  ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com