ជាតិ
សាលាបឋមសិក្សា​តាពេជ្រ​ ចាប់ផ្ដើមកម្មវិធីអប់រំសុខភាព ដើម្បីលើក​កម្ពស់​សុខុមាលភាព​របស់​សិស្ស
19, May 2024 , 8:00 am        
រូបភាព
សកម្មភាពបង្រៀនសិស្សថ្នាក់ទី៤មុខវិជ្ជា «អប់រំសុខភាព» នៅសាលាបឋមសិក្សាតាពេជ្រ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។
សកម្មភាពបង្រៀនសិស្សថ្នាក់ទី៤មុខវិជ្ជា «អប់រំសុខភាព» នៅសាលាបឋមសិក្សាតាពេជ្រ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។
សៀមរាប​៖ សាលាបឋមសិក្សាតាពេជ្រ​ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាបតាពេជ្រ ក្រុង​សៀម​រាប ចាប់​ផ្ដើមបង្រៀនមុខវិជ្ជា«អប់រំសុខភាព» ដល់សិស្សថ្នាក់ទី១ និងសិស្សថ្នាក់ទី៤ ដើម្បី​ចូលរួម​ជំរុញការយល់ដឹងពីការថែរក្សាសុខភាព និងលើកកម្ពស់សុខុមាលភាពកុមារ។ បង្រៀន​​មុខវិជ្ជា«អប់រំសុខភាព» នៅសាលាមួយអាចចាប់ផ្តើមបាន គឺបន្ទាប់ពីគ្រូបង្រៀន ទទួល​​បានការបណ្ដុះ បណ្ដាលពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់សៀវភៅ​សិក្សា​គោល​​មុខវិជ្ជា «អប់រំ​សុខ​ភាព»។ កាលវិភាគបង្រៀន ត្រូវបានរៀបចំឡើង រយៈពេលមួយ​ម៉ោង ក្នុងមួយសប្តាហ៍ សម្រាប់សិស្សថ្នាក់ទី១ និងថ្នាក់ទី៤។

​ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ 



សៀវ​​ភៅ «អប់រំសុខភាព» ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ចូល​ក្នុង​កម្មវិធី​សិ​ក្សា រយៈពេល១ម៉ោង ក្នុងមួយសប្ដាហ៍ សម្រាប់សិស្ស​ថ្នាក់ទី១ ដល់​ថ្នាក់ទី១២។  ក្នុងសៀវ​ភៅនេះ សិស្សានុសិស្ស នឹងសិក្សាអំពី​មូលហេតុ ការបង្ការ ការ​ថែទាំ​សុខភាព និងការពារពីគ្រោះមហន្តរាយផ្សេងៗ ពោល​គឺផ្តោត​សំខាន់ទាំង​សុខភាព និងសុវត្ថិភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ។
 
ទោះយ៉ាងណាក៏ដោយ សៀវភៅនេះ មិនទាន់ត្រូវបានអនុវត្តគ្រប់គ្រឹះស្ថាន​សិក្សារបស់រដ្ឋ​​នៅឡើយ ​ដ្បិតថាគ្រូបង្គោលនៅតាមសាលាខ្លះ មិនទាន់ទទួលបានការបណ្ដុះ​បណ្ដាល ពី​វិធី​សាស្ត្រ​បង្រៀន និងការប្រើប្រាស់សៀវភៅសិក្សាគោល។


 សៀវភៅ «អប់រំ» សុខភាពត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ចូលក្នុងម៉ោងសិក្សាគ្រប់កម្រិតថ្នាក់។
 
ដើម្បីឆ្លើយតប​នឹងតម្រូវការ និងភាពចាំបាច់ នៃការអប់រំសុខភាពតាមសាលារៀន អង្គការ អេដ អេ អាកស្យុង (AEA) និងគម្រោងសហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបខាងលិចតំបន់១ ដែលដឹកនាំដោយអង្គការអុកហ្វាម និងអង្គការដៃគូ បានផ្តល់វគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជា «អប់រំសុខភាព» ដល់គ្រូបង្រៀនថ្នាក់ទី១ និងទី៤ និងមន្ត្រីអប់រំចំនួន ៤៤៨នាក់។ វគ្គបណ្តុះបណ្តាលនេះ បានបិទបញ្ចប់កាលពីថ្ងៃទី៣០ មេសា ឆ្នាំ២០២៤ នៅ​សាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប​។
 
គ្រូ និមន្ត្រីដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺមកពីសាលាចំនួន២២៤ ​ក្នុងខេត្តគោលដៅចំនួន៧ រួមមាន ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពត កែប កោះកុង និងខេត្តព្រះសីហនុ។   


   គ្រូបង្រៀន និងមន្ត្រីអប់រំ ថតរូបជុំគ្នាក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលអំពីការបង្រៀនសៀវភៅ «អប់រំសុខភាព» កាលពីចុងខែមេសា ឆ្នាំ២០២៤ នៅក្រុងសៀមរាប។
 
អ្នកស្រី អ៊ឹម សាវីន ជាគ្រូបង្រៀនថ្នាក់ទី៤ នៃសាលាបឋមសិក្សាតាពេជ្រ ​ដែលស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។ អ្នកគ្រូ ក៏ជាគ្រូបង្រៀន​ម្នាក់ដែរ ដែលបានទទួល​ការ​បណ្ដុះបណ្ដាលពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់សៀវភៅសិក្សាគោល«អប់រំសុខភាព»នេះ។
 
សម្រាប់​​អ្នកគ្រូ សាវីន វគ្គបណ្ដុះបណ្ដាលពិតជាមានសារៈសំខាន់ណាស់ សម្រាប់​គ្រូបង្គោល​​​ ដូចជាទទួលបានចំណេះដឹងច្បាស់លាស់ ពីសៀវភៅអប់រំសុខភាពសម្រាប់បង្រៀនសិស្ស និងវិធីសាស្ត្របង្រៀនឱ្យមាន​ប្រសិទ្ធភាព។ អ្នកគ្រូ អ៊ឹម សាវីន រៀបរាប់ដូច្នេះ៖ «ខ្ញុំផ្ទាល់ ដែលយើងទទួលបានការបណ្ដុះបណ្ដាលហ្នឹង គឺវាល្អខ្លាំង​មែន​ទែន ពីព្រោះពីមុន​យើង​មានតែឯកសារ តែយើងមិនដឹងពីការអនុវត្តទៅលើ​សកម្មភាពបង្រៀន ឬដំណើរការ​នៃ​ការបង្រៀនហ្នឹងបែបណា ឱ្យច្បាស់លាស់​។ គឺយើងអាចយល់ច្បាស់ ទាក់ទងនឹងការធ្វើសកម្មភាពផ្សេងៗ។ ទាក់​ទងនឹងការ ធ្វើផែនការ (បង្រៀន)ផ្សេងៗ ទាក់ទងនឹងមេរៀនអប់រំសុខភាព។ ជាពិសេសគឺវា ផ្ដល់​នូវ​អត្ថប្រយោជន៍​ទៅដល់ការ​អប់រំផ្នែកសុខភាព ដើម្បីឱ្យគ្រូចេះកាន់តែច្បាស់ ហើយយើង​បង្រៀនសិស្សច្បាស់អត់ខុស»។  
 
​ដោយសារ​ការបណ្ដុះបណ្ដាលនេះ ក៏សាលារបស់អ្នកគ្រូ គឺសាលាបឋមសិក្សាតាពេជ្រ អាចចាប់ផ្ដើមការបង្រៀន​សៀវ​ភៅ «អប់រំសុខភាព» សម្រាប់សិស្សថ្នាក់ទី១ និងទី៤បាន នៅដើមខែ​មេសា ឆ្នាំនេះ។ កាលវិភាគបង្រៀន ត្រូវបានរៀបចំឡើង រយៈពេលមួយ​ម៉ោង ក្នុងមួយសប្តាហ៍។
  

សកម្មភាពបង្រៀនសិស្សថ្នាក់ទី៤មុខវិជ្ជា «អប់រំសុខភាព» នៅសាលាបឋមសិក្សាតាពេជ្រ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។
 
ដ្បិតទើបចាប់ផ្តើម ប៉ុន្តែរយៈពេញមួយម៉ោងនៃការបង្រៀនមុខវិជ្ជាអប់រំសុខភាពនៅក្នុងថ្នាក់ អ្នកគ្រូ សាវីន សង្កេ​ត​ឃើញ​ថា សិស្សមានសកម្មភាពមិនដាច់ឡើយ រាប់ចាប់ពីការសួរឆ្លើយ រវាងសិស្ស និងគ្រូ, ឡើង អនុវត្ត ប្រកបដោយភាពក្លាហានរបស់សិស្ស និងសកម្មភាពលេងល្បែងកម្សាន្ត ពាក់​ព័ន្ធនឹងមេរៀន​។ សម្រាប់អ្នកស្រី សាវីន ការបង្រៀនដែលមានប្រតិកម្ម ឬសកម្មភាព ពី​សិស្ស​មកវិញ​ ជាចំណុចវិជ្ជមានមួយ ដែលខ្លួនចង់ឃើញ ហើយវាសបញ្ជាក់ពីប្រយោជន៍ ដែលអ្នកស្រីទទួលបាន ពីការបណ្តុះបណ្តាលពីវិធី សាស្ត្របង្រៀន និងការប្រើប្រាស់សៀវភៅសិក្សាគោល«អប់រំសុខភាព»។
 
«ពីមុនមក សម្រាប់មុខវិជ្ជាផ្សេងៗ យើងអត់មានសៀវភៅគ្រូថ្នាក់ទី៤។ តែដល់ពេលយើង​បានរៀនសៀវភៅអប់រំសុខភាព គឺមានសៀវភៅគ្រូឱ្យយើង។ នៅពេលដែលយើងយក ​មក​បង្រៀនធ្វើតាមលំនាំរបស់គាត់ បញ្ចូលនូវខ្លឹមសារ និងហ្គេមតិចតួច ឱ្យសិស្សមាន​សកម្មភាព​​​ច្រើន ហើយសិស្សសប្បាយក្នុងការរៀន ហើយពួកគាត់ក៏បានយល់ដឹងច្រើន​ពីការ​ថែរក្សាសុខភាព»។ ​ នេះជាការបញ្ជាក់របស់អ្នកគ្រូ អ៊ឹម សាវីន។ 
  

សកម្មភាពបង្រៀនសិស្សថ្នាក់ទី៤មុខវិជ្ជា «អប់រំសុខភាព» នៅសាលាបឋមសិក្សាតាពេជ្រ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។

ដោយសារការបង្រៀនមុខវិជ្ជា «អប់រំសុខភាព» នៅសាលារបស់ខ្លួនទើប​តែចាប់ផ្តើមចេញ​ដំណើរ ដូច្នេះសិស្សានុសិ្សមិន​ទាន់មានសៀវភៅពុម្ពគ្រប់ដៃនៅឡើយទេ។ អ្នកស្រី​សង្ឃឹម​ថា​​សាលា  នឹងទទួលបានសៀវភៅពុម្ពនេះឆាប់ៗ ព្រោះសៀវភៅពុម្ពនេះ សិស្សអាចស្វែងយល់ពីមេរៀនបន្ថែមទៀតនៅផ្ទះ។ អ្នកគ្រូ អ៊ឹម សាវីន បន្ថែម៖«ប្រសិនជាមាន ពួកគាត់នឹងអាច​យក​ទៅមើលបន្ថែមនៅផ្ទះ អ៊ីចឹងពួកគាត់នឹងអាចយល់ កាន់តែច្បាស់ពីការថែទាំសុខភាព​របស់​គាត់​បន្ថែម។ គាត់ឆ្ងល់ ឬគាត់ចង់ដឹងបន្ថែមគាត់ គ្រាន់បើកសៀវភៅមើលបន្ថែមនៅផ្ទះ​ពួក​គាត់អាចមើល បាន»។ ​ 
 
សម្រាប់ អ្នកគ្រូ ​អ៊ឹម សាវីន ​​ការសិក្សាអំពីការអប់រំ​សុខភាព មានសារៈសំខាន់ណាស់​សម្រាប់​សុខភាព សិស្ស។ គ្រូបង្រៀនរូបនេះ សង្ឃឹមថាការសិស្ស នឹងចាប់ផ្តើមផ្លាស់ប្ដូរ ឬ​កែប្រែ​ឥរិយាបថ​រស់នៅ ដើម្​បីសុខភាព និង​សុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ដោយពួកគេនឹងមានចំណេះដឹង​ និ​ងការអនុវត្តទម្លាប់ល្អ​ ទាក់ទងនឹង​ការថែរក្សាសុខភាពប្រចាំថ្ងៃ​៕

Tag:
 ThmeyThmey
  អប់រំសុខភាព
  បឋមសិក្សាតាពេជ្រ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com