អន្តរជាតិ
អ៊ីស្រាអែល ហាក់ធ្វើមិនដឹងមិនឮចំពោះបញ្ជារបស់ ICJ ឱ្យបញ្ឈប់ប្រតិបត្តិការយោធានៅ Rafah
25, May 2024 , 10:40 am        
រូបភាព
តុលាការយបស់យុត្តិធម៌អន្តរជាតិ (ICJ) បានបង្គាប់ឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធានៅទីក្រុង Rafah ទីដែលជនភៀសខ្លួនប៉ាឡេស្ទីនរាប់សែននាក់ស្នាក់នៅ។ នេះជាសេចក្តីសម្រេចដ៏សំខាន់មួយដែលទំនងជាបង្កើនសម្ពាធអន្តរជាតិលើអ៊ីស្រាអែល។ ប៉ុន្តែមន្រ្តីអ៊ីស្រាអែលហាក់ធ្វើមិនដឹងមិនឮចំពោះការសម្រេចចិត្តរបស់ចៅក្រម ICJ​ ។

 
ទន្ទឹមនឹងបញ្ជាឱ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពនៅ Rafah តុលាការអន្តរជាតិក៏បានទាមទារឱ្យមានការដោះលែងជាបន្ទាន់ចំណាប់ខ្មាំងទាំងអស់ដែលស្ថិតក្រោមការឃុំខ្លួនរបស់សកម្មជនប្រយុទ្ធប៉ាឡេស្ទីន បន្ទាប់ពីយោធាអ៊ីស្រាអែលរកឃើញសាកសពចំណាប់ខ្មាំងបីនាក់ទៀតពីភាគខាងជើងកាហ្សា។
 
លើសពីនេះ តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ក៏បានបញ្ជាឱ្យអ៊ីស្រាអែលបន្តបើកច្រក Rafah រវាងអេហ្ស៊ីប និងទឹកដីកាហ្សា ដែលបានបិទកាលពីដើមខែនេះ នៅពេលប្រតិបត្តិការយោធាចាប់ផ្តើម។
 
«អ៊ីស្រាអែលត្រូវតែបញ្ឈប់ជាបន្ទាន់នូវការវាយលុកយោធារបស់ខ្លួន និងសកម្មភាពផ្សេងទៀតនៅក្នុង Rafah ដែលអាចប៉ះពាល់ដល់ជីវិតក្រុមប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សា...។» តុលាការយុត្តិធម៌អន្តរជាតិបញ្ជាបែបនេះ។ 
 
សេចក្ដីសម្រេចរបស់តុលារ មានចំណងផ្លូវច្បាប់ដែលត្រូវអនុវត្ត ប៉ុន្តែតុលាការមិនមានអ្វីចាប់បង្ខំឱ្យអ៊ីស្រាអែលធ្វើតាមឡើយ។ 
 
យ៉ាងណាមិញ មន្រ្តីអ៊ីស្រាអែលនិយាយថា ប្រតិបត្តិការយោធានៅ Rafah នឹងមិនប៉ះពាល់ប្រជាជនឡើយ។ ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែលលោក Tzachi Hanegbi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា អ៊ីស្រាអែលមិនមាន ហើយនឹងមិនធ្វើប្រតិបត្តិការយោធានៅក្នុងតំបន់ Rafah ដែលបង្កើតលក្ខខណ្ឌរស់នៅមិនល្អចំពោះប្រជាជនប៉ាឡេស្ទីនឡើយ។
 
បន្ថែមពីលើនោះ អ៊ីស្រាអែលនឹងបន្តអនុញ្ញាតឱ្យច្រក Rafah នៅបើកចំហសម្រាប់លំហូរជំនួយមនុស្សធម៌ពីផ្នែកព្រំដែនអេហ្ស៊ីប តែមិនអនុញ្ញាតឱ្យក្រុមភេរវករគ្រប់គ្រងច្រកឡើយ។
 
 
សមាជិកគណៈរដ្ឋមន្ត្រីសង្រ្គាមអ៊ីស្រាអែល លោក Benny Gantz បាននិយាយថា អ៊ីស្រាអែលនៅតែប្តេជ្ញាចិត្តក្នុងការប្រយុទ្ធដើម្បីចំណាប់ខ្មាំងរបស់ខ្លួន និងធានាសុវត្ថិភាពរបស់ពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង រាប់ទាំងនៅទីក្រុង Rafah ដែរ។
 
ឯអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បានស្រង់សម្ដីលោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គូតេរ៉េស ថា  ការសម្រេចចិត្តរបស់តុលាការជាកាតព្វកិច្ច និង ភាគីនានានឹងគោរពតាមដីការបស់តុលាការ។ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ លោក Riyad Mansour ក៏បានអំពាវនាវឱ្យអ៊ីស្រាអែលគោរពតាមសេចក្តីសម្រេចរបស់តុលាការជាបន្ទាន់ ស្របពេលក្រុមហាម៉ាស់វិញក៏ស្វាគមន៍ដូចគ្នា តែសោកស្ដាយដែលការសម្រេចចិត្តផ្ដោតលើ Rafah តែមួយ៕
 

Tag:
 អ៊ីស្រាអែល
  ICJ
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com