សង្គមអន្តរជាតិ​
អន្តរជាតិ
យន្តហោះ Qatar Airways ជួបបាតុភូតខ្យល់កន្រ្តាក់ បណ្តាលឲ្យមនុស្ស១២នាក់រងរបួស
27, May 2024 , 11:42 am        
រូបភាព
យន្តហោះរបស់ក្រុមហ៊ុន Qatar Airways ចុះចតនៅទីក្រុងឌុយប្លាំង។ រូបភាព ៖ The Sun
យន្តហោះរបស់ក្រុមហ៊ុន Qatar Airways ចុះចតនៅទីក្រុងឌុយប្លាំង។ រូបភាព ៖ The Sun
ជើងហោះហើររបស់ Qatar Airways ពីទីក្រុងដូហា ទៅកាន់ទីក្រុងឌុយប្លាំងបានជួបប្រទះនឹងបាតុភូតខ្យល់កន្រ្តាក់ បណ្តាលឲ្យអ្នកដំណើរ និងអ្នកបម្រើការលើយន្តហោះ ១២នាក់រងរបួស។

 
ប្រហែល២ម៉ោងបន្ទាប់ពីចាកចេញពីរដ្ឋធានីដូហារបស់កាតា ទៅកាន់អៀរឡង់នៅថ្ងៃទី ២៦ ខែឧសភា ខណៈកំពុងហោះហើរពីលើដែនអាកាសតួកគី យន្តហោះ Boeing 787 Dreamliner របស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានជួបប្រទះបាតុភូតខ្យល់បោកបក់ខ្លាំង។ អ្នក​ដំណើរ​បាន​រៀបរាប់ថា ​យន្តហោះ​នេះ​ធ្លាក់​ចុះក្រោម​ប្រហែល ១៥-២០ វិនាទី។
 
នៅពេលយន្តហោះបានចុះចតនៅអាកាសយានដ្ឋានឌុយប្លាំងរបស់អៀរឡង់នៅម៉ោងប្រហែល១រសៀល កងកម្លាំងសង្រ្គោះបន្ទាន់ រួមទាំងប៉ូលិសអាកាសយានដ្ឋាន អ្នកពន្លត់អគ្គីភ័យ និងបុគ្គលិកសង្គ្រោះបានធ្វើប្រតិបត្តិការភ្លាមៗ។
 
លោក Graeme McQueen អ្នកគ្រប់គ្រងទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ប្រតិបត្តិករអាកាសយានដ្ឋានឌុយប្លាំងបាននិយាយថា អ្នកដំណើរ ៦នាក់និងនកបម្រើការលើយន្តហោះ ៦នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ។ លោក McQueen មិន​បាន​បញ្ជាក់​ពី​ទំហំ​នៃការ​របួស​របស់​មនុស្ស​ទាំង​នេះ​ទេ។
 
គេ​មិន​ដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ជើង​ហោះ​ហើរ​នោះ​ដឹក​នៅ​ពេល​នោះ។ អ្នកដំណើរបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើង ខណៈអ្នកបម្រើលើយន្តហោះកំពុងបម្រើអាហារ។
 
ឧបទ្ទវហេតុនេះបានកើតឡើងតែ ៥ថ្ងៃបន្ទាប់ពីជើងហោះហើររបស់ Singapore Airlines ពីទីក្រុងឡុងដ៍ទៅកាន់សិង្ហបុរីត្រូវបង្ខំចុះចតបន្ទាន់នៅទីក្រុងបាងកក ដោយសារជួបបាតុភូតខ្យល់បោកបក់ខ្លាំង។ អ្នកដំណើរជនជាតិអង់គ្លេសអាយុ៧៣ឆ្នាំម្នាក់បានស្លាប់ដោយសារគាំងបេះដូង និងមនុស្ស ២០នាក់បានរងរបួសបន្ទាប់ពីហេតុការណ៍នេះ។
 
តាមការសិក្សាឆ្នាំ២០២១ ដោយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាម៉េរិក គ្រោះថ្នាក់អាកាសចរណ៍ដែលទាក់ទងនឹងបាតុភូតខ្យល់កន្រ្តាក់ជាប្រភេទគ្រោះថ្នាក់ទូទៅបំផុត។ ថ្មីៗនេះ នៅក្នុងខែមីនា ឆ្នាំ២០២៤ យន្តហោះ Boeing BA.N 787 ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ LATAM ស្រាប់តែជួបបញ្ហាស្រដៀងគ្នានេះនៅពាក់កណ្តាលជើងហោះហើរ បណ្តាលឲ្យមនុស្សជាង ៥០នាក់រងរបួស៕
 

Tag:
 យន្តហោះ
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com