ជាតិ
សេដ្ឋកិច្ច
«អង្ករកម្ពុជា» លក់ដាច់ខ្លាំងនៅ ហ៊្វាងឡង់ ដាណឺម៉ាក ស៊ុយអ៊ែត និងន័រវែស
28, May 2024 , 9:29 pm        
រូបភាព
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរាយស៍កម្ពុជា និងភរិយា នៅក្នុងផ្សារទំនើបហ៊្វាងឡង់។ រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរាយស៍កម្ពុជា និងភរិយា នៅក្នុងផ្សារទំនើបហ៊្វាងឡង់។ រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា
«អង្ករកម្ពុជា» ម៉ាកយីហោ Amru Rice កំពុងពេញនិយម និងលក់ដាច់ខ្លាំងនៅប្រទេសហ៊្វាងឡង់ ដាណឺម៉ាក ស៊ុយអ៊ែត និងន័រវែស។ នេះបើតាមការឱ្យដឹងពី លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរាយស៍កម្ពុជា (Amru Rice Cambodia Co,. Ltd) និងជាប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា នៅថ្ងៃទី២៨ ខែឧសភា។



អគ្គនាយកក្រុមហ៊ុនអេមរុរាយស៍កម្ពុជារូបនេះ បញ្ជាក់ថា ភាពពេញនិយមរបស់ «អង្ករកម្ពុជា» នៅតាមបណ្ដាប្រទេសទាំងនេះ គឺកើតឡើងចេញពី រសជាតិឆ្ងាញ់ ក្លិនក្រអូប​ ភាពទន់ និងតម្លៃសមរម្យ។ ម្យ៉ាងទៀត ​ភាពប្រណិត និងការដាំដុះតាមលក្ខណៈសេរីរាង្គ ​បានផ្ដល់នូវទំនុបចិត្ត​ផ្នែកសុខភាព និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។  
 
លោក សុង សារ៉ន បន្ថែមដូច្នេះថា៖«មិនត្រឹមតែប្រទេសហ៊្វាងឡង់ អង្ករកម្ពុជា ​ក៏មានភាពល្បីល្បាញនៅដាណឺម៉ាក ស៊ុយអ៊ែត និងន័រវែស ផងដែរ។ ប្រទេសទាំងអស់នេះ គឺគិតគូរពីបញ្ហាសុខភាពណាស់ ដូច្នេះ ពួកគេចិត្តអង្ករប្រណិតកម្ពុជា ព្រោះវាមានលក្ខណៈសេរីរាង្គ។ ខ្ញុំមានការត្រេកអរ ព្រោះថាមិនមានតែពលរដ្ឋហ៊្វាងឡង់ ទិញអង្ករយកទៅដាំបាយហូបប៉ុណ្ណោះទេ ក្នុងនោះក៏មានភោជនីយដ្ឋានផងដែរ។ ខ្ញុំឃើញថា​មានការគាំទ្រច្រើន»។ 
 
កាលពីឆ្នាំ២០២៣ ក្រុមហ៊ុនអេមរុរាយស៍កម្ពុជា បាននាំអង្ករទៅកាន់ប្រទេសហ៊្វាងឡង់ប្រមាណ ២៣០០តោន។ ដោយឡែក នៅឆ្នាំ២០២៤ ក្រុមហ៊ុនខ្មែរមួយនេះ គម្រោងនាំចេញក្នុងទំហំ ២៨០០តោន។
 
ក្រុមហ៊ុនអេមរុរាយស៍ នាំចេញអង្ករល្អប្រណិត និង អង្ករសិរីរាង្គ ទៅជាង៤០ប្រទេសនៅលើពិភពលោក ជាពិសេស ប្រទេសក្នុងសហគមន៍អឺរុប (EU) ចិន អូស្រ្តាលី សហរដ្ឋអាមេរិច និង ទីផ្សេងៗទៀត។ ក្រុមហ៊ុន មានផែនការនាំចេញសរុប ៤៥,០០០តោន ក្នុងឆ្នាំ ២០២៤ ក្នុងនោះ៣០ភាគរយ ជាអង្ករសរីរាង្គ និង៧០ភាគរយ ជាអង្ករល្អប្រណិត។ 
 
សូមជម្រាបថា នៅឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ១ ៧០០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ៕ 

Tag:
 អង្ករ
  Amru Rice
  សុង សារ៉ន
© រក្សាសិទ្ធិដោយ thmeythmey.com