RFI
អន្តរជាតិ
តើចិនបញ្ចេញឧស្ម័នកាបូនិកដល់កម្រិតកំពូលហើយឬក៏យ៉ាងណា? ទីតាំងផ្ទាំងស្រូបកំដៅព្រះអាទិត្យរបស់ចិន នៅខេត្តហ៊ូពេប្រទេសចិន AP - Ng Han Guan
×
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
ការបញ្ចេញឧស្ម័នកាបូនិកនៅមហាអំណាចសេដ្ឋកិច្ចចិនបានធ្លាក់ថយចុះគួរឲ្យកត់សំគាល់នៅខែមីនា។ យោងតាមការសិក្សាចេញផ្សាយវិបសៃតិ៍ជំនាញខាងវិទ្យាសាស្រ្ត Carbon Brief ការបញ្ចេញឧស្ម័នកាបូនិកធ្លាក់ថយចុះជាលើកទី១ នៅក្រោយការចាប់ផ្តើមសកម្មសេដ្ឋកិច្ច ក្រោយសម័យកូវីដយ៉ាងដូច្នេះ អាចធ្វើឲ្យគេវាយតម្លៃថា ការបញ្ចេញឧស្ម័នកាបូនិកបានឈានដល់កម្រិតកំពូល ឬអាចនិយាយបានម្យ៉ាងទៀតថា អំណើះតទៅ ការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់នៅចិននឹងចាប់ធ្លាក់ថយចុះ ដែលនេះជាដំណឹងដ៏ល្អសម្រាប់ពិភពលោកដែលកំពុងរួបរឹតដោយការប្រែប្រួលអាកាសធាតុ ការឡើងកំដៅនៅលើផែនដី។
ការសិក្សាថ្មីចុងក្រោយរបស់ក្រុមអ្នកជំនាញវិទ្យាសាស្រ្ត ប្រចាំវិបសៃតិ៍ Carbon Brief បង្ហាញថា មហាអំណាចសេដ្ឋកិច្ចចិនទំនងឈានដល់ចំណុចកំពូល អតិបរមានៃការបញ្ចេញឧស្ម័នកាបូនិក។ អ្នកស្រាវជ្រាវរបស់Carbon Briefដែលមានទីតាំងនៅប្រទេសអង់គ្លេស ហ៊ានវាយតម្លៃយ៉ាងដូច្នេះ ដោយយោងទៅលើចំនួនឧស្ម័នកាបូនិកដែលចេញបានបញ្ចេញនៅ៣ខែដើមឆ្នាំនេះ។
យោងតាមការសិក្សាខាងលើ ការបញ្ចេញឧស្ម័នកាបូនិករបស់ចិនបានធ្លាក់ថយចុះ នៅខែមីនា។ នេះជាលើកទី១ គិតចាប់តាំងពីចិនចាប់ផ្តើមជំរុញសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ។ អ្នកជំនាញរបស់វិបសៃតិ៍ Carbon Briefបានពន្យល់ថា ការបញ្ចេញឧស្ម័នកាបូនិកនៅចិនធ្លាក់ថយចុះគួរឲ្យកត់សំគាល់ នៅខែ មីនា ដោយមកពីសមត្ថភាពរបស់ចិននៅក្នុងការផលិតថាមពលកកើតឡើងវិញ ដូចជាថាមពលបានមកពីផ្ទាំងសូឡា និងថាមពលវាយោ។
បើតាមការសិក្សាខាងលើ ថាមពលមិនចេះរីងស្ងួតរបស់ចិនបានឆ្លើយតបទៅនឹងតម្រូវការអគ្គិសនី នៅក្នុងអំឡុងខែមីនា បូកផ្សំនឹងការធ្លាក់ថយចុះនៃគម្រោងសំណង់ថ្មីនៅប្រទេសចិន។ ជាក់ស្តែង បើប្រៀបធៀបនឹងឆ្នាំមុន ការផលិតដែកថយចុះអស់៨% ចំណែកការផលិតស៊ីម៉ង់ធ្លាក់ថយចុះ២២%។
ការធ្លាក់ថយចុះនៃការផលិតដែក និងស៊ីម៉ង់ឆ្លុះបញ្ចាំងពីនិន្នាការនយោបាយរបស់រដ្ឋអំណាចចិននៅក្នុងការកាត់បន្ថយសំណង់ថ្មី ដែលនេះជាបច្ច័យល្អក្រៃដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកនៅក្នុងវិស័យសំណង់។
បញ្ចេញឧស្ម័នកាបូនិកច្រើនជាងគេក្នុងពិភពលោក (ប្រមាណ ២៩%) ចិនបានវិនិយោគច្រើនទៅលើថាមពលកកើតឡើងវិញ ដូចជាការសាងសង់កង្ហារខ្យល់ ផ្ទាំងស្រូបកំដៅព្រះអាទិត្យ។
ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកយ៉ាងយូរបំផុតនៅឆ្នាំ ២០៣០ ឬអព្យាក្រឹតកាបូននៅឆ្នាំ ២០៦០ ចិនប្រឹងប្រែងណាស់ដែរដើម្បីប្រើប្រាស់ថាមពលថ្មីដែលមិនបញ្ចេញឧស្ម័នកាបូនិក ដូចជាការជំរុញឲ្យប្រើប្រាស់រថយន្តអគ្គិសនី ដែលតំណាងឲ្យ១០%នៃរថយន្តកំពុងចរាចរនៅប្រទេសចិនជាដើម។ ទោះមានឆន្ទៈកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក តាមរយៈការបង្កើនសមត្ថភាពផលិតថាមពលស្អាតស្អំ។ ប៉ុន្តែ ដោយសារតែ ថាមពលបានមកពីផ្ទាំងសូឡា និងកង្ហារយក្សអាចផលិតអគ្គិសនីបាន១៥%នៃតម្រូវការសរុបក្នុងប្រទេស ជាពិសេសនៅក្នុងកាលៈទេសៈដែលតម្រូវការអគ្គិសនីកើនឡើងដោយសារការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ចេះតែកើនឡើងលឿនស្លេវ ចិននៅតែបន្តសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម បើទោះវាជាប្រភពបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់។ ចិននៅតែត្រូវការថាមពលធ្យូងថ្ម ដើម្បីឆ្លើយតបនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីកំណើនសេដ្ឋកិច្ចដែលជាគោលដៅចំបងរបស់មហាអំណាចចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com