អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​ ថាក់​ស៊ីន រងបទចោទប្រមាថស្តេចកាលពី ៩ឆ្នាំមុន
29, May 2024 , 5:39 pm        
រូបភាព
លោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ។ រូបភាព ៖ AFP
លោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ។ រូបភាព ៖ AFP
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយសាធាររដ្ឋកូរ៉េកាលពីឆ្នាំ ២០១៥។

 
«អគ្គព្រះរាជអាជ្ញាថៃបានសម្រេចចោទប្រកាន់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ លើបទចោទទាំងអស់»។ លោក Prayuth Bejraguna អ្នក​នាំពាក្យ​អគ្គព្រះរាជអាជ្ញា​ថៃ​បាន​លើកឡើងបែបនេះ ដោយ​បន្ថែម​ថា អតីត​នាយក​រដ្ឋមន្ត្រីថៃរូបនេះ​នឹង​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃ​ទី១៨ ខែ​មិថុនា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ការចោទប្រកាន់លោក ថាក់ស៊ីន ដែលមានវ័យ ៧៤ឆ្នាំ ពីការប្រមាថព្រះរាជវង្សានុវង្ស និងបំពានច្បាប់ប្រមាថព្រះមហាក្សត្រនៅពេលដែលថៃគ្រប់គ្រងដោយរដ្ឋាភិបាលយោធានោះ គឺទាក់ទងនឹងបទសម្ភាសន៍មួយជាមួយកាសែត Chosun Ilbo នៅទីក្រុងសេអ៊ូល កាលពីឆ្នាំ២០១៥។ 
 
នៅក្នុងបទសម្ភាសន៍នោះ លោក ថាក់ស៊ីន បាននិយាយថា សមាជិកនៃក្រុមប្រឹក្សាសម្ងាត់ដែលជាស្ថាប័នជាទីប្រឹក្សារបស់ព្រះមហាក្សត្រថៃ បានគាំទ្រការធ្វើរដ្ឋប្រហារ ដែលបានផ្តួលរំលំប្អូនស្រីរបស់លោក គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាលពីខែឧសភា ឆ្នាំ ២០១៤។
 
ពេលនោះ រដ្ឋាភិបាល​យោធា​ថៃ ​ក៏​បាន​ចោទ​លោក​ថាក់ស៊ីន​ថា​បាន​បំពាន​លើ​អំពើ​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ​ក្នុង​ចំណោម​បទ​ចោទ​ផ្សេង​ទៀត។
 
លោក ថាក់ស៊ីន បានកាន់តំណែងជានាយករដ្ឋមន្ត្រីថៃតាំងពីឆ្នាំ២០០១ ប៉ុន្តែត្រូវបានទម្លាក់ដោយរដ្ឋប្រហារយោធានៅឆ្នាំ២០០៦។ បន្ទាប់មកលោកបានចាកចេញពីថៃ ដោយរស់នៅនិរទេសខ្លួនតាំងពីឆ្នាំ២០០៨។
 
លោក​បាន​ត្រឡប់​ចូលស្រុក​ថៃ​វិញ ក្នុង​ខែ​សីហា ឆ្នាំ​២០២៣ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ។ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំពីបទរំលោភអំណាច ប៉ុន្តែត្រូវបានគ្រួសាររាជវង្សថៃលើកលែងទោសឱ្យជាប់គុកត្រឹម ១ឆ្នាំ។
 
មួយថ្ងៃបន្ទាប់ពីការដោះលែងលោកនៅក្នុងខែកុម្ភៈ លោកថាក់ស៊ីនបានបង្ហាញខ្លួនទៅកាន់ព្រះរាជអាជ្ញាថៃ ដើម្បីសហការក្នុងការស៊ើបអង្កេតលើការចោទប្រកាន់ពីបទប្រមាថស្តេច ។ លោក Prayuth Pecharakun បាននិយាយកាលពីខែមុនថា ទោះបីជាលោក ថាក់ស៊ីន ត្រូវបានចោទប្រកាន់ ក៏លោកនៅតែអាចស្នើសុំនៅក្រៅឃុំមុនពេលត្រូវបានកាត់ទោស។
 
មាត្រា ១១២នៃក្រមព្រហ្មទណ្ឌថៃ ជាច្បាប់ហាមប្រមាថព្រះមហាក្សត្រ ដោយចែងថា ជនណាដែលបង្ខូចកេរ្តិ៍ឈ្មោះ ប្រមាថ ឬគំរាមកំហែងព្រះមហាក្សត្រ ព្រះមហាក្សត្រី អ្នកស្នងរាជ្យ រាជវង្សានុវង្ស នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ ទៅ១៥ឆ្នាំ។ យ៉ាងណាមិញ លោក ថាក់ស៊ីន តែងតែប្តេជ្ញាម្តងហើយម្តងទៀតនូវភាពស្មោះត្រង់ចំពោះគ្រួសាររាជវង្ស៕ 

Tag:
 ថៃ
  ថាក់ស៊ីន ស៊ីណាវ៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com