ជាតិ
ការសាងសង់ព្រែកជីកហ្វូណន នឹងចាប់ផ្តើមនៅខែសីហាខាងមុខ
30, May 2024 , 9:39 am        
រូបភាព
ការដ្ឋានសាងសង់«ព្រែកជីកហ្វូណន» នឹងត្រូវរៀបចំឡើងនៅក្នុងខែសីហា ឆ្នាំ២០២៤នេះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ នៅក្នុងសម្ពោធដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធ​ផល​មួយចំនួន នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ​នៅឧទ្យានជាតិ​ព្រះ​សុរាម្រិត-កុសមៈ «គិរីរម្យ»​ នៅព្រឹកថ្ងៃទី​៣០ ឧសភានេះ។


 
ក្រៅពីបង្ហើបកាលបរិច្ឆេទសាងសង់«ព្រែកជីកហ្វូណន» តម្លៃ ១ ៧០០លានដុល្លារ​​នេះ ប្រ​មុខរាជរដ្ឋា​ភិបាល ក៏បានគូសបញ្ជាក់ដែរថា គម្រោងសាងសង់នេះ នឹងមានការរួមចំណែកវិនិយោគ​ភាគ​ច្រើន ពីអ្នកវិនិយោគខ្មែរ។ «នៅពេលដែលសាងសង់ព្រែកជីកនេះ នឹងមានខ្មែរយើងចូលរួម(វិនិយោគ)ជាភាគច្រើន។ ពិតណាស់ យើងចរចាជាមួយក្រុមហ៊ុនចិន ដើម្បីគាត់មានបច្ចេកទេស ហើយដាក់ទុន​មួយចំនួន ដើម្បីធ្វើ។ ប៉ុន្តែយើងបានចរចា ហើយសូមជម្រាប​ថា ខ្មែរយើងនឹងមានភាគ​ច្រើន​នៅក្នុងគម្រោងនេះតែម្តង នៅក្នុងការសាងសង់»។ សម្តេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះ។ 
 
សូមជម្រាបថា គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ គ្រោង​ចំ​ណាយ​ពេលសាងសង់ រយៈពេល៤ឆ្នាំ។ បើតាមការសិក្សា បន្ទាប់ពីសាង​សង់​ព្រែក​ជីកហ្វូណន​នេះ​ កម្ពុជានឹងទទួលផលចំណេញពីការដឹកជញ្ជូនបានពី ៨៨ ទៅ ៥៧​០​លានដុល្លារក្នុងមួយឆ្នាំ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com