សង្គមអន្តរជាតិ​
អន្តរជាតិ
រដ្ឋធានីញូវដេលីឡើងកម្តៅខ្ពស់បំផុតដល់ ៥២,៩អង្សាសេ
30, May 2024 , 11:18 am        
រូបភាព
ក្មេងៗ​រត់​តាម​រថយន្ត​ដឹក​ទឹក​នៅ​លើ​ដង​ផ្លូវ​នៃ​ទីក្រុងញូវដេលី​អំឡុង​អាកាសធាតុ​ក្តៅ​ខ្លាំង។ រូបភាព ៖ AFP
ក្មេងៗ​រត់​តាម​រថយន្ត​ដឹក​ទឹក​នៅ​លើ​ដង​ផ្លូវ​នៃ​ទីក្រុងញូវដេលី​អំឡុង​អាកាសធាតុ​ក្តៅ​ខ្លាំង។ រូបភាព ៖ AFP
អាជ្ញាធរឥណ្ឌាបានព្រមានពីហានិភ័យនៃការខ្វះខាតទឹក បន្ទាប់ពីសីតុណ្ហភាពក្នុងទីក្រុងញូវដេលីបានកើនជាង ៩អង្សាសេខ្ពស់ជាងការរំពឹងទុក និង ១,៩អង្សាសេខ្ពស់ជាងមធ្យមភាគទូទាំងប្រទេស។




តាមទីភ្នាក់ងារឧតុនិយមឥណ្ឌា (IMD) សីតុណ្ហភាពនៅទីក្រុងញូវដេលីបានកើនឡើងដល់កម្រិត ៥២,៩ អង្សាសេ នៅថ្ងៃទី ២៩ ខែឧសភា។ ជាពិសេស សីតុណ្ហភាពនៅក្នុងតំបន់ Mungeshpur នៃទីក្រុងញូវដេលីបានកើនឡើងលើសពី ៥០អង្សាសេ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃរដ្ឋធានីមួយនេះ។
 
កំណត់ត្រាការកើនឡើងកម្តៅខាងលើគឺខ្ពស់ជាងការរំពឹងទុក ៩អង្សាសេ ហើយបានកើតឡើងនៅថ្ងៃទី២ បន្ទាប់ពីតំបន់ Mungeshpur និង Narela ឡើងកម្តៅដល់ ៤៩,៩អង្សាសេដែលបំបែកកំណត់ត្រាដូចឆ្នាំ ២០០២។
 
ទីភ្នាក់ងារសីតុណ្ហភាព បានព្រមានថា អាកាសធាតុក្តៅពេកប៉ះពាល់ដល់សុខភាពមនុស្ស ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ។ ទីភ្នាក់ងារឥណ្ឌាព្យាករថា ហានិភ័យនៃជំងឺដែលទាក់ទងនឹងកំដៅ និងជំងឺដាច់សរសៃឈាមក្នុងពេលក្តៅខ្លាំងគឺអាចកើតមានចំពោះមនុស្សគ្រប់វ័យ ហើយការថែទាំពិសេសគឺត្រូវការជាចាំបាច់សម្រាប់ក្រុមអាយុដែលមានហានិភ័យខ្ពស់។
 
ការកើនឡើងកម្តៅនៅថ្ងៃទី២៩ ខែឧសភា គឺខ្ពស់ជាងសីតុណ្ហភាពពីមុនរបស់ឥណ្ឌានៅតំបន់វាលខ្សាច់ Phalodi នៃរដ្ឋ Rajasthan ដែលបានកត់ត្រាសីតុណ្ហភាព ៥១អង្សាសេក្នុងឆ្នាំ២០១៦។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Times of India។ 
 
បន្ថែមពីនេះ​ អាជ្ញាធរក្នុងតំបន់ក៏បានព្រមានពីការកង្វះទឹកប្រើប្រាស់ដែរ។ ប្រជាជនត្រូវបានណែនាំឱ្យសន្សំសំចៃទឹក ហើយវិធានការគាំទ្រផ្សេងៗត្រូវបានអនុវត្តនៅកន្លែងដែលមានការផ្គត់ផ្គង់ទឹកតិចតួច៕ 

Tag:
 ឥណ្ឌា
  កម្តៅ
© រក្សាសិទ្ធិដោយ thmeythmey.com