ជាតិ
ADB ប្រកាសអនុវត្តន៍យុទ្ធសាស្រ្ត​ភាព​ជា​ដៃគូ​ថ្មី​​​​​សម្រាប់កម្ពុជា ដើម្បី​​ពន្លឿន​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច
30, May 2024 , 6:59 pm        
រូបភាព
ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) បាន​ប្រកាសអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មី សម្រាប់​កម្ពុជា ចាប់ពីឆ្នាំ២០២៤-២០២៨។ យុទ្ធ​សាស្ត្រ​ថ្មីនេះ​ ដែលមាន​សង្គតិ​ភាពយ៉ាងជិត ស្និទ្ធ ​ជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ របស់​រាជ​រដ្ឋាភិបាលកម្ពុជា សម្រាប់ រយៈពេលដូចគ្នា មានគោលបំណងពង្រឹង​ដំណើរឆ្ពោះទៅរកសេដ្ឋកិច្ច ប្រកបដោយ​និរន្តរភាព បរិយាបន្ន និងភាពធន់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី២៩ ឧសភា ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

 
​បើតាម ADB យុទ្ធសាស្រ្តរយៈពេល ៥ ឆ្នាំនេះ ផ្តោតលើការធ្វើការជាមួយរាជរដ្ឋាភិបាល និង ដៃគូផ្សេងទៀត ដើម្បី​ពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលនាំមុខដោយវិស័យឯកជន ជំរុញ ការអភិវឌ្ឍមនុស្ស និងពង្រឹង​ភាពធន់នឹងអាកាសធាតុ។ យុទ្ធសាស្ត្រដ៏ទូលំទូលាយនេះ ក៏រួម បញ្ចូលផងដែរ អាទិភាពពហុផ្នែកមួយ​ចំនួន ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន កែលម្អ​សមភាព​យេនឌ័រ លើកកម្ពស់ឌីជីថល ភាវូបនីយកម្ម និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងសមា​ហរណកម្មក្នុងតំបន់។
 
លោក Scott Morris អនុប្រធាន ADB ប្រចាំតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖ «បង្កើតឡើងដោយមានការពិភាក្សាយ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធជាច្រើន យុទ្ធ​សាស្ត្រប្រចាំ​​ប្រទេស​ ថ្មីរបស់ ADB នេះគឺជា កិច្ចសហការជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីវិបុលភាព ប្រជាជន និងភពផែនដី។
វាបង្ហាញពីជំហានថ្មីឆ្ពោះទៅរកកំណើន និងឱកាសក្នុងដំណើរអភិវឌ្ឍន៍របស់​ប្រទេសកម្ពុជាដែលមានបំណងកំណត់ប្រទេសនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបានឋានៈជាប្រទេស​មាន ប្រាក់ចំណូលខ្ពស់ក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ។»។ 
 
យុទ្ធសាស្ត្រនេះ សង្កត់ធ្ងន់លើវិបុលភាព​ ដោយការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាមួយ ការ​ទទួល​ស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជន​ ក្នុងការជំរុញកំណើនប្រកបដោយចីរភាព ។ គន្លឹះនៃ​វិធីសាស្រ្ត​នេះគឺ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ និងមាន គុណភាពខ្ពស់ ដើម្បី​ទាក់ទាញការវិនិយោគពីវិស័យឯកជន និងបង្កើតបរិយាកាសធុរកិច្ច ដែល ផ្តល់អត្ថប្រយោជន៍ជា​ពិសេស​សម្រាប់​សហគ្រាសធុនមីក្រូ តូច និងមធ្យម។
 
ដោយដៅយកមនុស្សជាស្នូលនៃរបៀបវារៈនៃការអភិវឌ្ឍ យុទ្ធសាស្រ្តនេះមានគោលបំណង ធានា​នូវលទ្ធភាពទទួលបានសេវាកម្មប្រកបដោយគុណភាព និងតម្លៃសមរម្យ ដែលក្នុងនោះ រួមមាន ការអប់រំ ការអភិវឌ្ឍជំនាញ ការថែទាំសុខភាព និងសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ។ ADB ក៏នឹងបង្កើនកិច្ចខិត​ខំប្រឹងប្រែងក្នុងការលើកកម្ពស់ការផ្តល់សេវាឌីជីថលដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និង កែលម្អសន្តិសុខ​ស្បៀង​និងអាហារូបត្ថម្ភសម្រាប់ប្រជាពលរដ្ឋដែលត្រូវការសេវានេះបំផុត ដើម្បីត្រួសត្រាយផ្លូវសម្រាប់​​ការ​លើក​​កម្ពស់ផលិតភាពសេដ្ឋកិច្ច។
 
ស្របតាមការប្តេជ្ញាចិត្តផ្នែកអាកាសធាតុរបស់ ADB និងរាជរដ្ឋាភិបាល យុទ្ធសាស្ត្រនេះមានគោល បំណងពង្រឹងភាពធន់នឹងអាកាសធាតុ តាមរយៈគំនិតផ្តួចផ្តើមសម្របខ្លួន ទៅនឹងអាកាសធាតុដែលផ្តោត លើវិស័យកសិកម្ម ប្រព័ន្ធអេកូឡូស៊ីនៃធនធានទឹក និង ហេដ្ឋារចនាសម្ព័ន្ធទីក្រុង។ លើសពីនេះ វាផ្តល់ អាទិភាពដល់ការពង្រីកប្រភពថាមពលកកើតឡើងវិញ និង ការកៀងគរហិរញ្ញប្បទានអាកាសធាតុ សម្បទាន ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកអនាគតបៃតង និងធន់ជាងមុនសម្រាប់កម្ពុជា។
 
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាបន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com