ជាតិ
អុកស្វាម ជំរុញឱ្យមានការ​ធានាសុវត្ថិភាព និងសុខភាពការងារ ដល់​​កម្មករ​ និងកសិករជាស្ត្រីក្នុងវិស័យកសិ-អាហារ
31, May 2024 , 3:38 pm        
រូបភាព
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម។ រូបថត៖ ផ្តល់ដោយអង្គការអុកស្វាម
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម។ រូបថត៖ ផ្តល់ដោយអង្គការអុកស្វាម
អង្គការអុកស្វាម ក្រសួងបរិស្ថាន និងអង្គការដៃគូ បានសហការរៀបចំកិច្ចសន្ទនាគោល នយោបាយជាតិស្តីពី «ការធានាសុវត្ថិភាព និងសុខភាពការងារ ក្នុងបរិបទប្រែប្រួល អា​កាសធាតុ សម្រាប់កម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យកសិ-អាហារ»។ កិច្ច សន្ទនានេះ រៀបចំឡើងនៅ ថ្ងៃទី៣១ ខែឧសភា នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុង​គោល​បំណង​លើកកម្ពស់ការយល់ដឹង និងបង្កើតលំហសម្រាប់កិច្ចពិភាក្សាគោល​នយោបាយ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ក្នុងចំណោមអ្នកជំនាញ អ្នកតាក់តែងគោលនយោបាយ តំណាងរាជរដ្ឋាភិបាល ​ដៃគូអភិវឌ្ឍន៍ ​តំណាងកម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យកសិ-អាហាររបស់កម្ពុជា។

 
អង្គការអុកស្វាម បានបញ្ជាក់នៅក្នុងសេចក្តីប្រកាព័ត៌មាន ដែលសារព័ត៌មានថ្មីៗទទួល បាន​នៅថ្ងៃទី៣១ ឧសភានេះថា សុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា បាននិងកំពុង អភិវឌ្ឍជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ តាមរយៈកំណើនសេដ្ឋកិច្ចយ៉ាង ឆាប់រហ័ស ឧស្សាហូបនីយកម្ម ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្តៅផែនដី និង ការប្តេជ្ញាចិត្តឥតងាករេ ក្នុងការធ្វើឱ្យប្រសើរឡើង នូវកិច្ចគាំពារ​ការងារ របស់រាជរដ្ឋាភិបាល កម្ពុជា។ ​
 
នាយិកាអង្គការអុកស្វាម លោកស្រី ភាណ សោភ័ណ មានប្រសាសន៍ថា ​​អុក​ស្វាម បាន​បន្តសហការ និងគាំទ្ររាជរដ្ឋាភិបាល​ និងភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្រ និង ដោះស្រាយវិសមភាពក្នុងចំណោមកម្មករ-និយោជិត ក្រុមប្រជាជនងាយរងគ្រោះ និង គ្រួសារជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ។ 
 
សម្រាប់លោកស្រី ភាណ សោភ័ណ ការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ សម្រាប់ កម្មករ-និយោជិត និងកសិករជាស្ត្រី​ក្នុងវិស័យកសិ-អាហាររបស់កម្ពុជា ផ្តល់ផលចំណេញផ្នែក សេដ្ឋកិច្ចយ៉ាងច្រើន។ 
 
 រូបថត៖ ផ្តល់ដោយអង្គការអុកស្វាម
 
«ការធ្វើឱ្យ​ប្រសើរឡើងស្តង់ដាសុវត្ថិភាព និងសុខភាពការងារ ជួយកាត់បន្ថយការរងរបួស និងជំងឺ នៅកន្លែងធ្វើការនាំឱ្យមានផលិតភាពខ្ពស់ជាងមុន និងកាត់បន្ថយថ្លៃព្យាបាល ដែល អាចចៀសវាងបាន។ កម្មករ-និយោជិត និងកសិករជាស្ត្រី ដែលមានសុខភាពល្អ ធ្វើការងារ កាន់តែមានប្រសិទ្ធភាព ដែលរួមចំណែកដល់ការបង្កើនគុណភាព និង​ទិន្នផលកាន់តែខ្ពស់ ក្នុងកសិផលិតកម្ម។ »។ លោកស្រី ភាណ សោភ័ណ ថ្លែងដូច្នេះ មុននឹងបន្តបន្តថាកម្មករ-និយោជិត កាន់តែមានភាព​ធន់​នឹងផលប៉ះពាល់ដែលបណ្តាលមកពី​​​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការកើន​ឡើង​កម្តៅ​ផែនដី ព្រមទាំង​អាចចាក​ចេញពី​ភាពក្រីក្របានផងដែរ​។
 
ការសិក្សាស្រាវជ្រាវជាសកលស្តី​ពី «ការធានាពីសុវត្ថិភាព និងសុខភាពការងារ ក្នុងបរិបទ ការប្រែប្រួលអាកាសធាតុ»ដោយអង្គការ ILO ក្នុងឆ្នាំ២០២៤នេះ បានបង្ហាញពីផលប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ និង​ឥទ្ធិពលអវិជ្ជមានទៅលើសុវត្ថិភាព និង សុខភាពការងារ របស់កម្មករដែលមានដូចជាកម្តៅខ្លាំងពេក កាំរស្មីអ៊ុលត្រាវីយូឡេ ព្រឹត្តិការណ៍អាកាសធាតុខ្លាំង ការបំពុលបរិយាកាសនៅកន្លែងធ្វើការ ជំងឺឆ្អឹង និងការផ្លាស់ ប្តូរការប្រើប្រាស់សារធាតុគីមីកសិកម្ម។
 
 លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។  រូបថត៖ ផ្តល់ដោយអង្គការអុកស្វាម
 
ការស្រាវជ្រាវនេះ ក៏បានបង្ហាញផងដែរថា កម្មករជាស្ត្រី អាចប្រឈមនឹងហានិភ័យច្រើន ជាងមុន ដោយសារតួនាទី និងការងាររបស់ពួកគេ ដូចជាការប្រកបរបរកសិកម្ម និងក្នុងវដ្ត ជីវិតផ្សេងៗទៀត រួមមានផលវិបាកនៃការមានផ្ទៃពោះ និងមាតុភាពមិនជោគជ័យ។ កម្មករ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ ក៏ស្ថិតក្នុងចំណោមកម្មករដែលរងហានិ ភ័យខ្ពស់ ពីការប្រែប្រួលអាកាសធាតុ​ដែរ រួមមានកង្វះការគាំពារលើសុវត្ថិភាព និងសុខ ភាពការងារ ការមិនទាន់ទទួលបានសេវាសាធារណៈ និងកង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។ 
 
​ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកច្បាប់ក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមដូចជា សមត្ថភាពអនុវត្តមានកម្រិត ការបណ្តុះបណ្តាលមិនទាន់គ្រប់គ្រាន់ និងអត្រាគ្រោះថ្នាក់ ខ្ពស់នៅកន្លែងធ្វើការ។ ដៃគូឯកទេស និងដៃគូអភិវឌ្ឍន៍ជាច្រើន បានគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេសលើការរៀបចំគោលនយោបាយ ការបណ្តុះបណ្តាល និងការលើកកម្ពស់ឧត្តមានុវត្តន៍ រួមទាំងកំណែទម្រង់ជាបន្ត សំដៅ លើកកម្ពស់ស្តង់ដាសុវត្ថិភាព និងសុខភាពការងារដើម្បីធានាបាននូវបរិយាកាសការងារ ប្រកបដោយសុវត្ថិភាពសម្រាប់កម្មករ-និយោជិតកម្ពុជា។
 
ទោះជាយ៉ាងណាក៏ដោយ សុវត្ថិភាព និងសុខភាពការងារសម្រាប់កម្មករ-និយោជិត និង កសិករជាស្ត្រីក្នុងវិស័យ កសិ-អាហារ នៅតែជាបញ្ហាប្រឈមជាមូលដ្ឋាន និងទទួលបាន ការចាប់អារម្មណ៍​តិចតួចពីផ្នែកគោលនយោបាយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ 
 
  រូបថត៖ ផ្តល់ដោយអង្គការអុកស្វាម
 
សូមជម្រាបថា កិច្ចសន្ទនាគោល នយោបាយជាតិស្តីពី «ការធានាសុវត្ថិភាព និងសុខភាព ការងារ ក្នុងបរិបទប្រែប្រួលអា​កាសធាតុ សម្រាប់កម្មករ-និយោជិត និងកសិករជាស្ត្រី ក្នុង វិស័យកសិ-អាហារ» មានអ្នកចូលរួម​ប្រមាណ ២៨០នាក់ ដែលជាតំណាងក្រសួង និងដៃគូអភិវឌ្ឍន៍ អ្នកជំនាញ សហគមន៍អ្នកស្រាវជ្រាវ សមាជិកអង្គការសង្គមស៊ីវិល តំណាងកម្មករ-និយោជិត និងកសិករជាស្ត្រី ក្នុងវិស័យកសិ-អាហារនៅកម្ពុជា។ 
 
ក្រោយពីបញ្ចប់សិក្ខាសាលា អង្គការ អុកស្វាម នឹងរៀបចំជារបាយការណ៍ ​ដាក់ជូន​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ​ដើម្បីអន្តរាគមន៍ និងធ្វើឱ្យប្រសើរឡើងគោលនយោបាយស្តីពីសុវត្ថិភាព និងសុខភាពការងារ៕

  រូបថត៖ ផ្តល់ដោយអង្គការអុកស្វាម

Tag:
 សុវត្ថិភាព
  កម្មករ
  ស្ត្រី
  កសិ-អាហារ
  អុកស្វាម
© រក្សាសិទ្ធិដោយ thmeythmey.com