RFI
អន្តរជាតិ
សកម្មជនប្រជាធិបតេយ្យ​ហុងកុង១៤នាក់​ជាប់​ទោស​ពីបទ​វិទ្ធង្សនា
31, May 2024 , 7:29 pm        
រូបភាព
សកម្មជនប្រជាធិបតេយ្យ​ហុងកុង១៤នាក់​ជាប់​ទោស​ពីបទ​វិទ្ធង្សនា © RFI 驻香港特约记者麥燕庭提供
សកម្មជនប្រជាធិបតេយ្យ​ហុងកុង១៤នាក់​ជាប់​ទោស​ពីបទ​វិទ្ធង្សនា © RFI 驻香港特约记者麥燕庭提供
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
តាំងពី​ច្បាប់​សន្តិសុខ​ជាតិ​តាក់តែង​ដោយ​ប៉េកាំង​បាន​ចូល​ជា​ធរមាន​នៅហុងកុង​មក នេះ​ជា​ការ​បើក​សវនាការដ៏​ធំ​បំផុត​ដំបូង ប្រឆាំង​សកម្មជន​ប្រជាធិបតេយ្យ។ នៅ​ថ្ងៃទី​៣០ ឧសភា២០២៤ តុលាការ​ហុងកុង​បាន​ប្រកាសកាត់​ទោស​​សកម្មជនបក្ស​ប្រឆាំង​​ប្រជាធិបតេយ្យ​១៤រូប ពី​បទ​មាន​កំហុស​ប្រព្រឹត្ត​អំពើ​វិទ្ធង្សនា។

 
នៅក្នុង​​​​សវនការ​ដ៏​ធំ​បំផុត​​​ប្រឆាំង​នឹង​សកម្មជន​ប្រជាធិបតេយ្យ៤៧រូប​ គិត​ចាប់​តាំងពី​ច្បាប់​សន្តិសុខ​ហុងកុង​ចូល​ជា​ធរមាននៅពាក់កណ្តាល​ឆ្នាំ​២០២០មក តុលាការ​បាន​សម្រេច​ជំនុំ​ជម្រះ​សេចក្តី​លើ​ករណី​ជនជាប់​​ចោទ​១៦​រូប​ដែល​បដិសេធមិន​ទទួល​ស្គាល់​​ការ​ចោទ​ប្រកាន់​។ ក្នុង​ចំណោមនោះ​ មាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​រួច​ខ្លួន​ ដោយ​តុលាការ​សម្រេច​ថា​ពិត​ជា​គ្មាន​ទោស​មែន។ សកម្មជនប្រជាធិបតេយ្យ​​១៤​នាក់ មាន​ជា​អាទិ៍​អតីត​សមាជិក​សភា លោកឡុងហែរ លោកលឿង កុកហ៊ុង លោក រ៉ៃ​ចាន់ និងអតីត​អ្នកកាសែត​ម្នាក់ផង ​ត្រូវបាន​ចៅក្រម​ប្រកាស​ថា​​មាន​ទោស​ពី​បទ​ធ្វើ​វិទ្ធង្សនា។ សកម្មជន​ជាប់​ចោទ​ទាំងនោះ ប៉ុនប៉ង​បង្ក​ឱ្យ​មាន​វិបត្តិធម្មនុញ្ញ​នៅហុងកុង។ នេះ​បើតាម​ចៅក្រម​នៃ​តុលាការ​ជាន់ខ្ពស់​ហុងកុង។ ប៉ុន្តែ​ទម្ងន់​ទោស​នឹង​ត្រូវ​សម្រេច​នៅ​ពេល​ក្រោយ ក្នុង​ឆ្នាំ​នេះ​។
 
នៅក្នុង​ច្បាប់​សន្តិសុខ​ហុងកុង ទោស​ធ្វើ​វិទ្ធង្សនា អាច​នឹងនាំ​ជន​ជាប់​ចោទ​ឱ្យ​​ជាប់​ឃុំ​ឃាំង​អស់​មួយ​ជីវិត។
 
រង​​ការ​ចោទប្រកាន់​ជា​ផ្លូវការ​តាំងពី​ឆ្នាំ​២០២១ សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ទាំង​៤៧​រូប ដែល​ភាគ​ច្រើន​បាន​ជាប់​ឃុំ​ស្រេច​ទៅ​ហើយ​នោះ សុទ្ធ​សឹង​ជា​អ្នក​នយោបាយ​នៃ​បក្ស​ប្រឆាំង​ និង​ត្រូវ​ជាប់​ចោទពីបទ​ផ្សំ​គំនិត​រៀប​ចំ​ផែនការ​ធ្វើ​វិទ្ធង្សនា​ ដើម្បី​ផ្តួល​រដ្ឋាភិបាល តាម​រយៈ​សកម្មភាព​រៀប​ចំ​ការ​បោះឆ្នោតក្រៅផ្លូវការ​ជ្រើសរើស​បេក្ខជន​បក្ស​ប្រឆាំង​សម្រាប់​ទៅ​ចូល​រួម​បោះឆ្នោត​សភា។ បក្ស​ប្រឆាំង​មាន​កម្មវត្ថុ​ដណ្តើម​យក​សំឡេង​ភាគ​ច្រើន​ឱ្យ​បាន​ ទើប​អាច​ប្រើ​សិទ្ធិ​វេតូ​ប្រឆាំងនៅ​ពេល​សម្រច​គម្រោង​ថវិកា​និង​អាច​បង្ខំ​​​ប្រមុខ​ដឹកនាំ​ហុងកុងស្និទ្ធ​នឹង​ប៉េកាំង​កាលណោះ​ ​គឺ​លោក​ស្រីការីឡាំ​ ឱ្យ​ចុះ​ចេញ​ពី​តំណែង​បាន។ សម្រាប់​ក្រុម​ប្រជា​ធិបតេយ្យ​ នេះ​ជា​យន្តការ​នយោបាយ​សុទ្ធសាធ​ មិនមែន​ជា​បញ្ហា​ខុស​ច្បាប់​ទេ។
 
សំណុំ​រឿង​ក្តី​នេះ​បាន​ទទួល​ការ​តាមដាន​យ៉ាង​ស្អិត​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ ដោយ​ឃើញ​មាន​តំណាង​ការទូត​បារាំង អ៊ីតាលី និងប្រទេស​ក្នុង​សហភាពអឺរ៉ុប​ជា​ច្រើន​ទៅ​ចូល​រួម​ស្តាប់។

សហរដ្ឋ​អាមេរិក ព្រមទាំង​ប្រទេស​លោក​ខាង​លិច​បាន​រិះគន់​ប៉េកាំង​ថាមិន​គោរព ​សេរីភាព​របស់​ហុងកុងដូច​​ពាក្យ​សន្យា​​ពេល​ទទួល​យក​ហុងកុង​ពី​អង់គ្លេស​វិញ។
 
ក្រៅ​ពី​សវនាការ​ដ៏​ចម្រូងចម្រាស​គ្មាន​វត្តមានគណៈ​វិនិច្ឆ័យ​​ដូច​ទម្លាប់ អាជ្ញាធរ​ហុង​កុង​​បាន​ចាប់​ខ្លួន​មនុស្ស​៧នាក់​ផ្សេង​ទៀត ពី​បទ​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​​បែបញុះញង់​ឱ្យ​មាន​ការ​បះបោរ។ នេះ​ក៏​ជា​ករណី​ចាប់​ខ្លួនដំបូង​​ពាក់​ព័ន្ធ​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ ទើប​ចូល​ធរមាន​កាលពី​ខែ​មីនា ដែល​គ្រោង​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះបទ​​ឧក្រិដ្ឋ ​៥​ប្រភេទ គឺ​ក្បត់ជាតិ បះបោរ ចារកិច្ច ការ​បំផ្លាញ​និង​ជ្រៀតជ្រែត​ពី​ក្រៅ៕

© រក្សាសិទ្ធិដោយ thmeythmey.com