ជាតិ
ព្រឹទ្ធាចារ្យ វ៉ង់ ជុន អតីតនិស្សិត​សាលាជាតិផ្នែកល្ខោនជំនាន់ទី១ទទួលមរណភាពក្នុងអាយុ៨៥ឆ្នាំ
03, Jun 2024 , 11:34 am        
រូបភាព
ព្រឹទ្ធាចារ្យ វ៉ង់ ជុន វរសិល្បករផ្នែកល្ខោន បានទទួល​មរណភាព​កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ក្នុងអាយុ​៨៥​ឆ្នាំ។ នេះបើតាម​ការបញ្ជាក់​ក្នុងទំព័រ​ហ្វេសប៊ុក​មហាវិទ្យាល័យ​សិល្បៈ នាដសាស្ត្រ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ។

 
កើត​នៅ​ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ លោក វ៉ង់ ជុន ជាអតីតនិស្សិតសាលាជាតិផ្នែក​ល្ខោន​ជំនាន់ទីមួយ ចាប់ពី​ឆ្នាំ​១៩៥៥ ដល់​ឆ្នាំ​១៩៦២។ ក្រោយ​ទទួល​បាន​សញ្ញាបត្រសិល្បៈ​នាដ​កម្ម លោកបាន​ក្លាយ​ជា​នាដករ។ បន្ថែមពីលើនេះ ​ពីឆ្នាំ១៩៦៣​ ដល់​១៩៦៥ លោកក៏​ជាអ្នក​ទទួល​បន្ទុក​បច្ចេក​ទេស​ភ្លើង បំពង​សំឡេង​ តុបតែងឆាក និង​ផ្នែក​សម្លៀក​បំពាក់​ផងដែរ។
 
កើត​ចេញពីគ្រួសារដែលមានឪពុកជាអាចារ្យ​នៅវត្តមហាមន្ត្រី លោក វ៉ង់ ជុន ដែល​ឆ្លង​កាត់​ការ​សិក្សា​នៅ​វត្ត ហើយ​បាន​ចូល​ប្រឡងចូល​សាលា​ល្ខោន។ ក្នុងបទសម្ភាស​ជាមួយ​លោក ញាណ សុជាតិ ដែល​ត្រូវបាន​ផ្សាយនៅទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ របស់សាកវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ កាលពីឆ្នាំ២០២០ ព្រឹទ្ធាចារ្យ វ៉ង់ ជុន លើកឡើងថា ឆាក ជាសមរភូមិដ៏ក្តៅគគុក​របស់សិល្បករ ដែលអាចបង្ហាញនូវ​សច្ចធម៌។ 
 


លើសពីការសម្តែង​លើឆាក ព្រឹទ្ធាចារ្យ វ៉ង់ ជុន បាន​ប្រៀបប្រដូចខ្លួន​ដូចជា​ចុងភៅផ្នែក​ល្ខោន ដោយសារ​ព្រឹទ្ធាចារ្យ​មាន​ជំនាញ​ផ្នែក​តុបតែង និង​បច្ចេក​ទេសភ្លើង ក្រោយ​ឆ្លងកាត់ការសិក្សាពីវិស្វករបរទេស កាលពីសម័យ​សង្គម​រាស្ត្រនិយម។

ពីឆ្នាំ​១៩៥៩ ដល់ឆ្នាំ១៩៦៣ លោកជាអ្នកទទួល​ខុសត្រូវនៅមហោស្រព​ចតុមុខ ដោយធ្វើជាអ្នកដំឡើងភ្លើងលើ​ឆាក ដំឡើងមេក្រូ រហូតដល់ក្លាយជាអ្នកគ្រប់គ្រងឆាក។ ពីឆ្នាំ​១៩៧០ ដល់​ឆ្នាំ១៩៧៩ លោក​បាន​ក្លាយ​ជាសាស្ត្រាចារ្យ និងជាអ្នក​គ្រប់​គ្រង​រោង​ល្ខោន​រដ្ឋ។
 
ព្រឹទ្ធាចារ្យ វ៉ង់ ជុន គឺជាព្រឹទ្ធាចារ្យសិល្បៈមួយរូប ដែលបាន​រួម​ចំណែក​ស្រោចស្រង់​វិស័យសិល្បៈ ជាពិសេស​ផ្នែក​ល្ខោន​ឱ្យ​រស់រានមានជីវិតឡើង​វិញ ក្រោយ​របបខ្មែរក្រហម។ ​ព្រឹទ្ធាចារ្យបាន​បន្ត​ផ្ទេរចំណេះដឹង​របស់ខ្លួន ដល់​យុវជន​ជំនាន់ក្រោយ នៅ​សាកលវិទ្យាល័យភូមិន្ទ​ វិចិត្រសិល្បៈ​ រហូតដល់ចូលនិវត្តន៍។
 


ជាអតីតនិស្សសាលាជាតិផ្នែក​ល្ខោន​ជំនាន់ទីមួយ លោក វ៉ង់ ជុន ឆ្លងកាត់ការសិក្សាពីសាស្ត្រាចារ្យ​ល្ខោន​ល្បីៗ កាលពីសម័យសង្គម​រាស្ត្រនិយម រួមមាន លោក ហង្ស ធន់ហាក់, លោក ពៅ យូឡេង ជាដើម។ តាម​ការ​ចង​ចាំ​របស់លោក ស្ថាបនិក​ល្ខោននិយាយ កាលពីឆ្នាំ១៩៥៤ រួមមាន ព្រឹទ្ធាចារ្យ ហង្ស ធន់ហាក់, ព្រឹទ្ធាចារ្យ នួន កន, ព្រឹទ្ធាចារ្យ ឆេង ផុន, ព្រឹទ្ធាចារ្យ លី គឹមអ៊ួង, ព្រឹទ្ធាចារ្យ ហង់ ជួន, ព្រឹទ្ធាចារ្យ ហ៊ីង ប៊ុន​ថុន, ព្រឹទ្ធាចារ្យ មាស គក, ព្រឹទ្ធាចារ្យ ផឹក សំផេន, ព្រឹទ្ធាចារ្យ ប៉ុល សំអឿន, ព្រឹទ្ធាចារ្យ អ៊ុំ ឈឺន, ព្រឹទ្ធាចារ្យ ពៅ យូឡេង, ព្រឹទ្ធាចារ្យ អ៊ុំ ស៊ឹម, ព្រឹទ្ធាចារ្យ យិល ចាន់ធូ, ព្រឹទ្ធាចារ្យ អ៊ុំ ដរ៉ា, ព្រឹទ្ធាចារ្យ យក់ គុណ។

តាមឃ្លី​បវីដេអូ នៃបទសម្ភាសកាលពីឆ្នាំ២០២០ ដដែល ព្រឹទ្ធាចារ្យ វ៉ង់ ជុន បាន​លើកឡើងពី​ទីតាំងរោងល្ខោនបាសាក់​ដ៏សម្បូរបែប ក្នុងរាជធានីភ្នំពេញ នៅមុន​របបខ្មែរក្រហម ដោយមាននៅគីឡូលេខ៦, រោងថ្មមុខវត្តលង្កា, រោងឈើនៅផ្សារកាប់គោ, ផ្សារស៊ីឡឹប, ផ្សារដើមគ, រោងគឹម សឺន ក្រោយសាលានរោត្តម ជាដើម។
 


«មរណភាព​របស់​លោកសាស្ត្រាចារ្យ គឺជាការបាត់បង់ធនធាន​មនុស្ស​ផ្នែកសិល្បៈវប្បធម៌ ដែលគួរឱ្យសោកស្តាយ​បំផុត»។ នេះជាការ​លើកឡើង​របស់​បណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ ក្នុងលិខិតរំលែកទុក្ខជូន​ លោកស្រី ម៉ី ស៊ីវន ដែលជាភរិយា​សាស្ត្រាចារ្យ វ៉ង់ ជុន។
 
សពរបស់ព្រឹទ្ធាចារ្យ ត្រូវតម្កល់ធ្វើបុណ្យ​នៅផ្ទះលេខ១៦C បុរីប៉េហួតភូមិន្ទ ផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Tag:
 សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com