​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ផ្តើមប្រើប្រាស់ TikTok ដើម្បីទាក់ទាញអ្នកបោះឆ្នោតវ័យក្មេង
03, Jun 2024 , 7:29 pm        
រូបភាព
លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក ។ រូបភាព ៖ AFP
លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក ។ រូបភាព ៖ AFP
អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបើកគណនីបណ្តាញសង្គម TikTok ដើម្បីទាក់ទាញអ្នកបោះឆ្នោតវ័យក្មេង ដែលលោកព្យាយាម បិទក្នុងពេលកាន់តំណែងនៅអាណត្តិមុន។

 
លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក បានចូលរួមប្រើប្រាស់បណ្តាញសង្គម TikTok នៅយប់ថ្ងៃទី១ ខែមិថុនា ជាមួយនឹងគណនី @realdonaldtrump ។ គណនីនេះបានទាក់ទាញអ្នកតាមដានច្រើនជាង៣,២លាននាក់ គិតត្រឹមម៉ោង ១០ព្រឹកថ្ងៃទី៣ ខែមិថុនា (ម៉ោងនៅទីក្រុងភ្នំពេញ)។
 
វីដេអូដំបូងនៅលើគណនីនេះមានរយៈពេល ១៣វិនាទី ដែលហាក់ដូចជាត្រូវបានថតនៅក្នុងព្រឹត្តិការណ៍មួយរបស់ក្រុមហ៊ុនកម្សាន្តក្បាច់គុនចម្រុះ Ultimate Fighting Championship (UFC) នៅទីក្រុង Newark រដ្ឋ New Jersey កាលពីថ្ងៃទី១ ខែមិថុនា។ ប្រធាន UFC លោក Dana White បានបង្ហាញវត្តមានជាមួយលោក ត្រាំ ។
 
«អតីតប្រធានាធិបតីបានចូលរួមជាមួយ TikTok»។ លោក White បាននិយាយនៅក្នុងគណនី TikTok បែបនេះ​។ លោក Trump បានឆ្លើយតបថា «ពិតជាកិត្តិយសណាស់»។ វិនាទីបន្ទាប់ វីដេអូមកប្តូរទៅជារូបភាពលោក ត្រាំ ស្វាគមន៍អ្នកគាំទ្រនៅលើសង្វៀន។
 
ការផ្លាស់ប្តូរប្រើប្រាស់បណ្តាញសង្គមនេះ ត្រូវបានមើលឃើញថាជាការខិតខំប្រឹងប្រែងរបស់ លោក ត្រាំ ដើម្បីទាក់ទាញអ្នកបោះឆ្នោតវ័យក្មេងដែលមានសក្តានុពលក្នុងការប្រជែងតំណែងសេតវិមាននៅចុងឆ្នាំនេះ។ គូប្រជែងរបស់លោកគឺប្រធានាធិបតី ចូ បៃឌិន ក៏បានចូលរួមប្រើប្រាស់ TikTok កាលពីខែកុម្ភៈដែរ។
 
«​យុទ្ធនាការ​នេះ​កំពុង​ប្រព្រឹត្ត​ទៅ​លើ​គ្រប់​មុខ​ទាំងអស់​»។ ទីប្រឹក្សា​សម្រាប់យុទ្ធនាការ​ស្វែងរកសម្លេងឆ្នោតរបស់​លោក ត្រាំ បាន​និយាយ​បែបនេះដោយបន្តថា ការ​អាច​ឈាន​ទៅ​ដល់​វេទិកា ​និង​កន្លែង​ផ្សាយ​ព័ត៌មានជាច្រើន​គឺ​មាន​សារៈ​សំខាន់។ នេះជាវិធីមួយដែលយើងទៅដល់អ្នកបោះឆ្នោត។ TikTok មានទំនោរទៅរកយុវជន។ 
 
TikTok ជាបណ្តាញសង្គមមួយដែលប្រឈមការបិទច្រើនដងនៅអាម៉េរិក។ លោកប្រធានាធិបតី បៃឌិន កាលពីនៅចុងខែមេសាបានចុះហត្ថលេខាលើច្បាប់ដែលនឹងបង្ខំឱ្យក្រុមហ៊ុន ByteDance លក់ TikTok អោយក្រុមហ៊ុនអាម៉េរិក បើមិនចង់បិទទ្វារទាំងស្រុង លើដែនដីមួយនេះ។ 
 
 
រដ្ឋាភិបាលអាម៉េរិកបានរិះគន់ TikTok យ៉ាងចាស់ដៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចោទប្រកាន់ថា វាជាវេទិកាដែលបម្រើផលប្រយោជន៍របស់ចិន ទោះបីជា TikTok បដិសេធយ៉ាងម៉ឺងម៉ាត់ក៏ដោយ។ 
 
រដ្ឋជាច្រើនរបស់អាម៉េរិកបានហាមឃាត់កម្មវិធីនេះនៅលើឧបករណ៍របស់រដ្ឋាភិបាលដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។ នៅក្នុងខែសីហា ឆ្នាំ ២០២០ ខណៈពេលដែលកំពុងកាន់តំណែង លោក ត្រាំ ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលតម្រូវឱ្យ TikTok កាត់ទំនាក់ទំនងជាមួយ ByteDance ក្នុងរយៈពេល ៤៥ថ្ងៃ ឬត្រូវបានហាមឃាត់នៅអាម៉េរិក។ ក្រោយមក TikTok បានប្តឹងនៅតុលាការសហព័ន្ធ ហើយទទួលជ័យជម្នះ។ 
 
កាលពីខែមីនា អតីតប្រធានាធិបតី ត្រាំ បាននិយាយថា TikTok ជាការគំរាមកំហែងសន្តិសុខជាតិ ប៉ុន្តែការហាមឃាត់កម្មវិធីនេះនឹងប៉ះពាល់ដល់យុវជនអាម៉េរិក និងផ្តល់អត្ថប្រយោជន៍ដល់បណ្តាញសង្គម Facebook។ លោក Trump ធ្លាប់បានរិះគន់ Facebook ថា មិនស្មោះត្រង់ និងជាកម្មវិធីមិនល្អ សម្រាប់អាម៉េរិក។
 
បណ្តាញសង្គម Facebook បានចាក់សោគណនីរបស់លោក ត្រាំ មួយថ្ងៃបន្ទាប់ពីកុបកម្ម Capitol Hill កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយក្រុមបាតុករដែលគាំទ្រលោកបានសម្រុកចូលសភាដើម្បីការពារការទទួលស្គាល់ជ័យជម្នះការបោះឆ្នោតរបស់លោក បៃឌិន ។ ក្រោយមក​Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានប្រកាសក្នុងខែមករា ឆ្នាំ២០២៣ អំពីការស្ដារគណនីរបស់លោក ត្រាំ នៅលើបណ្តាញសង្គមនេះ និង Instagram ជាមួយនឹងវិធានការការពារថ្មី៕

Tag:
 ដូណាល់ ត្រាំ
  TikTok
© រក្សាសិទ្ធិដោយ thmeythmey.com