ដោយ៖ឈាង បុប្ផា/ RFI ខេមរភាសា
អ៊ីស្រាអែលនៅបន្តប្រតិបត្តិការយោធាចូលទីក្រុងរ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា ដោយមិនខ្វល់ពីការដាក់សម្ពាធរបស់សហគមន៍អន្តរជាតិ និងការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលបានទាមទារឲ្យអ៊ីស្រាអែលឈប់ជាបន្ទាន់ ការវាយប្រហារនៅរ៉ាហ្វា។ តុលាការយុត្តិធម៌អន្តរជាតិ មានទឹកមាត់កាន់សាបទៅទៀត នៅពេលនិយាយពីសង្រ្គាមអ៊ុយក្រែន។ តុលាការដែលមានទីតាំងនៅទីក្រុងឡាអេ ប្រទេសហូឡង់ធ្លាប់បានចេញសេចក្តីសម្រេចទាមទារឲ្យរុស្ស៊ីឈប់ធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន តាំងពីខែមីនាឆ្នាំ២០២២ ប៉ុន្តែ សង្រ្គាមអ៊ុយក្រែនអូសបន្លាយពេលជាង២ឆ្នាំ។ រុស្ស៊ីធ្វើព្រងើយ មិនអនុវត្តតាមការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ។ រុស្ស៊ី អ៊ីស្រាអែលមិនព្រមសហការ ហើយក៏មិនអនុវត្តគោរពតាមការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ។ តើនេះជាកំហុសរបស់អ្នកណា?
តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ជាស្ថាប័នជាន់ខ្ពស់មួយរបស់អង្គការសហប្រជាជាតិដែលមានសមត្ថកិច្ចបើកការជំនុំជម្រះ ដោះស្រាយវិវាទរវាងប្រទេសនៅក្នុងពិភពលោក។
ក្រុមការងារទទួលបន្ទុកព័ត៌មានរបស់តុលាការយុត្តិធម៌អន្តរជាតិធ្លាប់និយាយថា ការសម្រេចភាគច្រើនរបស់តុលាការអន្តរជាតិ ត្រូវបានប្រទេសគោរព យកទៅអនុវត្តធ្វើតាម។ ប៉ុន្តែ មានតែករណីលើកលែងមួយចំនួនប៉ុណ្ណោះ ដែលការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ជាការសម្រេចខ្យល់ គ្មានទម្ងន់ គ្មានតម្លៃអាចទៅជួយដោះស្រាយបិទបញ្ចប់ជម្លោះ។
សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងសង្រ្គាមវាយប្រហាររបស់អ៊ីស្រាអែលទៅលើក្រុមហាម៉ាសនៅហ្កាហ្សា ជាឧទាហរណ៍លេចធ្លោដែលបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិក្នុងទីក្រុងឡាអេ គ្មានទឹកមាត់ប្រៃសូម្បីតែបន្តិច។ ជាក់ស្តែង នៅ១ខែក្រោយ រុស្ស៊ីបញ្ជូនទ័ពចូលទៅឈ្លានពានអ៊ុយក្រែន នៅដើមឆ្នាំ២០២២ តុលាការយុត្តិធម៌អន្តរជាតិបានចេញសម្រេចទាមទារឲ្យរុស្ស៊ីឈប់ឈ្លានពានអ៊ុយក្រែន ប៉ុន្តែ រុស្ស៊ីនៅតែផ្គើន បន្តធ្វើសង្រ្គាមវាយលុកយកដីអ៊ុយក្រែនរហូតមកដល់សព្វថ្ងៃ។ នៅក្នុងករណីអ៊ីស្រាអែល ដែលមានអាហ្វ្រិកខាងត្បូងជាម្ចាស់ដើមបណ្តឹង តុលាការក្រុងឡាអេទើបបានបញ្ជាកាលពីខែ ឧសភា ឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់ប្រតិបត្តិការយោធាចូលក្នុងទីក្រុងរ៉ាហ្វា នៅភាគខាងត្បូងហ្កាហ្សា។ ប៉ុន្តែ អ៊ីស្រាអែលនៅតែមិនព្រមស្តាប់ធ្វើតាមការសម្រេចរបស់តុលាការអន្តរជាតិ ដោយគិតចង់គាស់រំលើងក្រុមហាម៉ាសតែមួយមុខ។
ដោយសាររុស្ស៊ី អ៊ីស្រាអែលមិនព្រមអនុវត្តតាមការសម្រេចយ៉ាងដូច្នេះ មានសំណួរដែលចោទសួរពីសមត្ថភាព និងអំណាចរបស់តុលាការយុត្តិធម៌អន្តរជាតិ។ តើតុលាការក្រុងឡាអេ ពិតជាគ្មានសមត្ថភាព ចាប់បង្ខំឲ្យគេអនុវត្តតាមការសម្រេចស្របច្បាប់របស់ខ្លួន?
អ្នកជំនាញច្បាប់មួយចំនួន ដូចជាអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលជាតិ និងស្រាវជ្រាវវិទ្យាសាស្រ្តនៅប្រទេសបារាំង គឺលោកស្រី Raphaëlle Nollez-Goldbach បានពន្យល់ថា នៅពេលការសម្រេចរបស់តុលាការមិនត្រូវបានគេអនុវត្តគោរពតាម វាមិនមែនជាកំហុសរបស់តុលាការយុត្តិធម៌អន្តរជាតិនោះទេ ប៉ុន្តែ វាជាការទទួលខុសត្រូវរបស់ប្រទេសដែលជាប់ពាក់ព័ន្ធ។ អាចនិយាយម្យ៉ាងថា ដោយសារតុលាការយុត្តិធម៌អន្តរជាតិត្រូវការពឹងផ្អែកលើឆន្ទៈ និងការសហការរបស់ប្រទេសដើម្បីអនុវត្តការសម្រេចរបស់ខ្លួន តុលាការយុត្តិធម៌ក៏មានសមត្ថភាពមានដែនកំណត់ទៅតាមហ្នឹងដែរ។
ចំពោះអ្នកជំនាញ តុលាការយុត្តិធម៌អន្តរជាតិគួរឲ្យទុកជឿទុកចិត្ត មានទឹកមាត់ប្រៃដែរឬទេ គឺអាស្រ័យលើរដ្ឋាភិបាលរបស់ប្រទេសពាក់ព័ន្ធ ដែលភាគច្រើនកំពុងអនុវត្តស្តង់ដាពីរ។
ឧទាហរណ៍ ប្រទេសលោកខាងលិចនាំមុខដោយអាមេរិកបានទះដៃសាទរនៅពេលតុលាការយុត្តិធម៌សម្រេចអ៊ុយក្រែនឈ្នះក្តី ពោលគឺទាមទារឲ្យរុស្ស៊ីឈប់ធ្វើសង្រ្គាមឈ្លានពាន និងដកទ័ពចេញពីទឹកដីអ៊ុយក្រែន។ ប៉ុន្តែ នៅពេល តុលាការយុត្តិធម៌អន្តរជាតិដដែលចេញសេចក្តីសម្រេច បញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់សង្រ្គាមហ្កាហ្សា លោកខាងលិចបែរជាបារម្ភ ខ្លាចថា អ៊ីស្រាអែលនឹងអាចរងការវាយប្រហារភេរវកម្មសាជាថ្មីរបស់ពួកហាម៉ាស។
ផ្ទុយមកវិញ អាហ្វ្រិកខាងត្បូងដែលឈ្មុសឈ្មុលចេញមុខការពារបុព្វហេតុរបស់ប្រជាជនប៉ាឡេស្ទីន ដោយបានតាំងខ្លួនជាដើមបណ្តឹងប្តឹងអ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ប៉ាឡេស្ទីន បែរជា នៅស្ងៀម មិនរិះគន់រុស្ស៊ីដែលកំពុងសម្លាប់មនុស្សរង្គាលនៅក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។
ចំពោះអ្នកជំនាញ គ្រប់ប្រទេស គ្រប់រដ្ឋាភិបាលត្រូវគោរពការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ បើទោះបីជាការសម្រេចនោះអាចពាក់ព័ន្ធដល់ប្រទេសមិត្ត សម្ព័ន្ធមិត្ត ឬគូប្រជែងរបស់ខ្លួន។ បើមិនដូច្នោះទេ ប្រទេសដែលជាប់ក្នុងសំណាញ់ច្បាប់របស់តុលាការអន្តរជាតិ នៅតែមានលេស យករួចខ្លួនជានិច្ច។
អ្នកជំនាញនៅបានលើកឡើងករណីប្រទេសមួយចំនួនដែលកំពុងគេចវេសពីសំណាញ់ច្បាប់របស់តុលាការអន្តរជាតិមួយទៀត គឺតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ។ តុលាការមួយនេះបានចេញដីកាតាមចាប់លោកប្រធានាធិបតីពូទីន នៅក្នុងបទចោទប្រកាន់ជាអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងរឿងចាប់បញ្ជូនកុមារអ៊ុយក្រែន ទៅប្រទេសរុស្ស៊ី។
ប៉ុន្តែ ដោយសារតែ រុស្ស៊ីមិនមែនជាហត្ថលេខីនៃសន្ធិសញ្ញារ៉ូម បង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិ និងម្យ៉ាងដោយសាររុស្ស៊ីក៏ជាមហាអំណាចយោធា លោកពូទីននៅមានសេរីភាព គ្មានខ្លាចរអានឹងរឿងចាប់ខ្លួនលោកឡើយ។ ចំពោះរឿងអ៊ីស្រាអែល រដ្ឋអាជ្ញារបស់តុលាការព្រហ្មទណ្ឌអន្តរជាតិបានដាក់ពាក្យសុំឲ្យតុលាការចេញដីកាចាប់ខ្លួននាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងថ្នាក់ដឹកនាំក្រុមហាម៉ាស ប៉ុន្តែ គ្មានប្រយោជន៍។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានប្រតិកម្មរិះគន់ការសម្រេចរដ្ឋអាជ្ញា តុលាការព្រហ្មទណ្ឌអន្តរជាតិថា ជាការប្រឆាំងនឹងប្រទេសប្រជាធិបតេយ្យ។ លោកបានសន្យាចាត់វិធានការវាយបកវិញ។ នាយករដ្ឋមន្រ្តីអាល្លឺម៉ង់វិញធ្លាប់អះអាងថា អាល្លឺម៉ង់មិនអាចចាប់លោកនេតាន់យ៉ាហូ បានទេ ព្រោះនៅមិនទាន់មានដីកាពីតុលាការព្រហ្មទណ្ឌអន្តរជាតិ។
សរុបមក គេមិនអាចបន្ទោស ចោទថា តុលាការយុត្តិធម៌ ឬតុលាការព្រហ្មទណ្ឌអន្តរជាតិជាស្ថាប័នគ្មានប្រយោជន៍ គ្មានសមត្ថភាពនោះទេ។ ជាថ្មីម្តងទៀត តុលាការអន្តរជាតិទាំងពីរគ្មានមធ្យោបាយ គ្មានប៉ូលិស ដើម្បីទៅចាប់បង្ខំឲ្យគេអនុវត្តសេចក្តីសម្រេចរបស់ខ្លួន។ យោងតាមច្បាប់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ គឺក្រុមប្រឹក្សាសន្តិសុខដែលមានតួនាទីជាអ្នកសម្រេច បញ្ជូនកងកម្លាំងទៅចាប់បង្ខំឲ្យគេអនុវត្តសាលដីកា។ ប៉ុន្តែ នៅក្នុងពិភពលោកសព្វថ្ងៃ ដែលបែកបាក់ បែងចែកបក្សពួក ជាពីប៉ូលប្រឆាំងគ្នាយ៉ាងដូច្នេះ អំណាចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិកំពុងធ្លាក់ចុះខ្សោយ។ ជាក់ស្តែង នៅចំពោះមុខការរឹងទទឹងរបស់អ៊ីស្រាអែលដែលមិនព្រមឈប់វាយប្រហារលើទីក្រុងរ៉ាហ្វា អាហ្វ្រិកខាងត្បូង កាលពីពេលថ្មីៗនេះបានទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអនុវត្តសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ។ ជាការទាមទារអត់ប្រយោជន៍ ព្រោះថា សមាជិកអចិន្ត្រៃយ៍ទាំង៥ របស់ក្រុមប្រឹក្សាសន្តិសុខកំពុងបែកបាក់គ្នា រវាងក្រុមនាំមុខដោយអាមេរិក និងក្រុមគាំទ្ររុស្ស៊ី ដែលជាហេតុធ្វើឲ្យក្រុមប្រឹក្សាសន្តិសុខមិនអាចបោះឆ្នោតរកសំឡេងជាឯកច្ឆន្ទ។ សមាជិករបស់ក្រុមប្រឹក្សាសន្តិសុខដែលជាអ្នកមានសិទ្ធិសម្រេចបញ្ជូនទាហានទៅអនុវត្ត គ្មានសមត្ថភាពចេញសេចក្តីសម្រេចរបស់ខ្លួនផង តើឲ្យតុលាការយុត្តិធម៌អន្តរជាតិ ឬតុលាការព្រហ្មទណ្ឌអន្តរជាតិធ្វើអ្វីកើត ដោយគ្មានការសហការពីប្រទេសមហាអំណាចនោះ?