ជាតិ
កម្ពុជា-ហ្វាំងឡង់ បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខា​ភិ​បាល ពាណិជ្ជកម្ម​ និង​បរិស្ថាន
04, Jun 2024 , 3:26 pm        
រូបភាព
លោក Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជា(ឆ្វេង) នាជំនួបសម្តែងការគួរសម និងជម្រាបលា ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា(ស្តាំ)នៅថ្ងៃទី៤ មិថុនា។ (រូបភាព៖ ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត)
លោក Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជា(ឆ្វេង) នាជំនួបសម្តែងការគួរសម និងជម្រាបលា ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា(ស្តាំ)នៅថ្ងៃទី៤ មិថុនា។ (រូបភាព៖ ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត)
រដ្ឋាភិបាលហ្វាំងឡង់ នៅតែបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការជាមួយកម្ពុជា លើវិស័យសំខាន់ៗ មានជាអាទិ៍វិស័យអប់រំ, សុខាភិបាល, ពាណិជ្ជកម្ម, បរិស្ថាន និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ សេចក្តីអះអាងនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែង ការគួរសម និងជម្រាបលា របស់ លោក Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជា ដែល​មាននិវេសន​ដ្ឋាននៅទីក្រុង​បាង​កក​  ជាមួយសម្តេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា នៅថ្ងៃទី៤​ មិថុនានេះ។

 
ផ្តើមជំនួបនេះ លោក Jyri Järviaho បាន​សាទរចំពោះ​សម្ដេច ហ៊ុន ម៉ាណែត ដែល​ត្រូ​វ​ ​បាន​ជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃ​កម្ពុជា ហើយក៏សម្តែង​មរណទុក្ខចំពោះ​ការសោយព្រះ​ទិវង្គតរបស់ សម្តេច ទេព វង្ស សម្តេចព្រះ​មហា​​សង្ឃរាជកម្ពុជា​។
​បន្តពីនេះ លោក Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជា បានបញ្ជាក់ពីការ បន្ត​ពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការរបស់ហ្វាំងឡើងជាមួយកម្ពុជា លើវិស័យ​អប់រំ​ សុខា​ភិបាល ពាណិជ្ជកម្ម បរិស្ថាន និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុង​​អាណត្តិ​ការទូត​រយៈពេ​ល៤ឆ្នាំនៅកម្ពុជា លោក Jyri Järviaho ក៏បានចូលរួមចំណែក​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ និងការគាំទ្រដល់ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច​នៅកម្ពុជា ​លើ​​ការងារបោស​សំអាតមីន, ការគ្រប់គ្រង និង​ចុះបញ្ជីដីធ្លី, ការគាំទ្រដល់​អង្គជំនុំ​ជម្រះវិសាមញ្ញក្នុងតុលាការ​កម្ពុជាជាដើម។
 
លោក Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជា(ឆ្វេង) នាជំនួបសម្តែងការគួរសម និងជម្រាបលា ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា(ស្តាំ)នៅថ្ងៃទី៤ មិថុនា។ រូបភាព៖ ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត

​ជាការឆ្លើយតប សម្តេច ធិបតី បាន​វាយតម្លៃខ្ពស់ ចំពោះ​ការចូលរួមចំណែក​យ៉ាង​សកម្ម របស់​លោក Jyri Järviaho ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហ​ប្រតិបត្តិ​ការលើវិស័យ​ជាច្រើន ជាពិសេស​វិស័យអប់រំ។ ប្រមុខ​រាជ​រដ្ឋា​ភិបាល បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាល​នីតិកាលទី​៧ នៃរដ្ឋសភា នឹងបន្តអនុវត្តគោល​នយោ​បាយលើកកម្ពស់​វិស័យអប់រំ តាមរយៈការផ្តល់អាទិភាពលើការកសាងមូលធន មនុស្សប្រកបដោយ​សមត្ថភាព និង​សុខភាព ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីក​ចម្រើន និងរឹង​មាំ បន្ថែមទៀត»។ នេះជាបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត មុននឹងបន្តថាកម្ពុជា ក៏បាន ​ដាក់ចេញ​គោលនយោបាយជាអាទិភាព ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបច្ចេក​ទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយភាពបត់បែន និងតាម​តម្រូវ​ការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែម ដោយការរៀបចំជំនាញឡើងវិញ ​ និង​ការបង្កើនជំនាញ។
 
​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តស្វាគមន៍ និងលើកទឹកចិត្ត ​រដ្ឋាភិបាល ហ្វាំងឡង់ ក្នុង​ការ​​ពង្រឹង និងពង្រីកបន្ថែមទៀត កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម​ និងបរិស្ថានជាមួយ​ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕

Tag:
 អប់រំ
  ការទូត
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com