ជាតិ
វីដេអូ
វ័យត្រឹម៣ឆ្នាំ កុមារ អឿន រិទ្ធីពល អាចអាន និងសរសេរអក្សរ បានយ៉ាងចំណាន
× ភ្នំពេញ៖ អឿន រិទ្ធីពល ជាកុមារាម្នាក់មានបញ្ញាស្មារតី និងខួរក្បាលឆ្លាតវាងវៃ ដែលអាចអាន និងសសេរព្យព្ជានៈ ទាំងខ្មែរ និងអង់គ្លេស ។ បើទោះនិយាយមិនទាន់ច្បាស់ តែកុមារា អឿន រិទ្ធីពល សង្វាតកាន់សៀវភៅណាស់ ព្រោះរូបគេចូលចិត្តអាន និងចង់ចេះចង់ដឹង។
សូមលោក អ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖
ស្ថិតនៅក្នុងគេហដ្ឋាន ដែលមានទំហំបណ្តោយ៦ម៉ែត្រ និងទទឹង៥ម៉ែត្រ សមល្មមសម្រាប់គ្រួសារតូចមួយរបស់លោក អ៊ួន វិទ្យា និងអ្នកស្រី លី គឹមឡុន ដែលមានកូនតូចឈ្មោះថា អឿន រិទ្ធីពល។ ជាអាជីវករលក់អង្ករ និងជាភ្នាក់ងារផ្ទេរ និងប្តូរប្រាក់ នៅម្តុំសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លោក វិទ្យា និងភរិយា តែងមមាញឹកជាមួយរបររកស៊ី ដើម្បីផ្គត់ផ្គង់ជីវភាព។ ទោះជាប់រវល់យ៉ាងណាក្តី ក៏ស្វាមីភរិយាមួយគូរនេះ មិនដែលភ្លេចបង្ហាត់បង្រៀនកូនប្រុសនោះឡើយ។
នៅពេល រិទ្ធីពល មានអាយុជាង ១ឆ្នាំ លោកវិទ្យា និងភរិយា ក៏បានបង្រៀនកូនឱ្យស្គាល់ពីនេះ ពីនោះ តាមបែបមនុស្សចាស់បង្ហាត់កូនតូច។ ដំបូងឡើយ អ្នកទាំងពីរ បង្រៀនកូនឱ្យស្គាល់ពីរូបសត្វ ផ្លែឈើ តួអក្សរ និងស្រះនិស្ស័យជាដើម។ ជារឿយៗ រិទ្ធីពល តែងដេកមើលសៀវភៅ បន្ទាប់ពីរូបគេបរិភោគអាហាររួច ។ បើទោះមិនចេះអាន ក៏រិទ្ធីពល ដេកមើលគំនូរក្នុងសៀវភៅ ប្រៀបដូចអ្នកចេះអានសៀវភៅចំណានដែរ ។ សកម្មភាពនេះ បានធ្វើឱ្យលោក វិទ្យា ចាប់អារម្មណ៍ថា កូនប្រុសរបស់លោក ស្រឡាញ់សៀវភៅ ទើបទិញសៀវភៅបន្ថែមទៀត សម្រាប់កូនរៀនអាន។
ជារៀងរាល់ព្រឹក រិទ្ធីពល តែងមកអង្គុយមើលសៀវភៅ ដែលអ្នកម្តាយបានរៀបចំទុកនៅលើតុ ដោយមានសៀវភៅ២ក្បាល មានចំណងជើងថា «ចន្រ្ទា និងចន្រ្តា» និង «បញ្ញា ទៅលេងទីក្រុងភ្នំពេញ» រួមទាំងសៀវភៅផ្សេងៗទៀត។ ចំណែក ផ្ទាំងអក្សរនានា បានបិទនៅចន្លោះទូរប្តូរប្រាក់ ស្ថិតនៅក្បែរខ្លួន ដើម្បីឱ្យ រិទ្ធីពល ងាយស្រួលចង្អុល។ បច្ចុប្បន្ន រិទ្ធីពល មានសមត្ថភាព អានប្រយោគខ្មែរខ្លីៗ និងចងចាំទង់ជាតិប្រមាណ ១៦៥ប្រទេស រួមទាំងអាចសសេរព្យព្ជានៈ ស្រះ បានយ៉ាងស្ទាត់។
ការបង្រៀនកូនជាមួយផ្នែក ប៉ុន្តែអ្វីដែលលោក វិទ្យា កាន់តែភ្ញាក់ផ្អើលនោះ គឺនៅពេល រិទ្ធីពល អាយុបាន២ឆ្នាំ រូបគេអាចចងចាំមេរៀនកាន់ខ្លាំងជាងមុន ពោលគឺបង្ហាត់មួយដង ចាំតែម្ដង។ ក្នុងវ័យ២ឆ្នាំ រិទ្ធីពល មានជំនាញចំណាំតួអក្សរ ខុសពីក្មេងៗ ដែលមានអាយុប្រហាក់ប្រហែលគ្នា។ បើទោះនិយាយរដិបរដុប ក៏ក្មេងប្រុសរូបនេះ មិនធុញនឹងកាន់សៀវភៅនោះឡើយ។ សម្រាប់មេរៀនបែបកុមារ ដែលរូបគេបានរៀន និងចាំស្ទាត់នោះ មានព្យពា្ជនៈខ្មែរទាំង៣៣តួ ,ស្រះនិស្ស័យចំនួន២៣ស្រះ , រៀនរាប់ពីលេខ១ ដល់លេខ១០០ និងរៀនកាន់ប៊ិចគូសតាមតួអក្សរជាដើម។
ពីមួយថ្ងៃ ទៅមួយថ្ងៃ កុមារាវ័យជាង៣ឆ្នាំរូបនេះ កាន់តែរីកចម្រើនជាងមុន និងជាក្មេងចូលចិត្តរៀននូវអ្វីថ្មីៗ ។ កុមារា រិទ្ធីពល បានធ្វើឱ្យអ្នកជិតខាង ស្ងើចសសើរពីភាពឆ្លាតវៃ និងភាពប៉ិនប្រសព្វរបស់រូបគេ ។ លេងតិចជាងរៀន ជាទម្លាប់ល្អមួយ ដែលអាណាព្យាបាលរបស់ រិទ្ធីពល មើលឃើញពីការលូតលាស់ស្មារតីរបស់កូន លើសពីការរំពឹងទុក ជាពិសេសអត្តចរិករបស់កូនមានភាពចាស់ទុំច្រើន និងស្តាប់បង្គាប់ឪពុកម្តាយ។
ប្រាកដណាស់ ការអប់រំកូន ជាកត្តាចាំបាច់បំផុតរបស់ឪពុកម្តាយ ដែលមានតួនាទីបណ្តុះបណ្ដាលដល់កូនៗ។ អាណាព្យាបាល មានតួនាទីសំខាន់ ក្នុងការបង្រៀន និងផ្តល់ភាពស្និទ្ធស្នាលដល់កូន ។ ទាំងនេះជាទំនួលខុសត្រូវ ជាក់ស្តែងដូចជាគ្រួសាររបស់លោក អ៊ួន វិទ្យា និងអ្នកស្រី លី គឹមឡុន បង្រៀនកុមារា អឿន រិទ្ធីពល ដូច្នេះដែរ៕
Tag:
ThmeyThmey
អឿន រិទ្ធីពល
អំណាន
© រក្សាសិទ្ធិដោយ thmeythmey.com