ជាតិ
តារាចម្រៀងលំដាប់ពិភពលោក Andrea Bocelli គ្រោងមកច្រៀងនៅទឹកដីសៀមរាប ឆ្នាំក្រោយ
05, Jun 2024 , 9:39 pm        
រូបភាព
ភ្នំពេញ៖ កំពូលតារាចម្រៀង លំដាប់ពិភពលោក លោក Maestro Andrea Bocelli គ្រោងមកច្រៀង នៅក្នុងប្រទេសកម្ពុជា តាមរយៈគម្រោងកម្មវិធី “ដំណើរសម្ដែងតន្រ្តីតារាអាស៊ីឆ្នាំ២០២៥-២០២៦” នៅខេត្តសៀមរាប។ គម្រោងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គាំទ្រយ៉ាងពេញទំហឹង។



លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រសួង កំពុងពិនិត្យនិងពិភាក្សា ជាមួយក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីរៀបចំកម្មវិធី “ដំណើរសម្ដែងតន្រ្តីតារាអាស៊ីឆ្នាំ២០២៥-២០២៦” នៅខេត្តសៀមរាប។

រូបពីហ្វេសប៊ុក Andrea Bocelli

ទាក់ទងនឹងផែនការសកម្មភាពផ្សេងៗ នៃគម្រោងកម្មវិធីសម្ដែងតន្ត្រីនេះ លោក ស៊ុំ​ ម៉ាប់ ពុំទាន់អាចបញ្ជាក់បាននៅឡើយទេ។ លោកសន្យាថា នៅពេលគម្រោងនេះ សម្រេចជាផ្លូវការ លោកនឹងផ្ដល់ព័ត៌មានបន្ថែម។
 
«បច្ចុប្បន្ននេះ ស្ថិតក្នុងគម្រោងនៅឡើយ។ តាមជំនួបពីម្សិលមិញ ក្រសួងវប្បធម៌ គាំទ្រឱ្យមានកម្មវិធីនេះ។ ក្រសួងវប្បធម៌ កំពុងពិនិត្យជាមួយក្រសួងពាក់ព័ន្ធផ្សេងៗ ដូចជាក្រសួងទេសចរណ៍ជាដើម ហើយសុំគោលការណ៍ពីរដ្ឋាភិបាល ដើម្បីរៀបចំ។ ដូច្នេះពេលនេះ ស្ថិតក្នុងដំណាក់កាលត្រៀមនៅឡើយ។ ពេលបានព័ត៌មានលម្អិត ពាក់ព័ន្ធនឹងដំណើរការ ការងារនេះ នឹងជូនទៅប្អូនបន្ថែមទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ស៊ុំ ម៉ាប់។ 

ពាក្យក្រោមរូបនេះ (រូបពីហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)

តាមកំណត់ត្រាពិភពលោកហ្គីណេស បានបញ្ជាក់ថា អាល់ប៊ុមចម្រៀងបុរាណរបស់ Andrea Bocelli “Sacred Arias” បានជាប់ចំណាត់ថ្នាក់លេខ ១, ២ និង ៣ ក្នុងពេលដំណាលគ្នា នៅលើតារាងអាល់ប៊ុម​បុរាណ របស់សហរដ្ឋអាមេរិក។ Bocelli បានចេញអាល់ប៊ុមស្ទូឌីយ៉ូ ចំនួន១៧ រួមមានប្រភេទប៉ុប បុរាណ និងប្រភេទឡាតាំង។ កំណត់ត្រាលក់បទចម្រៀងសរុប របស់ Brocelli លើសពី ៧៥លានបន្ទះ នៅទូទាំងពិភពលោក។ បន្ថែមពីនោះ លោកនៅមានពានរង្វាន់ ដ៏មានកិត្យានុភាពជាច្រើនទៀត។
 
លោក Andrea Bocelli បានក្លាយជាតារាចម្រៀងបុរាណ ដែលបានទទួលពានរង្វាន់ជាច្រើន និងជាតារាចម្រៀងមួយរូប នៅលើ Hollywood Walk of Fame។


រូបពីហ្វេសប៊ុក Andrea Bocelli
 
សូមបញ្ជាក់ថា លោក Andrea Bocelli កើតនៅថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ១៩៥៨ នៅ Lajatico, Tuscany ប្រទេសអ៊ីតាលី។ គាត់គឺជាអ្នកចម្រៀងជនជាតិអ៊ីតាលី ដែលមានពិការភាពភ្នែក ដែលត្រូវបានទទួល ស្គាល់ជាលំដាប់អន្តរជាតិ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ សំឡេងដ៏មានអានុភាព និងបែបមនោសញ្ចេតនារបស់លោក Bocelli បានធ្វើឱ្យគាត់ក្លាយជាបុគ្គលល្បីល្បាញ នៅក្នុងតន្ត្រីបុរាណនិងប៉ុប។ 
 
គាត់បានចេញ អាល់ប៊ុមជោគជ័យជាច្រើន ហើយបានសហការជាមួយសិល្បករផ្សេងៗទៀត។ បន្ថែមលើអាជីពជាអ្នកចម្រៀង លោក Bocelli បានចូលរួមក្នុងការបរិច្ចាគ តាមរយៈមូលនិធិ Andrea Bocelli។ គាត់ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងដ៏អស្ចារ្យ និងជាទីពេញចិត្តបំផុត ក្នុងពិភពលោក៕
 

 

Tag:
 សិល្បៈ
  វប្បធម៌
 ​ ក្រសួងវប្បធម៌
  តារា
  ចម្រៀង
  អាស៊ី
 
© រក្សាសិទ្ធិដោយ thmeythmey.com