RFI
អន្តរជាតិ
របាយការណ៍វិទ្យាសាស្ត្រថា ការកើនឡើងកំដៅផែនដីដោយសារសកម្មភាពមនុស្ស មានល្បឿនលឿនណាស់ ![កម្រឹតសីតុណ្ហភាពពិភពលោក ឡើងក្តៅខ្លាំងក្នុងឆ្នាំ២០២៣ © RFI](https://image.thmeythmey.com/pictures/2024/06/06/download.jpg)
កម្រឹតសីតុណ្ហភាពពិភពលោក ឡើងក្តៅខ្លាំងក្នុងឆ្នាំ២០២៣ © RFI
×![]()
ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
ការកើនឡើងនូវកំដៅផែនដី ដែលបណ្តាលមកពីសកម្មភាពរបស់មនុស្ស មានល្បឿនលឿនខ្លាំងមិនធ្លាប់មានទេ។ នេះគឺជាការសន្និដ្ឋានរបស់ក្រុមអ្នកវិទ្យាសាស្ត្រល្បីៗជាច្រើននាក់ ដែលបានរួមគ្នាធ្វើរបាយការថ្មីមួយ ចេញផ្សាយកាលពីថ្ងៃពុធទី៥មិថុនា។ អ្នកវិទ្យាសាស្ត្របានទាញសញ្ញាអាសន្នថា ល្បឿននៃការកើនឡើងសីតុណ្ហភាពផែនដីនេះ កំពុងតែមកបំផ្លាញក្តីសង្ឃឹម ក្នុងការទប់ស្កាត់ការកើនឡើងកំដៅផែនដី មិនឲ្យលើសពី២°c នៅរវាង ចុងសតវត្សរ៍ទី២១នេះ។
ក្នុងរវាងពីឆ្នាំ២០១៤ដល់២០២៣ ការកើនឡើងកំដៅផែនដី ដែលបណ្តាលមកពីសកម្មភាពរបស់មនុស្ស បានមានល្បឿនកើនឡើងយ៉ាងលឿនរហ័ស។ ពោលគឺក្នុងរវាង១០ឆ្នាំមកនេះ សីតុណ្ហភាពផែនដី បានឡើងកម្តៅ ចំនួន ០,២៦°c បន្ថែមទៀត ដោយសារតែសកម្មភាពមនុស្ស។ នេះបើផ្អែកតាមរបាយការណ៍ថ្មីមួយ របស់ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រល្បីឈ្មោះ ចំនួនជាង៦០នាក់ ចេញផ្សាយថ្ងៃទី៥មិថុនា នៅក្នុងទស្សនាវត្តី Earth System Science Data ។
បើប្រៀបធៀបទៅសម័យបុរេឧស្សាហកម្ម ការកើនឡើងកំដៅផែនដីបង្កឡើងដោយសកម្មភាពមនុស្ស គឺបានកើនឡើងចំនួន ១,១៩°c ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ពោលគឺកើនខ្ពស់ជាងរបាយការណ៍ចុងក្រោយ ចេញផ្សាយកាលពីឆ្នាំមុន ដែលមាន ១,១៤°c ក្នុងរវាងពីឆ្នាំ២០១៣-២០២២។ ក្នុងឆ្នាំ២០២៣ ការកើនឡើងកំដៅផែនដី ដែលជាចំណែកបង្កឡើងដោយសកម្មភាពមនុស្ស គឺមានទំហំដល់ទៅ ១,៣១°c។
សូមបញ្ជាក់ថា តាមរយៈរបាយការណ៍ថ្មីនេះ ក្រុមអ្នកវិទ្យាសាស្ត្រមានបំណង ផ្តល់ឲ្យនូវទិន្នន័យធ្វើបច្ចុប្បន្នភាព រៀងរាល់មួយឆ្នាំម្តង ដើម្បីជាបច្ច័យចូលរួមដល់ការចរចានានា ក្នុងក្របខណ្ឌអន្តរជាតិ ទាក់ទិននឹងការដោះស្រាយវិបត្តិអាកាសធាតុ។ យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ ទសវត្សបច្ចុបន្ននេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះអាចជាឱកាសចុងក្រោយហើយសម្រាប់មនុស្សជាតិយើង ក្នុងការទាញទប់សីតុណ្ហភាពផែនដី មិនឲ្យឡើងលើស២°c នៅរវាងឆ្នាំ២១០០ ដូចអ្វីដែលបានកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។
លោក Pierre Friedlinstein អ្នកស្រាវជ្រាវអាកាសធាតុនៅសកលវិទ្យាល័យ Exeter និង CNRS ដែលចូលរួមសរសេររបាយការណ៍ខាងលើ បានលើកឡើងថា លទ្ធផលតួលេខបានបង្ហាញថា ពេលវេលាអាសន្នខ្លាំងណាស់ ពិភពលោកត្រូវតែជជែកគ្នារកវិធីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យខាងតែបាន។ លោកស្រី Valérie Masson-Delmotte អ្នកជំនាញអាកាសធាតុម្នាក់ទៀត បានអះអាងថា ការកើនឡើងកម្តៅផែនដីដែលបង្កមកពីសកម្មភាពមនុស្ស គឺវាបានបង្កើនហានិភ័យធ្ងន់ធ្ងរនៃវិបត្តិអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិកាន់តែកាចសាហាវ និងញឹកញាប់នៅទូទាំងពិភពលោក ដែលមានដូចជាទឹកជំនន់ គ្រោះរាំងស្ងួត រលកកំដៅមហាប្រល័យ និងភ្លើងឆេះព្រៃជើម។
គួរបញ្ជាក់ថា ការកើនឡើងកំដៅផែនដី គឺជាលទ្ធផលនៃឧស្ម័នផ្ទះកញ្ចក់ ដែលកាន់តែមានកម្រាស់ក្រាស់ ហ៊ំព័ទ្ធជុំវិញផែនដី។ ឧស្ម័នផ្ទះកញ្ចក់ ដែលភាគច្រើនផ្សំដោយឧស្ម័នកាបូនិកនោះ គឺភាគច្រើនលើសលប់ កើតចេញពីសកម្មភាពរបស់មនុស្ស តាមរយៈការប្រើប្រាស់ថាមពលហ្វូស៊ីល ដែលមានដូចជា ធ្យូងថ្ម ប្រេងឥន្ធនៈ និងឧស្ម័នជាដើម។ រវាងពីឆ្នាំ២០១៣ដល់២០២២ ការដុតចំហេះថាមពលហ្វូស៊ីល បានបញ្ចេញជាឧស្ម័នកាបូនិក ចំនួន ៥៣ពាន់លានតោនជាមធ្យមក្នុង១ឆ្នាំៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com