ជាតិ
អាជ្ញាធរ ផ្លាស់ប្តូរប្រព័ន្ធចរាចរនៅតំបន់ជុំវិញ​រង្វង់មូលកួចកាណុង ដើម្បីបញ្ចៀសការស្ទះ​ចរាចរណ៍
07, Jun 2024 , 10:14 am        
រូបភាព
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច កែសម្រួលប្រព័ន្ធចរាចរ​នៅតំបន់ជុំវិញ​ចំណុចរង្វង់​មូល​កួចកាណុង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់នេះ។

 
​រដ្ឋបាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា នៅចំណុចរង្វង់មូល​កួចកាណុង មាន​ការ​កកស្ទះជារៀងរាល់ថ្ងៃ ជា​ពិ​សេសនៅពេលព្រឹកចន្លោះពីម៉ោង ៧ ដល់ម៉ោង ៨កន្លះ ​និងពេលល្ងាច ពីម៉ោង ៤ កន្លះ​នាទី​ ដល់ម៉ោង ៧យប់​ ដែលជាហេតុធ្វើឱ្យប៉ះពាល់​ដល់​ការធ្វើ​ដំណើរ និង​សណ្តាប់ធ្នាប់សាធារណៈ។ ​រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ដូច្នេះ នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាល ចុះថ្ងៃទី៦ ខែមិថុនា។
 
ដើម្បី​សម្រួលដល់ការធ្វើដំណើររបស់​ប្រជាពលរដ្ឋ​ និងសមស្របតាមបទដ្ឋានបច្ចេកទេស រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ​កែសម្រួលប្រព័ន្ធចរាចរនៅតំបន់ជុំវិញ​ចំណុច​រង្វង់​មូល​កួចកាណុង ដោយ ដំឡើងភ្លើងសញ្ញាចរាចរ នៅចំណុចប្រសព្វរវាងផ្លូវលេខ៧០ និងមហាវិថីព្រះមុនីវង្ស។ 
 
អាជ្ញាធរ នឹង​ដាក់ខឿនបែងចែកទ្រូងផ្លូវលើមហាវិថីព្រះមុនីវង្ស​ចាប់ពីច្រមុះជ្រូករង្វង់មូល​កួច​កាណុង ដល់ផ្លូវលេខ៨០ ព្រមទាំង​រៀបចំផ្លូវឯកទិសលើផ្លូវលេខ៤៧ ទិសដៅឆ្ពោះទៅវត្តភ្នំ ចាប់ពីរង្វង់មូល​កួចកាណុង ដល់ផ្លូវលេខ៨០។ ចំណុចកែសម្រួលមួយទៀត គឺការរៀបចំផ្លូវទ្វេទិស មានទិសដៅទៅមក ចាប់ពីផ្លូវលេខ៨០ ដល់​រង្វង់មូលវត្តភ្នំ។ 
 
បើតាមរដ្ឋបាលរាជធានីភ្នំពេញ គម្រោង​នេះ នឹងដាក់ឱ្យដំណើរការសាកល្បង ចាប់ពីថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ២០២៤នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com